សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 19, 2011

ប្រទេស​បារាំង​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​សមាគម​មេធាវី​គ្មាន​ព្រំដែន​បារាំង​​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​ការពារ​ក្ដី​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលាក្ដី​ខ្មែរក្រហម​

  ប្រទេស​បារាំង​បាន​សម្រេច​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​២៦៧​០០០​ដុល្លារ​ ដល់​គម្រោង​សមាគម​មេធាវី​គ្មាន​ព្រំដែន​ បារាំង​ (ASF​ France)ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​ការពារ​ក្ដី​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គ​ជំនុំ​ជំ​រះ​ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ។​


​ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​នេះ​ សមាគម​មេធាវី​ ASF​ France​ បាន​ចូលរួម​តាំងពី​ឆ្នាំ​២០០៨​មក​ ក្នុង​ការ​ជួយ​ណែនាំ​ និង​តំណាង​ឱ្យ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ ដែល​មាន​បំណង​តាំងខ្លួន​ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០១​ និង​សំណុំរឿង​០០២​ ដែល​បាន​ដំណើរការ​ដោយ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ ។​ ប្រទេស​បារាំង​បាន​ជួយ​ដល់​គម្រោង​នេះ​ ចាប់តាំងពី​ដំបូង​មក​ម្ល៉េះ​ ។​

​ គម្រោង​គាំទ្រ​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី​នេះ​ ធ្វើ​ឡើង​ក្នុង​គោលដៅ​ជួ​ួ​យ​ទ្រទ្រង់​ដល់​ដំណើរការ​នៃ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ និង​ចូលរួម​ធ្វើ​ឱ្យ​បេសកកម្ម​សាលាក្ដី​នេះ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់​ ខ្ពស់​នៃ​របប​ខ្មែរក្រហម​។​ ម្យ៉ាងទៀត​ គម្រោង​នេះ​មាន​គោលដៅ​រួមចំណែក​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ និង​ធ្វើ​ឱ្យ​ មានការ​ទទួលស្គាល់​ស្ថានភាព​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ ។​  ការ​ទទួលស្គាល់​ជន​រង​គ្រោះ​គឺជា​លក្ខណៈ​ពិសេស​ មួយ​របស់​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​នេះ​ ដែល​អាច​ជួយ​ឱ្យ​ជន​រង​គ្រោះ​បាន​សម្ដែង​ និង​បាន​លើក​ឡើង​ពី​ការ​ឈឺចាប់​របស់​ខ្លួន​ ព្រមទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​នូវ​អង្គហេតុ​ និង​ក្នុង​ការ​ចោទប្រកាន់​ចំពោះ​បទឧក្រិដ្ឋ​នានា​ ។​
 
​ ដើម្បី​រៀបចំ​សំណុំរឿង​០០១​ និង​០០២​ ក្រុម​មេធាវី​បារាំង​ដែល​ជា​សមាជិកសមាគម​នេះ​ និង​ជា​អ្នកជំនាញ​ខាង​រឿង​ក្ដី​ ព្រហ្មទណ្ឌ​អន្ដរជាតិ​ បាន​ផ្លាស់​វេន​គ្នា​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​តាមដាន​សំណុំរឿង​របស់​ជន​រង​គ្រោះ​ ដោយ​ សហការ​ជាមួយ​ក្រុម​មេធាវី​ និង​អ្នក​ច្បាប់​ខ្មែរ​ ។​
​ក្នុង​ក្របខ័ណ្ឌ​សំណុំរឿង​០០១​ ក្រុម​មេធាវី​ទាំងនេះ​បាន​ជួយ​ណែនាំ​ និង​ការពារ​ក្ដី​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​២៨​នាក់​ ក្នុង​ចំណោម​ដើមបណ្ដឹង​ចូលរួម​ក្នុង​រឿង​ក្ដី​នេះ​ចំនួន​សរុប​ ៩៤​នាក់​ ។​

 សម្រាប់​រឿង​ក្ដី​ទី​២​ ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​ តាំងពី​ខែកក្កដា​ឆ្នាំ​២០១១​ ក្រុម​មេធាវី​នៃ​សមាគម​ ASF​ France​ បាន​ធ្វើ​ការងារ​នេះ​ជា​បន្ដ​ទៀត​ ដោយ​ជួយ​គាំពារ​ ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​ចំនួន​ ១​ ១៣០​នាក់​ ។​ ទន្ទឹម​នឹង​នេះ​ ប្រទេស​បារាំង​ក៏​បាន​ជួយ​គាំទ្រ​ផង​ដែរ​ដល់​អង្គការ​ ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ (Legal​ Aid​ of​ Cambodia)​ ដែល​តំណាង​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជាង​ ៥៦០​នាក់​  ក្នុង​សំណុំរឿង​០០២​ ។​ សូម​រំ​ឮ​កថា​ ៖​ ៤០%​នៃ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ត្រូវ​បាន​តំណាង​ដោយ​ ក្រុម​មេធាវី​បារាំង​-​ខ្មែរ​ ៕​








នគរវត្ត

No comments:

Post a Comment

yes