មន្ត្រីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថាវេទិកាថ្នាក់ខេត្តស្តីពី ការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជា បានប្រារព្ធធ្វើនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តំណាងឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ប្រធានក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តជាច្រើនរូបក៏បានចូលរួមផងដែរ។ ថ្លែងក្នុងពិធីទាំងពីរនោះឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការគាំពារសង្គម គឺជាមធ្យោបាយមួយ ក្នុងការធ្វើឱ្យសម្រេចបានគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការលើកកម្ពស់មូលធនមនុស្ស ហើយផលចំណេញ ដែលបានមកពីការវិនិយោគើលការគាំពារសង្គម គឺច្រើនលើសពីធនធានដែលយើងនឹងត្រូវចំណាយទៅទៀត។
ការគាំពារសង្គមជារបៀបវារះដ៏សំខាន់មួយនៃគោលនយោបាយតំបន់និងអន្តរជាតិ។ប្រការនេះបានកើតឡើង នៅពេលដែលមានការផ្ទុះឡើង នៃកលយុគសេដ្ឋកិច្ចសកល ស្បៀងអាហារនិងហិរញ្ញវត្ថុនា ឆ្នាំ២០០៨-២០០៩ ដែលបណ្តាឱ្យកើតមានផលប៉ះពាល់ដល់ប្រជាជនជាច្រើន នៅលើពិភពលោកតាមរយះការបង្កើនហានិភ័យសង្គមនិងសេដ្ឋកិច្ច ពិសេសចំពោះប្រជាជនដែលរស់នៅក្រោម ឬនៅក្បែរបន្ទាត់នៃភាពក្រីក្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានដោះស្រាយបញ្ហានេះ ដោយអន្តរាយគមន៍ផ្ទាល់ ចំពោះស្ថានការណ៍ចំពោះមុខប៉ុណ្ណោះទេ តែថែមទាំងបានធ្វើដំណើរឆ្ពោះទៅកាន់ដំណោះស្រាយជាលក្ខណ:ទូលំទូលាយ ស៊ីជម្រៅ ចម្រុះនិងជាប្រព័ន្ធ ដែលមានលទ្ធភាពក្នុងការពង្រឹងសមត្ថភាព បន្សាំនិងការងើបឡើងវិញពីកលយុគ ដែលនេះហើយគឺជាការរៀបចំបង្កើតឡើងនូវ “យុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជា។
ក្នុងភាពជាប្រទេសកំពុងអភិវឌ្ឍន៍មួយ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសកម្មភាពយ៉ាងជាក់ច្បាស់ ក្នុងការឆ្លើយតបទៅនឹងកលយុគ ក៏ដូចជាការបោះជំហានឈានមុខក្នុងការដោះស្រាយសម្រាលបន្ទុកនៃហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន។
ទោះបីក្នុងដំណាក់កាលដ៏លំបាក ដែលប្រទេសកម្ពុជា ត្រូវប្រឈមមុខនឹងហានិភ័យជាច្រើនប្រភេទក្តី ក៏ដំណើរបោះជំហានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងដោយឈរលើទស្សនវិជ្ជានៃការក្តាប់យកជីពចរសេដ្ឋកិច្ច និងការរក្សាអធិបតេយ្យជាតិ។ ការពង្រីកវិសាលភាពនៃការគាំពារសង្គម នឹងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររាំរ៉ៃ ការជួយជនក្រីក្រក្នុងការសម្របខ្លួនទៅនឹងវិបត្តិ ការបង្កើនមូលធនមនុស្ស ការលើកកម្ពស់វិជ្ជាជីវះ ការលើកកម្ពស់ផលិតភាព និងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថាយុទ្ធសាស្ត្រជាតិគាំពារសង្គម បានធ្វើការផ្សព្វផ្សាយជាផ្លូវការក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០១១ កន្លងមកបន្ទាប់ពីបានទទួលការសិក្សាពិគ្រោះយោបល់ពីគ្រប់ស្ថាប័នរដ្ឋ និងភាគីដៃគូពាក់ព័ន្ធអស់រយ:ជាងពីរឆ្នាំ និងបានទទួលការអនុម័តដើយគណ:រដ្ឋមន្ត្រីកាលពីថ្ងៃទី១៨ ខែមិនាឆ្នាំ២០១១។
ឯកឧត្តមបានបន្តថា យុទ្ធសាស្ត្រជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះជាយុទ្ធសាស្ត្រសម្របសម្រួល និងបង្កើតជាយុទ្ធសាស្ត្រតាមវិស័យ ដែលមានរៀបចុះចងក្រងឡើងនៅក្នុងបរិបទនៃគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍ និងអនុវត្តដោយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣។ ការគាំពារសង្គមគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍន៍ជាតិ ជួយដល់ការកាត់បន្ថយភាពក្រីក្រ បង្កើនតម្រូវការ និងការពង្រីកទីផ្សារ និងជួយដល់ការកសាងធនធានមនុស្សមានសុខភាពបរិបូរណ៍មានការសិក្សាចំណេះដឹង ជំនាញខ្ពស់ និងមានកម្លាំងផលិតភាពគ្រប់គ្រាន់។ ការគាំពារសង្គម គឺជាការឧបត្ថម្ភដែលផ្តល់ទៅដល់ប្រជាជន ដើម្បីដោះស្រាយទៅនឹងប្រភពចម្បងនានានៃភាពក្រីក្រ និងភាពងាយរងគ្រោះផង រួមបញ្ចូលនូវការរៀបចំ និងប្រើប្រាស់ឧបករណ៍ជាច្រើនប្រភេទដើម្បីការពារបុគ្គលគ្រួសារ និងសហគមន៍ពីផលវិបាកផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសង្គមដែលកើតឡើងពីហានិភ័យ ឬវិបតិ្តនិងស្ថានភាព ដែលធ្វើឱ្យកាន់តែក្រីក្រទាំងឡាយ ដើម្បីជួយពួកគេអាចចាកផុតពីភាពក្រីក្រ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមផ្តល់នូវអនុសាសន៍ និងចំនុចគន្លឹះៗជាច្រើនផងដែរនៅក្នុងវេទិកានេះ៕
No comments:
Post a Comment
yes