ភ្នំពេញៈ ជាងទងម្នាក់ រស់នៅក្នុងខណ្ឌដង្កោ បានក្លាយជាជនរងគ្រោះទី ៧ នៃការវាយប្រហារដោយទឹកអាស៊ីតនៅក្នុងឆ្នាំនេះ កាលពីថ្ងៃអាទិត្យ ដោយបង្ហាញពីកង្វះប្រសិទ្ធភាព នៃច្បាប់គ្រប់គ្រងអាស៊ីត បន្ទាប់ពីច្បាប់នេះ ចាប់ផ្តើមចូលជាធរមាន រយៈពេល៦ខែមក។ នេះបើយោងតាមមន្ត្រីសិទ្ធិមនុស្ស ដែលបានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។
ជនរងគ្រោះវ័យ ២៥ ឆ្នាំ ធុល ប៉ូឡូ បានរងរបួសរលាកពេញផ្ទៃមុខ ហើយក្រុមគ្រូពេទ្យបច្ចុប្បន្នកំពុងព្យាយាមជួយសង្គ្រោះភ្នែករបស់ គាត់ ក្រោយគូទំនាស់វ័យ ៥១ ឆ្នាំឈ្មោះ តាំង យូហួត បានទាត់ធុងទឹកអាស៊ីត ប្រើសម្រាប់ផ្សាមាស ទៅត្រូវមុខរបស់គាត់។ នេះបើយោងតាមសមត្ថកិច្ចនគរបាល។
លោក ឡុត ឃឹម មន្ត្រីនគរបាលខណ្ឌដង្កោ បានថ្លែងថា៖«ជនសង្ស័យ មានហាងលក់សាំងនៅជាប់ជនរងគ្រោះ ហើយចង់ឲ្យជនរងគ្រោះ រើតូបគាត់ចេញ ព្រោះគាត់ខ្លាចមានគ្រោះអគ្គិភ័យកើតឡើង នៅក្នុងហាងរបស់គាត់»។
លោកបានបន្តថា គ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់នគរបាល ដើម្បីនាំយកជនសង្ស័យ ទៅកាត់ទោសតាមច្បាប់គ្រប់គ្រងទឹកអាស៊ីត ហើយនិងទាមទារសំណងសងជំងឺចិត្តដែលគេនៅពុំទាន់បានដឹងថាទាមទារប៉ុន្មាននៅឡើយ។
មន្ត្រីនគរបាលដដែល បានបន្ថែមថា៖«យើងបានចាប់ខ្លួនជនសង្ស័យ ហើយគាត់បានឆ្លើយថា គាត់ពុំមានចេតនា ទាត់ធុងទឹកអាស៊ីតទៅលើជនរងគ្រោះទេ តែថា គាត់ធ្វើបែបនោះ ដោយពុំបានដឹងពី[ផលវិបាក]»។ លោកបានបន្តថា ឧប្បត្តិហេតុនោះ ជាការវាយប្រហារទឹកអាស៊ីតលើកដំបូងនៅក្នុងខណ្ឌដង្កោ ចាប់តាំងពីច្បាប់គ្រប់គ្រងអាស៊ីត ត្រូវបានអនុម័ត កាលពីខែធ្នូ ឆ្នាំទៅ ប៉ុន្តែសមត្ថកិច្ចនគរបាល នៅពុំទាន់ទទួលបានការបណ្តុះបណ្តាលអំពីច្បាប់នេះនៅឡើយទេ ដោយសារអនុក្រឹត្យសម្រាប់ដាក់ច្បាប់នេះឲ្យប្រើប្រាស់នៅពុំទាន់ ត្រូវបានចុះហត្ថលេខានៅឡើយ។
លោក ហ័ង ឡៃរ៉ាប៉ូ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងច្បាប់នៅសមាគមជនរងគ្រោះដោយសារទឹកអាស៊ីត បានឲ្យដឹងថា រយៈពេល ៦ ខែដំបូងក្រោយច្បាប់នេះចូលជាធរមានពោរពេញទៅដោយឧបសគ្គ ក្នុងការអនុវត្ត និងអប់រំលើកកម្ពស់ការយល់ដឹង។
លោកបានមានប្រសាសន៍ថា៖«អ្វីៗមានការយឺតយ៉ាវ។ ករណីដែលបានបញ្ជូនឡើងតុលាការ គឺនៅក្នុងដៃតុលាការនៅឡើយ ហើយភាគច្រើន ជនល្មើសវាយប្រហារដោយទឹកអាស៊ីត នៅតែអាចដើរហើរដោយសេរីបន្តការគំរាមកំហែង ដល់ជនរងគ្រោះដដែល»។
លោក ហ័ង ឡៃរ៉ាប៉ូ បានបន្តថា សមត្ថកិច្ចរដ្ឋាភិបាល ក៏ចាំបាច់ត្រូវខិតខំបន្ថែមទៀត ដើម្បីគ្រប់គ្រងទឹកអាស៊ីត និងអប់រំពលរដ្ឋប្រទេសនេះ អំពីច្បាប់ថ្មីនេះផងដែរ។ លោកបានគូសបញ្ជាក់ថា៖«ជាពិសេស យើងបារម្ភអំពីកង្វះការយល់ដឹង នៅតាមចម្ការកៅស៊ូ»។ លោកបានបន្ថែមថា វាចាំបាច់ ត្រូវឲ្យមានការអប់រំផ្សព្វផ្សាយជាសាធារណៈដែលយ៉ាងហោចណាស់ក៏មួយ ម៉ោងម្តងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលមួយឆ្នាំ អំពីច្បាប់គ្រប់គ្រងអាស៊ីតនេះតាមរយៈវិទ្យុ និងទូរទស្សន៍ដើម្បីឲ្យពលរដ្ឋបានដឹង។
ជនរងគ្រោះ ធុល ប៉ូឡូ នឹងចាប់ផ្តើមទទួលការព្យាបាលនៅមន្ទីរពេទ្យនាថ្ងៃនេះ៕ CR
No comments:
Post a Comment
yes