ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ប្រធានគណបក្សនរោត្តមរណប្ញទ្ធិបានប្រកាសកាលពីព្រឹកមិញថា គណបក្សរបស់ទ្រង់នឹងដកខ្លួនចេញពីសម្ព័ន្ធភាពជាមួយហ៊្វុនស៊ិនប៉ិចរបស់លោក ញឹក ប៊ុនឆៃ ហើយ។
ព្រះអង្គម្ចាស់បានមានបន្ទូលក្នុងសន្និសីទកាសែតឯដំណាក់របស់ព្រះអង្គក្នុងខណ្ឌទួលគោកថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ព្រះអង្គបានសរសេរលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយប្រាប់ថា ការបង្រួបបង្រួមរវាងគណបក្សនរោត្តមរណប្ញទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចទៅរួចទេ ហើយព្រះអង្គនឹងដកខ្លួនចេញពីសម្ព័ន្ធភាពនេះ។ ចំពោះបញ្ហា គឺបណ្តាលមកពីការមិនចុះសម្រុងគ្នា ដោយព្រះអង្គបានទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហានេះទៅលើលោក ញឹក ប៊ុនឆៃ។
គួររំលឹកថា គណបក្សរាជានិយមជាបងប្អូនទាំងពីរនេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលមួយកាលពីមុនការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដោយប្រកាសចងសម្ព័ន្ធភាពនឹងគ្នាបន្ទាប់ពីបែកបាក់កាលពីឆ្នាំ២០០៦មក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយការបោះឆ្នោតឃុំសង្កាត់បានបញ្ចប់ ភាពរកាំរកូសចំពោះសម្ព័ន្ធភាពនេះបានចេញជារូបរាងជាបន្តបន្ទាប់។ លោក ញឹក ប៊ុនឆៃ ភាគីគណបក្សហ៊្វុនស៊ិនប៉ិចបាននិយាយថា ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ពាក់ព័ន្ធទៅនឹងគណបក្សប្រឆាំង ដែលបញ្ហានេះអាចនឹងធ្វើឲ្យមានបញ្ហាដល់គណបក្សហ៊្វុនស៊ិនប៉ិចដែលនៅក្នុងរដ្ឋាភិបាល។ ចំណែកគណបក្សនរោត្តមរណប្ញទ្ធិ បានបដិសេធ ហើយថា លោក ញឹក ប៊ុនឆៃ ទៅវិញទេដែលពាក់ព័ន្ធនឹងគណបក្សប្រឆាំង៕
No comments:
Post a Comment
yes