ព្រះវិហារៈ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ៣ នាក់ ក្នុងចំណោម ២ គ្រួសារ នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បាននាំគ្នាទៅកាន់សីលសុំជ្រកកោននៅវត្ត ដោយសារតែមន្រ្តីមានអំណាចបានឃុបឃិតគ្នារំលោភយកដីពួកគាត់ អស់ ហើយអាជ្ញាធរមិនបានអើពើជួយដោះស្រាយ បើទោះបីជាមានលិខិតអន្តរាគមន៍ពីរដ្ឋសភា និងពីក្រសួងយុត្តិធម៌ជាច្រើនឆ្នាំមកហើយក្តី។ នេះបើយោងតាមការអះអាងពីពលរដ្ឋរងគ្រោះ។
លោក ប៉ែន អឿ អាយុ ៨៥ ឆ្នាំ ដែលត្រូវមន្ត្រីរំលោភយកដីអស់ ហើយនាំភរិយាទៅជ្រកកោននៅវត្តហ្មសែត បានឲ្យភ្នំពេញ ប៉ុស្តិ៍ដឹង កាលពីថ្ងៃអាទិត្យ ថា ពួកគាត់បានកាន់កាប់ដីនៅតំបន់កូនភ្នំ ផ្លូវចូលកុងស៊ី ចាប់តាំងពីឆ្នាំ ១៩៨៩ រហូតមក ដោយមានបង្កាន់ដៃ និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។ ស្រាប់តែនៅឆ្នាំ ២០០៣ ឈ្មោះផាន់ ភឺន ប៊ូ គឹមឡេង ដែលជាមន្រ្តីមេព្រៃ និងបក្ខពួកមន្រ្តីសុរិយោដីផង បានប្រើអំណាចរំលោភយកដីរបស់ពួកគាត់។ លោកបានបន្តថា៖«ពួកខ្ញុំបានប្តឹងអាជ្ញាធរដែនដីឲ្យជួយដោះស្រាយ តែឥតបានផលអ្វីឡើយ»។
តេជគុណ ទូច សាអ៊ឹម ព្រះជន្ម ៦៩ ឆ្នាំ ដែលបានទៅបួសនៅវត្តព្រះមេរុ ស្ថិតនៅឃុំព្រះមេរុ ស្រុកត្បែងមានជ័យ ចាប់តាំងពីឆ្នាំ ២០០៩ មកនោះបានឲ្យដឹងថា ព្រះអង្គសាងផ្នួសនេះ ដោយសារតែមេព្រៃបានរំលោភយកដី។ ព្រះអង្គបន្តថា៖«អាត្មារត់មកបួសព្រោះមេព្រៃ និងអ្នកមានអំណាចរំលោភយកដីអាត្មា»។
លោក សំ ញ៉ឹល ចៅសង្កាត់រង សង្កាត់ប៉ាលហាល អះអាងថា ដីទាំងនោះ ជាដីរបស់ប្រជាពលរដ្ឋ ដែលពួកគាត់ទៅរស់នៅ និងធ្វើចម្ការយូរហើយ និងមានបង្កាន់ដៃបង់ពន្ធត្រឹមត្រូវ។
តាមឯកសារដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន គឺបណ្តឹងនាឆ្នាំ ២០០៦ ពួកគាត់( រួមមានឈ្មោះ ប៉ែន អឿ ទូច សាអ៊ឹម ចយ សៀ និង ម៉ាន ម៉ុន) បានប្តឹងលោកផាន់ ភឺន ប៊ូ គឹមឡេង និង សេង សារី ដែលជាមន្រ្តីមេព្រៃ និងបក្ខពួក ដែលបានប្រើអំណាចរំលោភយកដីស្រែចម្ការពួកគាត់ ដែលមាន ទំហំ ១១,៥២ ហិកតានៅតំបន់កូនភ្នំ។ តាមលិខិតលេខ ៤៦៥ ចុះថ្ងៃទី ០២ មេសា ២០០៧ របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជម្រាបជូនប្រធានតុលាការខេត្ត ឲ្យពិនិត្យដោះស្រាយជូនម្ចាស់បណ្តឹង ឲ្យស្របតាមនីតិវិធី។ លោក អ៊ុត វ៉ាន់អេម ប្រធានតុលាការខេត្តបានទទួល ហើយបានផ្ទេរសមត្ថកិច្ចទៅគណៈកម្មការសុរិយោដីខេត្ត ដើម្បីដោះស្រាយតាមច្បាប់។
ដោយរង់ចាំអស់រយៈពេល ១ ឆ្នាំ មិនឃើញមន្ត្រីគណៈកម្មការសុរិយោដីខេត្តចុះដោះស្រាយ ម្ចាស់បណ្តឹង បានស្នើសុំអន្តរាគមន៍ពីរដ្ឋសភាបន្តទៀត ហើយ លោក ហេង សំរិន ប្រធានរដ្ឋសភា តាមរយៈលិខិតលេខ ៤៩៨ ឆ្នាំ ២០០៨ ជម្រាបជូនលោកអភិបាលស្រុកត្បែងមានជ័យ (ក្រុងព្រះវិហារ) ជួយដោះស្រាយករណីនេះទៀត។ ប៉ុន្តែមកដល់ខែមិថុនា ឆ្នាំ ២០១២ នេះ ប្រជាពលរដ្ឋទាំង២គ្រួសារ នៅតែមិនទទួលបានដំណោះស្រាយអ្វីឡើយ។
លោក តូច វង្ស អតីតជាប្រធានគណៈកម្មការសុរិយោដីស្រុកសព្វថ្ងៃជាអភិបាលក្រុង ព្រះវិហារ បានទទួលស្គាល់ថា ការយឺតយ៉ាវនេះ ដោយសារតែប្រធានភូមិបាល លោកងួន សំអាង បានឈឺរ៉ាំរ៉ៃ ហើយបានស្លាប់។ លោក តាន់ ប្រុស ទើបទទួលការតែងតាំងថ្មី មិនបានដឹងច្បាស់ពីវិវាទដីធ្លីនេះទេ ទើបត្រូវការពេលវេលាស៊ើបអងេ្កត។ លោកបានថ្លែងកាលពីថ្ងៃអាទិត្យថា ដីទំនាស់នៅតំបន់កូនភ្នំនោះ គេដោះស្រាយតាមលំដាប់។
លោក ប៉ែន អឿ បញ្ជាក់ថា ពួកគាត់បង្កបង្កើនផលលើដីនេះ តាំងពីឆ្នាំ ១៩៨៩ រហូតមក មានបង្កាន់ដៃដែលទទួលស្គាល់ដោយអាជ្ញាធរ។ លោកបញ្ជាក់ថា៖«ពួកគេ(មេព្រៃ)រំលោភយកដីនេះទៅចែកគ្នា។ ខ្ញុំខ្លាចគេធ្វើបាប ទើបរត់ទៅបួស ពីព្រោះគេគំរាមថា មិនឲ្យយើងនៅសុខបានឡើយ»។
ចំណែកលោក តូច វង្ស បាននិយាយយ៉ាងខ្លីថា លោកប៉ែន អឿ ទៅរស់នៅវត្ត លោកទូច សាអ៊ឹម ទៅបួស ជារឿងរបស់គាត់ តែមិនមែនមកពីរឿងគេរំលោភយកដីទេ។ បញ្ហាទំនាស់ដីធ្លីមានច្រើនករណី ទើបត្រូវការពេលវេលាដោះស្រាយ ហើយក៏បានឲ្យប្រធានភូមិបាលថ្មីស៊ើបអង្កេតករណីនេះដែរ។
