អគារផ្នែកវេចខ្ចប់របស់រោងចក្រកាត់ដេរ ខេមបូហែនសាំ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាទៀបភ្លឺដែលការឆាបឆេះនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីទុស្សេខ្សែភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ វិច្ឆិកា ២០១១ នៅក្នុងរោងចក្រកាត់ដេរ ខេមបូហែនសាំ ដែលមានទីតាំងស្ថិតនៅក្បែរបុរីសែនមនោរម្យ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុនោះ ក្នុងរោងចក្រខាងលើ មិនមានកម្មករ កម្មការិនីធ្វើការនោះទេ គឺមានតែក្រុមសន្តិសុខយាមនៅទីនោះប៉ុណ្ណោះ ហើយភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីអគារវេចខ្ចប់នោះយ៉ាងសន្ធោសន្ធៅ។ ពេលនោះគេឃើញរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ទៅបាញ់ទឹកពន្លត់រហូតដល់រលត់ គឺរថយន្តរបស់កងពល ង.៧០ ចំនួន២គ្រឿង ចេញទៅបង្ក្រាបភ្លើងមុនគេ និងរថយន្តរបស់ប៉ូលិស២គ្រឿងហើយបាញ់ទឹកអស់១២ស៊ីទែន។ ផលិតផលនៅក្នុងអគារត្រូវរងនូវការខូចខាតតិចតួចទេ គឺភាគច្រើនឆេះតែខោលីអូ (ខោក្នុង)។ រីឯសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅកាន់កន្លែងកើតហេតុដែរ ប៉ុន្តែពុំទាន់មានការអះអាងជាផ្លូវការថា អគ្គិភ័យនោះបង្កឡើងដោយមនុស្សលួចដុត ឬក៏មូលហេតុអ្វីផ្សេងឡើយ ដោយសមត្ថកិច្ចបានសង្ស័យថា ទុស្សេខ្សែភ្លើងប៉ុណ្ណោះ ។ ប្រភពដដែលបានបន្តទៀតថា នៅក្នុងរោងចក្រមានការយាមកាមតឹងតែងខ្លាំងណាស់ ហើយក៏មានប្រព័ន្ធការពារអគ្គិភ័យទៀតផង ប៉ុន្តែភ្លើងនៅតែអាចឆាបឆេះបានដដែល ហើយសំណាងល្អណាស់ដែលមានរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាន់ពេលវេលា ទើបអាចគ្រប់គ្រងសភាពការណ៍បានមិនធ្វើឱ្យឆេះរាលទៅដល់អគារផ្សេងៗទៀត។
ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែលនាំឱ្យមានការឆាបឆេះនេះ។ដោយឡែកកម្មករម្នាក់បម្រើការងារនៅក្នុងរោងចក្រ ហើយបានឃើញហេតុការណ៍និយាយថា នៅក្នុងអគារផ្នែកវេចខ្ចប់នោះផ្ទុកទៅដោយផលិតផលសម្រេចដែលគេបញ្ជូនពីអគារផ្សេងៗទៅកាន់ទីនោះ ដើម្បីរៀបចំនាំចេញទៅក្រៅប្រទេស ហើយប្រសិនជាពន្លត់មិនទាន់នោះទេ ពិតជាមានការខាតបង់ធំធេងណាស់៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes