Saturday, November 12, 2011
ប្លន់ផ្ទះលក់គ្រឿងសំណង់ ចោរ៥នាក់ប្រដាប់កាំភ្លើងអាកា២ដើមប្លន់បានជិត៥ពាន់ដុល្លារ និងរថយន្តវីហ្គោ
ផ្ទះលក់គ្រឿងសំណង់ មួយកន្លែង ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ត្រូវចោរមួយ ក្រុមមានគ្នាចំនួន៥ នាក់ ពាក់ឯកសណ្ឋានប៉ារ៉ាប្រដាប់ដោយកាំភ្លើងអាកាចំនួន២ដើមនិងពាក់ម៉ាស់ បានធ្វើសកម្មភាពចូលប្លន់វាយម្ចាស់ផ្ទះនិងកម្មករចំនួន២នាក់ឡើងទ្រោម ខ្លួន ព្រមទាំង ចងស្លាប សេកគំរាមបាញ់សម្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១០ វិច្ឆិកា ។ តាមប្រភពព័ត៌មានថា ក្រុមចោរប្លន់យកបានប្រាក់២លានរៀល ទូរស័ព្ទដៃ៤គ្រឿង ចិញ្ចៀនពេជ្រ១វង់ នាឡិការដាំត្បូង ពេជ្រ១ គ្រឿង ប្រាក់អាមេរិកចំនួន៤.៨០០ដុល្លារ កាបូបយួរ១ និងរថយន្តVIGO ពណ៌ខ្មៅ១គ្រឿង ហើយ បើកចេញ មកទិសខាងលិចគេចខ្លួនបាត់ដោយសុវត្ថិភាព។
លោកតែម ផាត មេឃុំគោករវៀងប្រាប់កោះសន្តិភាព ថា អ្នកដែលរងគ្រោះនៅក្នុងអំពើប្លន់រួម មាន១-ថៅកែលក់គ្រឿងសំណង់ឈ្មោះចក់ សុខផេង ភេទប្រុស ជាបុរសនៅលីវ ២-ឈ្មោះទី ផល ភេទស្រី អាយុ៤៦ឆ្នាំ ជាចុងភៅ ៣- ឈ្មោះ ថា សុខនី ភេទប្រុស អាយុ២២ឆ្នាំ អ្នកបើករថយន្ត ឱ្យថៅកែត្រូវបានក្រុមចោរចាប់ វាយដំលើរាងកាយនិងចងស្លាបសេកផ្អោប គ្នាទាំង៣នាក់ ។
លោកមេឃុំមានប្រសាសន៍បន្តថា ក្រុមចោរបានចាប់ថៅកែលក់គ្រឿងសំណង់វាយដោយស្វាយកាំភ្លើងនិងបាននាំចូល ទៅក្នុងបន្ទប់ថ្ម ។ បន្ទាប់មក បានចាប់កម្មករ២នាក់ទៀតវាយ ធ្វើបាបដែរ និងបានរើកកាយរបស់របរក្នុងផ្ទះ រប៉ាត់រប៉ាយ ដើម្បីរកទ្រព្យ សម្បត្តិដែលម្ចាស់ផ្ទះលាក់ទុកនោះ ។ សកម្មភាពប្លន់របស់ក្រុមចោរប្រហែលជា៣០នាទី ក្រោយពីយក បាននូវរបស់មាន តម្លៃខាងលើ ហើយនោះចោរដែល បិទមុខក៏បានប្រញាប់ឡើងជិះរថយន្តវីហ្គោរបស់ ថៅកែលក់ គ្រឿង សំណង់ បើកចេញ យ៉ាងប្រញាប់ទៅបាត់។
កម្មករឈ្មោះសុខនី ដែលបានរើបម្រាស់នឹងស្រាយចំណងរួចក៏រត់ចេញទៅកាន់ផ្ទះរបស់លោកកុយ ស៊ុយ មេភូមិឈូកដែលស្ថិតនៅចំងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ម្បីឱ្យក្រុមសមត្ថកិច្ច
មកជួយអន្តរាគមន៍ ។ ពេលដែលទទួលបាននូវព័ត៌មានពីលោកមេភូមិភ្លាម លោកមេឃុំ និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករវៀងបានចុះមកកាន់ផ្ទះកើតហេតុ ជាបន្ទាន់ផងដែរ ។