ប៉ុន្តែលោក តាន់ ប្រុស ប្រធានភូមិបាលក្រុង បានបញ្ជាក់ថា៖«ទំនាស់ដីធ្លីដូចមានឈ្មោះម្ចាស់បណ្តឹងខាងលើ ខ្ញុំមិនទាន់បានធ្វើការស៊ើបអង្កេតទេ»។
លោក ប៊ូ គឹមឡេង មិនអាចទាក់ទងសុំការអធិប្បាយបានទេ ប៉ុន្តែលោកផាន់ ភឺន មេព្រៃ ដែលបានផ្ទេរភារកិច្ចទៅធ្វើមេព្រៃនៅខេត្តរតនគិរីទៅហើយនោះ បានប្រាប់តាមទូរស័ព្ទថា ដីហ្នឹង អតីតជាដីកងទ័ពវៀតណាមមែន។ កាលពីឆ្នាំ ២០០៦ បទបញ្ជារដ្ឋាភិបាល ឲ្យដកហូត ហើយចៅហ្វាយខេត្តព្រាប តាន់ បានចែកឲ្យមន្រ្តី លោកបានទទួលដីក្រោយគេមានក្បាលដី ៤០ ម៉ែត្រ។ គេឲ្យអ្នកពាក់ព័ន្ធនឹងជម្លោះដីនេះដែរ ប៉ុន្តែគ្មានអ្នកប្តឹងទេ ដល់ពេលដីមានហាងឆេងបែរជាប្តឹង។ លោកបញ្ជាក់ថា៖ «ឃើញខ្ញុំស្លូតគាត់(ប៉ែន អឿ)ក៏ប្តឹងខ្ញុំ គាត់ប្តឹងខ្ញុំរាប់មិនអស់ តែខ្ញុំមិនប្តឹងបកទៅគាត់វិញទេ បើដីហ្នឹងមានផ្ទះតើអ្នកណាហ៊ានយក?»។
ប៉ុន្តែបើតាមលោកចាន់ សុខា មេភូមិហ្មសែតបច្ចុប្បន្ន និងលោកចាន់ ពឿន សមាជិកក្រុមប្រឹក្សាស្រុកត្បែងមានជ័យ(អតីតជាមេភូមិហ្មសែត និងអនុប្រធានឃុំប៉ាលហាល១៩៨២-១៩៩៣) សាក្សីដឹងសាវតារដីបានបញ្ជាក់ថា ដីនេះត្រូវលោក ប៉ែន អឿ រុករានធ្វើស្រែចម្ការ តាំងពីឆ្នាំ ១៩៨៩ មក មិនមែនជាដីមេព្រៃទេ។
លោកផាន់ ភឺនបានអះអាងថា ឯកសារដកហូតដី មានតម្កល់នៅសាលាខេត្ត «បើខ្ញុំជាមន្រ្តីហើយធ្វើខុសដូចការចោទ ម្ល៉េះគេចាប់ខ្ញុំដាក់គុកយូរហើយ»។
យ៉ាងណាក៏ដោយ លោក ប៉ែន អឿ គូសបញ្ជាក់ថា ពួកលោកជាប្រជាពលរដ្ឋ បានប្តឹងតាំងពីដំបូងមកម្ល៉េះ ប៉ុន្តែមិនត្រូវបានអាជ្ញាធរ ឬស្ថាប័នណាមួយយកចិត្តទុកដាក់ដោះស្រាយឡើយ។ លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំនៅវត្ត ខ្ញុំកាន់សីល ៨ ខ្ញុំសូមស្បថ ខ្ញុំនិយាយតែពាក្យពិតទេ។ មេព្រៃ ២ នាក់ និងអ្នកមានអំណាច ៣ ឬ ៤ នាក់ទៀត បានរំលោភយកដីនោះ។ ខ្ញុំបានប្តឹង រហូតសុំអន្តរាគមន៍ និងមានលិខិតពីរដ្ឋសភា តុលាការ បញ្ជូនឯកសារ ៤ ច្បាប់ទៅមេឃុំ និងសុរិយោដី តែគេមិនដោះស្រាយឲ្យខ្ញុំនោះទេ»៕
No comments:
Post a Comment
yes