សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 8, 2012

ពលរដ្ឋ​ចោទ​បក្ស​សិទ្ធិ​មនុស្ស​ថា​យក​រូប​ថត​បិទ​នៅ​ទី​សាធារណៈ​

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ថា បាន​យក​រូបថត​របស់​ពួកគេ​បិទ​ជា​សាធារណៈ​បង្ហាញ​ថា ពួកគេ​ជា​សមាជិក​គណបក្ស​នោះ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែក​តានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ចំពោះ​ករណី​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​សុំ​ឲ្យ​បក​រូបថត និង​ឈ្មោះ​របស់​ពួកគាត់​ចេញ​ពី​តារាង​មួយ​ដែល​មន្ត្រី​គណបក្ស​នេះ បាន​បិទ​បង្ហាញ​នៅ​ក្នុង​បឋមសិក្សា​ចាក់អង្រែលើ។

ស្ត្រី​ឈ្មោះ គ្រុយ ផល ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តានូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មីនា ថា ក្នុង​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​នេះ មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​មូលដ្ឋាន​របស់​គាត់ និង​ក្រុម​ការងារ​គណបក្ស​នេះ​ដែល​គាត់​មិន​ស្គាល់​ឈ្មោះ បាន​ទៅ​បញ្ចុះបញ្ចូល​ពួកគាត់​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ។ គាត់​បន្ត​ថា ក្រុម​ការងារ​គណបក្ស​នេះ​បាន​សុំ​ឈ្មោះ និង​រូបថត​ពី​ពួកគាត់ ប៉ុន្តែ​បែរ​ជា​យក​ទៅ​បិទ​បង្ហាញ​នៅ​លើ​ក្ដារខៀន​ក្នុង​ទីធ្លា​សាលា​បឋមសិក្សា​ចាក់អង្រែលើ​ទៅ​វិញ។
ស្ត្រី​ឈ្មោះ គ្រុយ ផល៖ «ខ្ញុំ​មិន​ទាន់​ហ៊ាន​ទៅ​បក​ផង ប៉ុន្តែ​ប្អូន​ថ្លៃ​ខ្ញុំ​វា​លួច​ទៅ​បក ២​នាក់​ប្ដី​ប្រពន្ធ​វា​ភ័យ​ពេក​នោះ។ ហើយ​ទៅ​ល្ងាច​មិញ​អា​អ្នក​ចុះ​កត់​ឈ្មោះ​នោះ ថា​សុំ​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ​មក​វិញ​មក ហេតុ​អី​បាន​យក​ខ្ញុំ​ទៅ​ឈរ​ឈ្មោះ​អ៊ីចឹង ព្រោះ​អី​ខ្ញុំ​ចុះ​ឈ្មោះ​អត់​មាន​ថា ឈរ​តំណាង​អី​មួយ​ទេ ហេតុ​អី​យក​រូបថត​ខ្ញុំ​ទៅ​តាំង​អ៊ីចឹង»
ពលរដ្ឋ​ម្នាក់​ទៀត​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ទង្វើ​នេះ​អាច​ប៉ះពាល់​ដល់​ការ​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង​របស់​ពួកគាត់៖«គណបក្ស​ប្រជាជន​ទៅ​ឃើញ​ថា​ផ្អើល​ថា ឥឡូវ​ជិត​បាន​លុយ​គេ​ឲ្យ​ចេញ​ហើយ​នោះ ផ្ទះ​ហ្នឹង​ដល់​ទៅ​ធ្វើ​អ៊ីចឹង​ពួក​ខ្ញុំ​ហ្នឹង​កុន​ហើយ ខែ​៧​ខែ​អី​នេះ គេ​ដោះ​ដូរ​ដី​ហ្នឹង​ឲ្យ​យើង​ចេញ​ហើយ​ដល់​តែ​បិទ​មុខ​មាត់​ខ្ញុំ​អ៊ីចឹង​ទៅ ខ្លាច​គណបក្ស​ប្រជាជន​គេ​អត់​ជួយ​ខ្ញុំ»
បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​នេះ​ក្ដី លោក យ៉ែម ប៉ុញ្ញឬទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ច្រាន​ចោល​ចំពោះ​ការ​អះអាង​របស់​ពលរដ្ឋ​ដូច្នេះ។ 
លោក​បាន​បន្ត​ថា ទាំង​នេះ​ពុំ​មែន​ជា​គោលការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ៖ «យើង​នឹង​ឲ្យ​មន្ត្រី​គណបក្ស​តាមដាន​មើល​ថា នរណា​ហ៊ាន​ធ្វើ​កិច្ចការ​ហ្នឹង ឬ​មួយ​ក៏​ជន​ខិលខូច មន្ត្រី​ខិលខូច​ប្រើ​កលល្បិច​ឧបាយកល​ដ៏​ខ្មៅ​កខ្វក់​ហើយ​បង្ខូច​ឈ្មោះ​គណបក្ស​សិទ្ធិ​មនុស្ស។ អ្នក​ដែល​អាច​មាន​រូបថត​ពួកគាត់​នោះ​មាន​ច្រើន​កន្លែង​ណាស់ មិន​ប្រាកដ​ជា​បក្ស​សិទ្ធិ​មនុស្ស​ទេ ដូច្នេះ​រឿង​ទាំងអស់​នេះ យើង​គ្មាន​ផែនការ គោលការណ៍​ធ្វើ​នយោបាយ​គំនិត​ខ្មៅ​កង្វក់​ហើយ​បោក​ប្រាស់​អ៊ីចឹង​ទេ»
ចៅ​សង្កាត់​ចាក់​អង្រែ​លើ លោក កែវ សាវឿន បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​ព័ត៌មាន​នេះ​ទេ។
ទាក់ទង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា (គ.ជ.ប.) លោក ទេព នីថា បាន​ពន្យល់​ថា ក្នុង​ពេល​នេះ​គឺ​ជា​ដំណាក់​កាល​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ហើយ​ការ​យក​រូប​បេក្ខជន​ឈរ​ឈ្មោះ​បិទ​បង្ហាញ​នោះ គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ប្រសិន​ជា​ពលរដ្ឋ​ធម្មតា​ត្រូវ​បាន​គេ​យក​រូបថត​បិទ​ដូច្នេះ​គឺ​ជា​រឿង​មិន​ប្រក្រតី​ឡើយ។
លោក ទេព នីថា៖ «ក្នុង​ករណី​នេះ​មិន​ដឹង​នរណា​យក​ទៅ​បិទ​ទេ មាន​ចេតនា​នយោបាយ​អី​មិន​ដឹង​ទេ។ រឿង​នេះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់។ គាត់​អាច​ប្ដឹង​អ្នក​ដែល​រំលោភ​យក​រូបថត​គាត់​ទៅ​បិទ​ប្ដឹង​ទៅ​តុលាការ​តែម្ដង។ ធម្មតា​គាត់​អត់​ដឹង​ផង គាត់​យក​រូបថត​ទៅ​បិទ​អី បង្ហាញ ព្រោះ​ថា​ការ​ចូល​ទៅ​គណបក្ស​ណា​មួយ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ហើយ​ក៏​គាត់​មាន​សិទ្ធិ​ប្រាប់​ឲ្យ​គេ​ដឹង​គាត់​មាន​សិទ្ធិ​មិន​ចង់​ឲ្យ​គេ​ដឹង​ដែរ។ នេះ​ជា​សិទ្ធិ​របស់​គាត់​ស្រប​ច្បាប់ អ៊ីចឹង​កាល​ណា​យក​អ្វី​ដែល​គាត់​ចង់​ផ្សាយ​មក​លាត​ត្រដាង​វា​ខុស​ច្បាប់​ហើយ»
នៅ​មុន​ពេល​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជា​រឿយៗ​តែងតែ​មានការ​ចោទ​ប្រកាន់​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ ក្នុង​ការ​អូស​ទាញ ឬ​ក៏​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ជា​សមាជិក​របស់​គណបក្ស​នយោបាយ។ ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន នៅ​ពេល​ណា​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ថា ខ្លួន​ជា​សមាជិក​គណបក្ស​ណាមួយ​នោះ។
បន្ទាប់​ពី​ប្រតិកម្ម​ដូច្នេះ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា ក្ដារខៀន​ដែល​គេ​បិទ​រូបថត​ពួកគាត់​នោះ ត្រូវ​បាន​គេ​លួច​លើក​ចេញ​ពី​បរិវេណ​សាលា​បឋម​សិក្សា​ចាក់​អង្រែលើ ហើយ​មិន​ដឹង​យក​ទៅ​ណា​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៧ មីនា។ 
គ.ជ.ប. បាន​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ នឹង​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២៕

អាស៊ីសេរី

No comments:

Post a Comment

yes