Saturday, November 12, 2011
ប៉ូលិសព័ទ្ធកុដិវត្តជម្ពូព្រឹក្សា ក្មេងស្រី២នាក់ចោទប្រកាន់សង្ឃ៦អង្គថារំលោភ ព្រះមេគណ និងធម្មការមិនព្រមផ្សឹក
ក្មេងស្រី២នាក់បាន ចោទប្រកាន់សង្ឃ៦អង្គពីបទរំលោភ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ វិច្ឆិកា ២០១១ វេលាម៉ោងប្រមាណពី៩និង៣០នាទីទៅម៉ោង១០យប់ នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមមន្ត្រីប៉ូលិសឱ្យដឹងថា ក្មេងស្រីទាំង២នាក់នេះ ម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៧ឆ្នាំ ។ តាមការចោទប្រកាន់ថា នាយប់ថ្ងៃទី១០ វិច្ឆិកា នោះ នៅក្នុងវត្តជម្ពូព្រឹក្សា មានរៀបចំពិធីបុណ្យអកអំបុក សំពះព្រះខែ និងមានជួលធុងបាស់ រាំលេងកម្សាន្តផង លុះនៅម៉ោងប្រមាណ៩និង៣០នាទីយប់ ក្មេងស្រីទាំង២នាក់ដើរទៅលេងនៅកែងព្រះវិហារ ក៏ត្រូវសង្ឃ១អង្គហៅទៅនិយាយលេងនៅខាងកើតព្រះវិហារ បន្ទាប់មក ក៏ចាប់ក្មេងស្រីទាំង២នាក់នេះចង រួចអូសទៅខាងជើងទីប៉ាឆា និងចាប់រំលោភតែម្តង។ បន្ទាប់មកនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រក៏មានការភ្ញាក់ផ្អើល ហើយឪពុកក្មេងស្រីបានប្តឹងសមត្ថកិច្ច និងក្រោយមកមានសង្ឃ២អង្គបានរត់ចេញពីវត្តទៅពួនសំងំនៅផ្ទះឈ្មោះមុំ ស្ថិតនៅខាងជើងវត្តប្រមាណ៥០ម៉ែត្រ ។ ពេលសមត្ថកិច្ចសាកសួរ សង្ឃទាំង២អង្គឆ្លើយថា មកពីភ្នំពេញ មកលេងបងប្អូន ទើបមកសឹងតាមផ្ទះបែបនេះ តែពេលសមត្ថកិច្ចសាកសួរម្ចាស់ផ្ទះបែរជាឆ្លើយផ្ទុយគ្នាថា មិនមែនសាច់ញាតិទេ ហើយក៏ពុំបានដឹងថា មានសង្ឃមកសឹងក្រោមផ្ទះដែរ។
ប្រភពព័ត៌មានដដែលបន្តថា ក្រោយពីមានការឆោឡោបែបនេះ សមត្ថកិច្ចក៏បានព័ទ្ធការពារនៅក្នុងវត្តរហូតដល់ព្រឹកថ្ងៃទី១១ វិច្ឆិកា និងចាប់បានកូនសិស្សលោកម្នាក់ដែលទិញស្រាបៀរយកទៅផឹកក្នុងកុដិ និងសារភាពថា បានផឹកជាមួយសង្ឃជាច្រើនអង្គ។ សមត្ថកិច្ចបានឱ្យក្មេងស្រីចង្អុលសង្ឃដែលធ្វើសកម្មភាពចាប់រំលោភកាលពីយប់ និងមានការចង្អុលសង្ឃចំនួន៥អង្គ។ ទោះបីជាបែបណា ព្រះមេគណ អនុគណ និងមន្ត្រីធម្មការមិនព្រមផ្សឹកតាមការចោទប្រកាន់នេះទេ ដោយទាមទារឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យឱ្យបានត្រឹមត្រូវ និងយកដីកាពីព្រះរាជអាជ្ញាទើបយល់ព្រម។ ការប្រទាំងប្រទើសតាមផ្លូវអាណាចក្រ និងពុទ្ធចក្រនេះ បានអូសបន្លាយរហូតដល់ម៉ោង៣និង១៥នាទីរសៀល ទើបសមត្ថកិច្ចយកដីកាពីព្រះរាជអាជ្ញាមកប្រគល់ដល់ចៅអធិការ ដែលជាព្រះមេគណផងដែរ តែព្រះអង្គបានសុំឱ្យបង្ហាញការធ្វើកោសល្យវិច័យលើក្មេងស្រីទាំង២នាក់សិន ទើបផ្សឹក។ ចំពោះកោសល្យវិច័យរបស់ពេទ្យវិញ បានបង្ហាញថា មានរបួស និងស្លាកស្នាមផ្លូវភេទប្រាកដមែន តែទុកពិនិត្យដល់ថ្ងៃចន្ទ ទី១៤ វិច្ឆិកា ទើបចុះហត្ថលេខា ដូច្នេះក៏មិនអាចយកជនសង្ស័យទៅបានដែរ។ រីឯប្រជាពលរដ្ឋជាពុទ្ធបរិស័ទប្រមាណ២០០នាក់ បានមកព័ទ្ធចោមរោមអត់បាយក្រហាយទឹកតាំងពីព្រឹកព្រលឹមទល់ល្ងាច រហូតដល់អ្នកខ្លះចង់ធ្វើបាតុកម្មចាប់លោកដោយខ្លួនឯងទៀតផង។
សង្ឃដែលត្រូវចោទប្រកាន់នេះមាន១-នាមខាត់ វណ្ណៈ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២-នាមឌុន សុខគា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ៣-នាមនៅ ទុត អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ សង្ឃទាំង៣អង្គនេះរៀននៅសាលាបាលីក្នុងវត្តជម្ពូព្រឹក្សា ហើយក្នុងចំណោមនេះមានសង្ឃ១អង្គសារភាពថា បានប្រព្រឹត្ត រីឯ២អង្គទៀត មិនបានសារភាពទេ។ ចំណែកសង្ឃ៣អង្គទៀតមិនត្រូវបានចោទប្រកាន់ទេ ដោយសារព្រះអនុគណរារាំងមិនឱ្យសាកសួរ។
ចំពោះសមត្ថកិច្ចវិញបានប្រាប់ឱ្យដឹងថា ក្មេងស្រីឆ្លើយថា សង្ឃ៤អង្គបានចាប់រំលោភពួកគេទាំងពីរនាក់ ដោយពេលម្នាក់ចាប់រំលោភ គឺ២នាក់ទៀត ជាអ្នកមើលផ្លូវ រហូតឪពុកបាត់កូនយូរពេកក៏ទៅតាម ទើបបែកការណ៍ និងមានការឆោឡោឡើង។ គិតត្រឹមវេលាម៉ោង៦ល្ងាចក្នុងថ្ងៃដដែលការប៉ុនប៉ងនាំខ្លួនសង្ឃជាប់ចោទមិនត្រូវបានព្រះមេគណអនុញ្ញាតទេ ដោយព្រះអង្គមិនព្រមចាប់ផ្សឹក និងមិនអនុញ្ញាតឱ្យចាប់ ព្រោះព្រះអង្គសំអាងថា ការចោទប្រកាន់រំលោភនោះ គ្រាន់តែជាការចោទពីភាគីម្ខាង ហើយមិនបានឃើញជាក់ស្តែង ជាទីកំបាំងមិនគួរឱ្យទុកចិត្តបានគឺមិនអាចផ្សឹកបានឡើយ។ ដោយឡែកសមត្ថកិច្ចក៏មិនអាចចាត់ការបែបណាមួយបានទេ តែក៏បានតម្រូវឱ្យមានការផ្តិតមេដៃធានាដល់សង្ឃជាប់ចោទមិនឱ្យបាត់ខ្លួនចេញពីវត្ត គឺត្រូវតែទទួលខុសត្រូវ។ តាមការកត់សម្គាល់ នេះជាលើកទី១ហើយដែលមានការវិវាទគ្នាបែបនេះ រវាងសមត្ថកិច្ច និងព្រះសង្ឃក្នុងនីតិវិធីឃាត់ខ្លួនបុគ្គលជាសង្ឃលើបទចោទប្រកាន់ពីការចាប់រំលោភ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes