សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

ការងារ​ការពារ​ធនធាន​ធម្មជាតិ និង​ព្រៃ​ឈើ​ក្រោយ​មរណភាព​លោក ឈុត វុទ្ធី

2012-04-29
សកម្មជន​ការពារ ព្រៃឈើ​ជា​ច្រើន​បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​លាយ​ឡំ​នឹង​ការ​ភ័យ​ខ្លាច​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។
RFA/Uon Chhin
២៦-មីនា-២០១២៖ ឈើ​ដែល​គេ​កាប់​អារ​រួច​មួយ​ចំនួន 
ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។

ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​សង្គម​ស៊ី​វិល​គិត​ថា ប្រជាពលរដ្ឋ និង​សកម្មជន​ការពារ​ព្រៃ​ឈើ នៅ​តែ​មាន​ភាព​អង់អាច​ក្លាហាន​ដើម្បី​ការពារ​ព្រៃឈើ​នៅ​កម្ពុជា។
មាន​សំណួរ​ជា​ច្រើន​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ថា​តើ​ព្រៃ​ឈើ​នៅ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា?
ស្រប​ពេល​គ្នា​នេះ​ក៏​មាន​សកម្មជន​ការពារ​ព្រៃឈើ និង​អ្នក​ធ្លាប់​​ធ្វើការ​ជា​មួយ​លោក ឈុត វុទ្ធី សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​ស្រលាញ់ និង​ការពារ​ព្រៃឈើ។ ការ​ប្ដេជ្ញា​ចិត្ត​នេះ បាន​ធ្វើ​ឡើង​លាយ​ឡំ​នឹង​ភាព​ភ័យ​ខ្លាច ដោយ​បាន​ឃើញ ការ​សម្លាប់​របស់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។
លោក ហឿន សុភាព សកម្មជន​ការពារ​ធនធាន​ធម្មជាតិ មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ចូល​រួម​ធ្វើ​ការ​យ៉ាង​សកម្ម ជាមួយ​លោក ឈុត វុទ្ធី​អស់​រយៈ​ពេល​ជិត ៦ ឆ្នាំ ក្នុង​ការ​តវ៉ា និង​ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។
ពេល​នេះ​លោក​ហាក់​មាន​ភាព​រអា​បន្តិច​ដែរ ដោយ​បាន​ឃើញ​អ្នក​ក្លាហាន និង​ស្រលាញ់​ធនធាន​ធម្មជាតិ ត្រូវ​បាន​គេ​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌។ ប៉ុន្តែ លោក​នៅ​តែ​បង្ហាញ​ពី​ជំហរ​រឹង​មាំ​របស់​លោក។
លោក ហឿន សុភាព៖ «ការ​ភ័យ​ខ្លាច វា​ចេះ​តែ​មាន​ហើយ​បង ព្រោះ​មនុស្ស​ម្នាក់ៗ​ យើង​តែង​តែ​រក​សេចក្ដី​សុខ​រហូត ប៉ុន្តែ​ខ្ញុំ​តាំង​អារម្មណ៍​ថា ប្រសិន​បើ​យើង​នៅ​តែ​ខ្លាច​រហូត គឺ​ហាក់​ដូច​ជា​យើង​ចុះ​ចាញ់​ទាំង​ស្រុង អីចឹង​ខ្ញុំ​ព្យាយាម​ថា​មិន​ភ័យ​ខ្លាច ដោយ​រឿង​ហេតុ​កើត​ឡើង​ដូច្នេះ​ទេ មាន​ជំហរ​រឹងមាំ​បន្ត​ទៅ​ទៀត ដើម្បី​ឲ្យ​ប្រជា​ជន​យើង​ចូល​រួម​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ការ​ការពារ​ធនធាន​ ធម្មជាតិ»។
