ភ្នំពេញៈក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន តូ ដែលកំពុងធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ក្នុងទឹកដីអូស្ត្រាលី មិនទាន់បានដាក់បណ្តឹងផ្លូវច្បាប់ ប្រឆាំងកាសែត The Age ដែលបានចុះផ្សាយថា រូបលោកមានជាប់ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន និងលាងលុយកខ្វក់ឆ្លងដែននៅឡើយទេ ដោយនៅបន្តទាមទារឲ្យកាសែតមួយនេះចុះបំភ្លឺឡើងវិញ ដើម្បីលាងជម្រះកេរ្តិ៍ឈ្មោះរបស់លោក។
លោក ហ៊ុន តូ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទ ពីប្រទេសអូស្ត្រាលី កាលពីម្សិលមិញថា លោកបានទាក់ទងទៅកាន់នគរបាលជាតិប្រទេសអូស្ត្រាលី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ហើយបានរាយការណ៍ពីការចុះផ្សាយរបស់កាសែត The Age នោះ ដែលសរសេរបង្កាច់កេរ្តិ៍ឈ្មោះរបស់លោក។ លោកបញ្ជាក់ថា លោកមិនចាំបាច់គិតដល់រឿងប្តឹងឡើយ តែជំហានដំបូងគឺត្រូវការ «ការបំភ្លឺ» ពីកាសែត The Age ដើម្បីលាងជម្រះនូវមន្ទិល ព្រោះលោកមិនពាក់ព័ន្ធឧក្រិដ្ឋកម្មទាំងនោះឡើយ។ លោកបាននិយាយថា៖ «ខ្ញុំមានមេធាវីបរទេសម្នាក់ ដែលណែនាំដោយស្ថានទូតអូស្ត្រាលីនៅកម្ពុជា។ ដំបូង គឺខ្ញុំទាក់ទង ដើម្បីឲ្យកាសែតនោះសរសេរបំភ្លឺឲ្យខ្ញុំវិញ។ ខ្ញុំមិនរកស៊ីខុសច្បាប់ទេ»។
កាលពីខែមីនា កាសែតអូស្ត្រាលីនេះ បានចុះផ្សាយក្នុងអត្ថបទខ្លួនថា លោក ហ៊ុន តូ កំពុងត្រូវបាននគរបាលអូស្ត្រាលី តាមចាប់ខ្លួន ដោយពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន រវាងប្រទេសកម្ពុជា និងអូស្ត្រាលី ក្នុងអំឡុងឆ្នាំ ២០០០ ហើយនិងទាក់ទិននឹងការលាងលុយខុសច្បាប់។
ក្រោយការចុះផ្សាយព័ត៌មាននេះ លោក ហ៊ុន តូ បានចេញមុខបកស្រាយតាមភ្នំពេញ ប៉ុស្តិ៍ ព្រមានដាក់បណ្តឹង ចំពោះកាសែតនេះ បើមិនសរសេរសុំទោស និងចុះផ្សាយបំភ្លឺឡើងវិញ។ ភ្លាមៗនោះដែរ លោក ហ៊ុន តូ ក៏បានដាក់បណ្តឹងមួយ ទៅស្ថានទូតអូស្ត្រាលី នៅរាជធានីភ្នំពេញ និងរាយការណ៍ទៅក្រសួងមហាផ្ទៃ។
លោក ហ៊ុន តូ ប្រាប់ថា ៖ «ខ្ញុំបានរាយការណ៍ផងដែរទៅប៉ូលិសអូស្ត្រាលីថា កាសែតនេះ សរសេរបង្ខូចឈ្មោះខ្ញុំ មិនល្អទេ។ អ្នកឯងត្រូវធ្វើអ្វីមួយ ដើម្បីលាងជម្រះឈ្មោះខ្ញុំ។ ប្តឹងឬមិនប្តឹងជាសិទ្ធិរបស់ខ្ញុំ។ បើខ្ញុំខុសមែន ខ្ញុំប្រហែលជាត្រូវគេចាប់នៅអូស្ត្រាលីហើយ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចសុំការអធិប្បាយបានទេកាលពីម្សិលមិញ តែលោកធ្លាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីខែមីនាថា លោកបានពិនិត្យមើលនូវអត្ថបទមួយនេះហើយ និងថា មិនមែនជារឿងពិតទេ។
ប៉ុន្តែបុគ្គលិកប្រចាំកាសែត The Age ក៏បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅពេលនោះថា កាសែតនេះនៅតែរក្សាជំហររបស់ខ្លួន និងមានអំណះអំណាងគ្រប់គ្រាន់ ចំពោះសំណេរដែលបានចុះផ្សាយ។
អ្នកនាំពាក្យស្ថានទូត អូស្ត្រាលីនៅកម្ពុជា លោក Dave Gordge មិនអាចសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។
លោក ហ៊ុន តូ និងក្រុមគ្រួសារ ព្រមទាំងអ្នកធ្វើការឲ្យលោកប្រមាណ ២០ នាក់ទៀត ដែលចាកចេញទៅកម្សាន្តនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ៦ ខែមិថុនា តាមគម្រោង ក្រុមគ្រួសារលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នាថ្ងៃព្រហស្បតិ៍ខានស្អែកនេះ៕
No comments:
Post a Comment
yes