ហូតមកដល់ព្រឹកថ្ងៃទី១១ វិច្ឆិកា កំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងតែស្រាវជ្រាវ បន្តទៀត ដើម្បីស្វែងរកអត្តសញ្ញាណក្រុមចោរ ប្លន់ទាំងនោះយ៉ាងយកចិត្តទុកដាក់បំផុត ។ តាមអ្នករង គ្រោះ ឈ្មោះថា សុខនី ជាកម្មករបើករថយន្តបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងជាង៧យប់ថ្ងៃទី១០ វិច្ឆិកា ខ្លួនបានបើករថយន្តវីហ្គោពណ៌ខ្មៅចេញមកពីភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយជាមួយ ថៅកែដើម្បីឆ្ពោះ មកផ្ទះលក់គ្រឿងសំណង់វិញ សិ្ថតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើង ព្រៃ។ ខណៈពេលដែល មកដល់មុខផ្ទះខ្លួនបានចុះបើកទ្វាររបងឱ្យ្តថៅកែឈ្មោះសុខ ផេង បើកយកទៅទុកនៅខាងក្រោយផ្ទះ។ អ្នកបើកបរនិយាយថា គ្រាន់តែទៅដល់ដីឡូត៏ក្រោយផ្ទះភ្លាម ស្រាប់តែឮសូរសំឡេង ថៅកែ ស្រែក ឱ្យជួយព្រោះចោរកំពុងចាប់គាត់ ។ ពេលដែលស្តាប់ឮដូច្នេះខ្លួនបានរត់ទៅជួយ តែត្រូវ បាន ចោរ៣នាក់ មកស្ទាក់ដោយម្នាក់មានកាន់កាំបិតបុ័ងតោកាប់សំដៅលើរូបខ្លួន តែសំណាង ល្អបាន គេចផុត។ អ្នកបើកបរនេះរៀបរាប់បន្តទៀតថា ពួកចោរបានចាប់ខ្លួនជាប់ហើយវាយ ដំយ៉ាង យ៉ាង ខ្លាំងនិងបាន ចាប់ចងស្លាបសេកបណ្តើរយកទៅដាក់នៅក្នុងបន្ទប់ផ្ទះថ្ម ដោយចងស្លាបសេកផ្អោប ទៅក្រោយទាំង៣នាក់ ព្រមទាំងបិទទ្វារបន្ទប់និងបង្អួចជិត។ បន្ទាប់មកក្រុមចោរបាននាំគ្នាធ្វើសកម្ម ភាពរើកកាយក្នុងផ្ទះយ៉ាង យូររួចគេចខ្លួន យករថយន្តវីហ្គោរបស់ថៅកែបើកចេញទៅទិសខាងលិច បាត់ស្រមោល ។ បន្ទាប់ពីស្ងាត់ខ្លួនបានប្រឹងរើបំរាស់រហូតរបូតចំណងនិងបានស្រាយ ចំណងរួច ទាំងអស់គ្នា ហើយខ្លួនបានរត់ទៅផ្ទះលោកមេភូមិឱ្យជួយអន្តរាគមន៍ ។
លោកវរសេនីយ៍ត្រីហេង វុទ្ធី អធិការនគរបាលស្រុកជើងព្រៃប្រាប់ឱ្យដឹងដែរថា នៅក្រោយកើត ហេតុ ពេលដែលក្រុមចោរចេញទៅផុតបន្តិច ត្រូវបានកំលាំងនគរបាលរាប់សិបនាក់បានចុះ ទៅដល់ ផ្ទះកើតហេតុ ដើម្បីជួយការពារសុវត្ថិភាពដល់ម្ចាស់ផ្ទះនិងកម្មករ២នាក់ដែលរង គ្រោះដោយ ចោរ វាយ។ ជាមួយនោះបានបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទចុះរុករកក្នុងព្រ ៃនៅតំបន់ជុំវិញផ្ទះលក់គ្រឿងសំណង់តាំងតែពីពេលយប់រហូតទល់ភ្លឺ ដើម្បីស្វែងតាមរករថយន្តវីហ្គោដែលចោរប្លន់យកជិះ ទៅបាត់នោះ ។ ជាមួយនោះដែរ លោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការនគរបាលខេត្ត និង លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តបានបញ្ជាដល់កំលាំងអធិការដ្ឋានស្រុក បាធាយនិងស្រុកមួយចំនួនទៀតឱ្យត្រៀមកំលាំងរង់ចាំឃ្លាំមើលតាមដងផ្លូវ ជាតិលេខ៧និងលេខ៦ ប៉ុន្តែមិនបានប្រទះឃើញរថយន្តណាមួយគួរឱ្យសង្ស័យនោះទេ ដែលតាមការសន្និដ្ឋានរថយន្តនោះ អាចត្រូវចោរបើកទៅលាក់ទុកនៅកន្លែងណា មួយនៅក្នុងទឹកដី ស្រុកជើងព្រៃ ប៉ុន្តែរហូតមកដល់ម៉ោង១រសៀលថ្ងៃទី១១វិច្ឆិកានៅតែមិនមានពន្លឺណា មួយនៅឡើយ ៕
ពីគេហទំព័រ៖កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes