ភ្នំពេញ: លោក ហ៊ូ ជិនតាវ ( Hu Jintao ) ប្រធានាធិបតីចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់លោកប្រធានាធិបតីចិន ចាប់តាំងពីឆ្នាំ២០០០។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានាធិបតីចិន នឹងចុះហត្ថលេខាជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា លើកិច្ចព្រមព្រៀមសំខាន់មួយចំនួន។
តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ដ្ររបស់ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា នាថ្ងៃទី៣០មីនា ឆ្នាំ២០១២ បង្ហាញឲ្យឃើញពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរយ៉ាងស្អិតល្មួត ពីព្រោះបច្ចុប្បន្នអ្នកវិនិយោគចិនដ៏សន្ធឹកសន្ធាប់ បានកំពុងចូលមកបណ្ដាក់ទុននៅកម្ពុជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ រ៉ែ កសិកម្ម រោងចក្រកាត់ដេរ និងរោងម៉ាស៊ីនកិនស្រូវ បន្ទាប់ពីកម្ពុជាមានគម្រោងនាំផលិតផលអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងមួយឆ្នាំឲ្យបានមួយលានតោន និងនាំផលិតផលកសិផលជាច្រើនមុខទៀតចូលទៅកាន់ទីផ្សាររបស់ប្រទេសចិនដ៏ធំមួយនេះ។
លោក ផាន ក្វាងសៀ ( Pan Quangxue ) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូនល្អ អ្នកជិតខាងល្អ និងជាដៃគូល្អ ដែលជានិច្ចកាលកម្ពុជា-ចិន គាំទ្រគ្នាទៅវិញទៅមក ហើយមានកិច្ចសហការល្អ ចិនតែងតែផ្ដល់ជំនួយមួយចំនួនមកកម្ពុជា តាមលទ្ធភាពរបស់ខ្លួន ដូចជា ការផ្ដល់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ វារីអគ្គិសនី ធារាសាស្ដ្រ៘
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ជំនួយចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍប្រទេសជាតិកម្ពុជាប៉ុណ្ណោះទេ គឺជួយដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត។
ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ផងដែរថា ភាគីរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រចិនយ៉ាងពេញទំហឹង ( គោលនយោបាយចិនតែមួយ ) ដូចជា បញ្ហាតៃវ៉ាន់ ទីបេត៍ បញ្ហាសមុទ្រចិនខាងត្បូង ដែលភាគីរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវភាពយុត្តិធម៌បំផុត គាំទ្រដល់ប្រទេសចិន។ ដោយសារតែភាគីទាំងពីរ មានទំនាក់ទំនងទ្វេភាគីធំទូលាយ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរបានល្អ ដូចជាកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ សុទ្ធតែទទួលបានការរីកចម្រើន ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងទៀតថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានអញ្ជើញទៅចូលរួមការតាំងពិព័រណ៍លើកទី៦ នៅណាននីញ កាលពីឆ្នាំ២០១១ ហើយជាអ្នកដឹកនាំនៅអាស៊ាន ដែលបានចូលរួមពិព័រណ៍នៅណាននីញច្រើនជាងគេ។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកវិស័យពាណិជ្ជកម្ម និងវិនិយោគ លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា នៅឆ្នាំ២០០០ ទំហំពាណិជ្ជកម្មចិន-កម្ពុជា មានទឹកប្រាក់ត្រឹមតែ ២២៤ លានដុល្លារ ក៏ប៉ុន្តែនៅឆ្នាំ២០១១ បានកើនឡើងទៅដល់ ២.៤៩៩ លានដុល្លារអាមេរិក កើនឡើង ១១ដង។ កំណើននេះ បើគេប្រៀបធៀបប្រទេសចិន ទៅនឹងប្រទេសអាស៊ានឯទៀត គឺកម្ពុជាមានកំណើនខ្ពស់។ លោកបន្តថា សព្វថ្ងៃ ប្រទេសចិន មានអ្នកវិនិយោគទុនចូលមកប្រទេសកម្ពុជាច្រើនជាងបណ្ដាប្រទេសនៅក្នុងតំបន់នោះ ដោយសារតែប្រទេសទាំងពីរជាដៃគូសហការគ្រប់ជ្រុងជ្រោយជាមួយគ្នា។
លោក ផាន ក្វាងសៀ បានបញ្ជាក់ទៀតថា យោងតាមរបាយការណ៍ស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា ជំនួយចិន សម្រាប់ការសាងសង់ផ្លូវមានប្រវែង ១.៨០០ គីឡូម៉ែត្រ វារីអគ្គិសនីធំៗចំនួន៦ ដែលសាងសង់ឡើងតាម BOT ហើយមានវារីអគ្គិសនីពីរដាក់ឲ្យដំណើរការ គឺវារីអគ្គិសនីគិរីរម្យ និងវារីអគ្គិសនីនៅកំចាយ ហើយវារីអគ្គិសនីចំនួន ៤ទៀត កំពុងដំណើរការសាងសង់ ដែលនឹងដាក់ឲ្យដំណើរការប្រើប្រាស់នៅឆ្នាំ២០១៥ ហើយចិនកំពុងសាងសង់ប្រព័ន្ធធារាសាស្ដ្រចំនួន៣ ដែលអាចនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៣ ចិនសាងសង់ស្ពានសំខាន់ចំនួន២ គឺស្ពានមួយឆ្លងកាត់ទន្លេមេគង្គ និងស្ពានមួយទៀតឆ្លងកាត់ទន្លេសាប ( ស្ពានជ្រោយចង្វាថ្មី )។ កម្ពុជា-ចិន សហការសាងសង់តំបន់ពាណិជ្ជកម្មពិសេស នៅខេត្តព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការរួចហើយ ដែលមានសហគ្រាសធំៗចំនួន៨ ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ ហើយចិនមានក្រុមហ៊ុនជាច្រើនទៀតដែលកំពុងបណ្ដាក់ទុននៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា តាមស្ថិតិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងឆ្នាំ២០១១ មានក្រុមហ៊ុនចិនចូលមកបណ្ដាក់ទុននៅកម្ពុជាមានចំនួន ៣៧១ ក្រុមហ៊ុន ដែលមានសាច់ប្រាក់វិនិយោគ ៨.៩១០ ដុល្លារអាមេរិក ស្មើនឹង ៣៦,១ ភាគរយ សហគ្រាសចិនដែលចូលមកវិនិយោគទុននៅកម្ពុជា ផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី កសិកម្ម រ៉ែ តំបន់សេដ្ឋកិច្ចពិសេស រោងម៉ាស៊ីនកិនស្រូវ៘
ចំពោះជំនួយដែលរដ្ឋាភិបាលចិនផ្ដល់មកកម្ពុជា លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ជំនួយឥតសំណង ដែលចិនផ្ដល់មកកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៦ មានចំនួនទឹកប្រាក់ ៤.៣៦០ លានយាន់ ប្រាក់កម្ចីឥតការប្រាក់ ១.៤៣០ លានយាន់។
លោកឯកអគ្គរដ្ឋទូតចិន ក៏បានបន្ថែមថា រយៈពេលកន្លងមកនេះ ចិនបានផ្ដល់ឥណទានសម្បទាន និងជំនួយសេដ្ឋកិច្ចដល់កម្ពុជា ជួយប្រជាជនកម្ពុជា សាងសង់ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ការអនុវត្តគម្រោងទាំងនេះ ជំរុញសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន បង្កឲ្យមានការងារធ្វើ និងលើកកម្ពស់ជីវភាពប្រជាជនបានមួយកម្រិតផងដែរ។ ថ្មីៗនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងឆាប់រហ័ស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែទូលំទូលាយជាលំដាប់។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាខែតុលា ឆ្នាំ២០១១ វិនិយោគទុនបរទេសរយៈពេល ១៧ឆ្នាំ (១៩៩៤ - ២០១១) មានទឹកប្រាក់វិនិយោគសរុបរបស់ចិន ចំនួន ៨.៨០០ លានដុល្លារអាមេរិក ក្លាយជាប្រទេសវិនិយោគទុនធំផុតនៅកម្ពុជា ក្នុងនោះ ៩០ភាគរយ ទទួលបានអាជ្ញាប័ណ្ណវិនិយោគនៅឆ្នាំ២០០០ - ២០១១ ដែលបញ្ជាក់ឲ្យឃើញថា បរិស្ថានវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង។
លោកឯកអគ្គរដ្ឋទូតចិន បានបន្ថែមថា ប្រទេសចិន មិនត្រឹមតែជាប្រទេសវិនិយោគទុនធំជាងគេរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាប្រទេសផ្ដល់ជំនួយដ៏សំខាន់របស់កម្ពុជាផងដែរ។
ថវិកាជាតិឆ្នាំ២០១២ របស់កម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១២ ប្រទេសកម្ពុជា មានគម្រោងស្នើសុំឥណទានពីប្រទេសជាដៃគូក្នុងរង្វង់ទឹកប្រាក់ ១.២២៥ លានដុល្លារអាមេរិក ហើយប្រទេសចិនមានគម្រោងផ្ដល់ឥណទានឲ្យកម្ពុជាក្នុងរង្វង់ទឹកប្រាក់ ៧៦៧ លានដុល្លារអាមេរិក ប្រហែល ៦២ភាគរយ នៃថវិកាឥណទានសរុប ដែលជាទឹកប្រាក់ដ៏ច្រើនជាងគេសម្រាប់ផ្ដល់ជូនកម្ពុជា។
ពីឆ្នាំ១៩៩២ - ២០១១ ចិនបានផ្ដល់ជំនួយឥតសំណង ឥណទានគ្មានការប្រាក់ ឥណទានសម្បទានសរុបជិត ២.១០០លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលបានវាយតម្លៃថា ជំនួយដែលចិនផ្ដល់ឲ្យកម្ពុជាស្របតាមសេចក្ដីត្រូវការ ហើយក៏ជាជំនួយទាន់ពេលបំផុតដែលឥតភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់។ ជំនួយទាំងនេះពង្រឹងនូវអធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា ជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងមានសារសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ព្រមទាំងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត។
យោងតាមស្ថិតិក្រសួងពាណិជ្ជកម្មចិន គេបានឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១០ ក្រោយពេលបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន មក ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន-កម្ពុជា កាន់តែជិតស្និទ្ធថែមទៀត។ នៅឆ្នាំ២០១០ ក្រៅពីវិស័យហិរញ្ញវត្ថុ សហគ្រាសចិនបានវិនិយោគដោយផ្ទាល់នៅកម្ពុជា សរុបទឹកប្រាក់ ៣៩៥ លានដុល្លារអាមេរិក កើនជាងឆ្នាំមុន ៨៣ ភាគរយ។ មកដល់ចុងខែកក្កដា ឆ្នាំ២០១១ សហគ្រាសចិនមកវិនិយោគដោយផ្ទាល់នៅកម្ពុជា (ក្រៅពីវិស័យហិរញ្ញវត្ថុ) សរុបទឹកប្រាក់ ១.២០០ លានដុល្លារអាមេរិក។
ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា បច្ចុប្បន្នអាណិកជនចិនរស់នៅកម្ពុជាមានប្រមាណជាង ១លាននាក់ ស្មើនឹងប្រហែល ១០ភាគរយ នៃប្រជាជនសរុប ក្នុងនោះ ៨០ភាគរយ ប្រកបរបរពាណិជ្ជកម្ម។ ពួកគេបានក្ដោបក្ដាប់សេដ្ឋកិច្ចមួយផ្នែកធំនៅកម្ពុជា ( មានសារព័ត៌មានរាយការណ៍ថា អត្រានេះមានលើស ៧០ ភាគរយ ) ដែលជាចន្ទល់ទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់។
នៅខែតុលា ឆ្នាំ២០១១ កម្ពុជាបានប្រារព្ធសន្និសីទស្ដីពី “សក្ដានុពលវិនិយោគ និងទស្សនវិស័យពាណិជ្ជកម្មកម្ពុជា” នៅមជ្ឈមណ្ឌលពិព័រណ៍ចិន-អាស៊ាន នាក្រុងណាននីញ។ ក្នុងសន្និសីទនេះ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តវិនិយោគិនចិនចូលមកវិនិយោគ ជាពិសេសលើវិស័យកសិកម្ម រួមមាន រោងចក្រ ម៉ាស៊ីនកិនស្រូវ ការនាំចេញអង្ករ ឧស្សាហកម្មកៅស៊ូ ដំឡូងមី ជាដើម។
បច្ចុប្បន្នវិនិយោគិនចិន ដែលចូលមកវិនិយោគនៅកម្ពុជា ភាគច្រើនជាសហគ្រាសធុនតូច និងមធ្យម។ បើប្រៀបធៀបនឹងសហគ្រាសរដ្ឋធំៗរបស់ចិន សហគ្រាសធុនតូច និងមធ្យមមានប្រៀបច្រើនជាងលើយន្ដការវិនិយោគ និងការសម្រេចចិត្តប្រកបដោយភាពរស់រវើក ទុនវិនិយោគក៏មានចំនួនតិចជាង ងាយស្រួលចាប់ផ្ដើមផ្លាស់ប្ដូរ និងបញ្ចប់អាជីវកម្ម ហើយក៏អាចសម្របទៅតាមបម្រែបម្រួលដ៏ឆាប់រហ័សរបស់ទីផ្សារកម្ពុជា ដែលមានគោលនយោបាយផ្លាស់ប្ដូរតាមសភាពជាក់ស្ដែង៕
No comments:
Post a Comment
yes