លោក​បន្ត​ថា សកម្មភាព​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា នឹង​នៅ​តែ​បន្ត​កើត​មាន​កាន់​តែ​ច្រើន ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ជឿជាក់​ថា បន្ទាប់​ពី​លោក ឈុត វុទ្ធី​នឹង​មាន​អ្នក​ស្នង​តំណែង និង​មាន​ភាព​ក្លាហានដូចជា​លោក វុទ្ធី ​ដើម្បី​លាត​ត្រដាង​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​បន្ត​ទៀត។
ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក​ស្រី គង់ នាម ប្រជាពលរដ្ឋ និង​ជា​សកម្មជន​ការពារ​ព្រៃឈើ​យ៉ាង​សកម្ម​ម្នាក់ នៅ​ភូមិ វាល ឃុំ ដង​កាំបិត ស្រុក​សណ្ដាន់ មាន​ប្រសាសន៍​ថា លោក​ស្រី​នៅ​តែ​បន្ត​ការ​តវ៉ា​រឿង​ព្រៃ​ឈើ ជាមួយ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដើម្បី​ពួត​ដៃ​គ្នា ការពារ​សម្បត្តិ​ធម្មជាតិ។
លោក​ស្រី គង់ នាម៖ «ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​បាន​ដែរ​ទេ ដូច​ភូមិ​ខ្ញុំ​វិញ ដូច​ថា​អាជ្ញាធរ​ភូមិ ឃុំ​គេ​និយាយ​អី​គេ​គាប​សង្កត់​រហូត គេ​ឈូស​ចេះ​តែ​ឈូស​ហើយ ការពារ​ចេះ​តែ​ការពារ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ ខ្ញុំ​ស្រលាញ់​ទឹក​ដី ស្រលាញ់​ព្រៃ​ឈើ ហើយ​ថា​ខ្ញុំ​​បើ​គេ​លួច​បាញ់​ខ្ញុំ​ដូច ឈុត វុទ្ធី អីចឹង​ក៏​ខ្ញុំ​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ឲ្យ​តែ​ស្លាប់​ដោយ​សា​ទឹក​ដី»។
ចំណែក​លោក យឿន សាងឿន យោធិន​ពិការ​នៅ​ខេត្ត​កំពត ដែល​បាន​តាម​ដាន និង​ធ្លាប់​រាយការណ៍​អំពី​បទ​ល្មើស​ព្រៃ​ឈើ​ម្នាក់ នៅ​ខេត្ត​កំពត បញ្ជាក់​បន្ថែម​ថា។
លោក យឿន សាងឿន៖ «តាម​ពិត​នៅ​ពេល​ដែល​លោក ឈុត វុទ្ធី គាត់​ធ្វើ​សកម្មភាព​ទាក់ទង​ការពារ​ធនធាន​ធម្មជាតិ​ហ្នឹង កន្លង​មក​នេះ​ធ្វើ​ឲ្យ​កាត់​បន្ថយ​សកម្មភាព​របស់​ឈ្មួញ​មួយ​ចំនួន ព្រោះ​ឈ្មួញ​មួយ​ចំនួន​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​បាន​កាត់​បន្ថយ ប៉ុន្តែ​ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​បាត់​បង់​គាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នឹង​កើន​ឡើង​វិញ ខ្ញុំ​គិត​ថា​គ្មាន​នរណា​មាន​ឆន្ទៈ​ដូច​គាត់ មាន​មនុស្ស​ភាគ​តិច​ណាស់​ដែល​មាន​ឆន្ទៈ គាត់​ពុះពារ​គ្រប់​ឧបសគ្គ​ទោះបី​គាត់​ដឹង​ថា​គាត់​ត្រូវ​ស្លាប់​ក៏​គាត់​នៅ​ តែ​តស៊ូ​ការ​ពារ​យ៉ាង​ស្វិតស្វាញ​មែន​ទែន»
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ដើម្បី​ធានា​នូវ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ និង​ដោះស្រាយ​នៅ​ពេល​នេះ គឺ​ទី​១ ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​នូវ​បទ​ល្មើស​ព្រៃឈើ។ ទី​២ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​លើ​ករណី​របស់​លោក ឈុត វុទ្ធី និង​ទី​៣ត្រូត​ពិនិត្យ​គ្រប់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។
លោក អ៊ូ វីរៈ ៖ «ខ្ញុំ​ថា​ប្រសិន​ការ​បាញ់​ស្លាប់​នេះ​អត់​ឈាន​ទៅ​រក​ ការ​ស៊ើបអង្កេត​ត្រឹម​ត្រូវ និង​រក​យុត្តិធម៌ ហើយ​អត់​ហ៊ាន​ទៅ​រក​ការ​ស៊ើប​អង្កេត​លើ​ការ​កាប់​ព្រៃឈើ​នៅ​ក្នុង​តំបន់​ថ្ម ​បាំង​ទេ ដែល​ថា​អ្នក​ដែល​មាន​លុយ អ្នក​រក​ឈើ​ខុស​ច្បាប់​គាត់​ជា​អ្នក​ឈ្នះ អា ហ្នឹង​បាន​ន័យ​ថា ជា​សារ​មួយ​អាក្រក់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​នឹង​ចាប់​ផ្ដើម និង​ចាប់​ផ្ដើម​មាន​ឈុត វុទ្ធី​មួយ​រយ​នាក់​ទៀត​មួយ​ពាន់​នាក់​ទៀត​ទៅ​ថ្ងៃ​អនាគត​ដើម្បី​ការពារ​ ព្រៃ​ឈើ បរិស្ថាន និង​ផល​ប្រយោជន៍​ជាតិ​របស់​យើង»។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ករណី​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ដែល​មាន​សារ​ប្រយោជន៍​សម្រាប់​ជាតិ​ពីរ​នាក់​នេះ។
ប៉ុន្តែ លោក​បញ្ជាក់​ថា ករណី​នេះ​នឹង​មិន​អាច​ស៊ើបអង្កេត​បន្ត​ទៀត​ទេ ព្រោះ​អ្នក​ដែល​បាញ់សម្លាប់​លោក ឈុត វុទ្ធី បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​បាត់​ទៅ​ហើយ។​ ដូច្នេះ​មិន​អាច​រក​ចាប់​អ្នក​ណា​មក​កាត់​ទោស​បាន​ទេ។
លោក ខៀវ សុភ័គ៖ «យើង​ទៅ​រក​រឿង​គេ ម្ចាស់​ផ្ទះ​គេ​ មាន​ឈើ​អី​ទៅ​ធ្វើ​ផ្ដេសផ្ដាស​អី ខ្ញុំ​មិន​ថា​គឃ្លើន​ពេក​ទេ តែ​យើង​គិត​ថា...»។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង លោក ម៉ាក​កូស ហាតគី(Marcus hardke) ជន​ជាតិ​អាល្លឺម៉ង់ ដែល​ជា​អ្នក​សម្រួល​គម្រោង នៃ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ទេ នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា ដើម្បី​ជម្រាប​សួរ​ថា តើ​អង្គការ​លោក​ត្រូវ​ជ្រើស​រើស​ប្រធាន​ថ្មី ឬ​ត្រូវ​បិទ​តែម្ដង ព្រោះ​អ្នក​ដែល​ធ្វើ​ការងារ​សកម្ម និង​អាច​សម្រេច​លើ​កិច្ចការ​ក្នុង​អង្គការ​បាន គឺ​មាន​តែ​ពីរ​នាក់​លោក ឈុត វុទ្ធី។
អង្គការ​ឃ្លាំ​មើល​ពិភពលោក(Global witness) កាល​ពី​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា ព្រៃ​ឈើ​ខ្មែរ​នៅ​ឆ្នាំ​១៩៦៩ មាន​រហូត​ដល់​៧៣​ភាគ​រយ នៃ​ផ្ទៃ​ដី​ទាំង​មូល។ ចំនួន​នេះ​ត្រូវ​បាន​ធ្លាក់​មក​ត្រឹម​៥៩ភាគរយ ក្នុង​ឆ្នាំ​១៩៩៧ ហើយ​បន្ត​ធ្លាក់​មក​ត្រឹម​៣៥ នៅ​ក្នុង​ឆ្នាំ២០០៨៕

No comments:

Post a Comment

yes