សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

មេឃុំ​-ចៅ​សង្កាត់ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ចាប់​ផ្តើម​ចូល​កាន់​តំណែង

120703_06a
កញ្ញា​ តឹក នីម មេ​ឃុំ​អម​លាំង​​ ពី​គណ​បក្ស​សម រង្ស៊ី​។ 
កញ្ញា ធ្លាប់​ជា​ជន​រង​គ្រោះ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ នៅ​ក្នុង​ឃុំ​នេះ​។ រូបថត ហេង ជី​វ័ន
ភ្នំពេញៈ ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ទូ​ទាំង​ប្រទេស ដែល​ទើប​ជាប់​ឆ្នោត​ថ្មី បាន​ចាប់​ផ្តើម​ចូល​កាន់​តំណែង​អាណត្តិ​ទី ៣ ឆ្នាំ ២០១២ ២០១៧ ជា​បណ្តើរៗ​ហើយ​ក្រោម​ការ​ប្តេជ្ញា ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​និង​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន តាម​គោល​នយោបាយ​បក្ស​រៀងៗ​ខ្លួន។
លោក សក់ សេដ្ឋា រដ្ឋ​លេខាធិ​ការ ក្រសួង​មហា​ផ្ទៃ ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មេ​ឃុំ ចៅ​សង្កាត់ មក​ពី​គណបក្ស​នយោបាយ ដែល​ទើប​ជាប់​ឆ្នោត​តាម​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រូវ​ចូល​កាន់​មុខ​តំណែង តាម​មូល​ដ្ឋាន​ឃុំ-​សង្កាត់​រៀងៗ​ខ្លួន ចាប់​ពី​ថ្ងៃ​ប្រកាស​លទ្ធ​ផល​ឆ្នោត​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ ២៤ មិថុនា គឺ​ប្រកាស​ឲ្យ​អស់​ក្នុង​ពេល​ពីរ​សប្តាហ៍។ លោក​ថ្លែង​ថា ៖ ​«បើ​តាម​ច្បាប់ ពួក​គេ​ត្រូវ​ចូល​កាន់​តំណែង​ឲ្យ​អស់​ក្នុង​រយៈ​ពេល ១៤ ថ្ងៃ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធ​ផល​របស់ គ.ជ.ប។ តែ​ការ​ប្រកាស​ចូល​កាន់​តំណែង​ពិត​ប្រាកដ តាម​ឃុំ សង្កាត់​នីមួយៗ គឺ​អា​ស្រ័យ​ទៅ​លើ​អាជ្ញាធរ​មូល​ដ្ឋាន ជា​អ្នក​កំណត់»។ លោក​បាន​បន្ត​ថា ៖ «ក្រោយ​ការ​ប្រកាស ក្រុម​ប្រឹក្សា​ថ្មី គេ​ត្រូវ​រៀប​ចំ​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​និង​ប្រគល់​ឯក​សារ​ក្នុង​មូល​ដ្ឋាន​ទាំង​អស់ ឲ្យ​អ្នក​ជាប់​ឆ្នោត​ថ្មី មាន​ការ​ផ្ទេរ​ប្រាក់ បុគ្គលិក រួម​ទាំង​រៀប​ចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង សម្រាប់​អនុវត្ត​ក្នុង​ឃុំ​សង្កាត់​នោះ»។

តាម​ការ​ប្រកាស​ផ្លូវ​ការ នូវ​លទ្ធ​ផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មិថុនា​គណបក្ស​ប្រជា​ជន បាន​ទទួល​តំណែង​មេ​ឃុំ ចៅ​សង្កាត់​ចំនួន ១៥៩២ ឃុំ សង្កាត់ គណបក្ស​សម រង្ស៊ី បាន​ចំនួន ២២ ឃុំ គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន ១៨ ឃុំ និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ចំនួន ១ ឃុំ។
កាល​ពី​ម្សិល​មិញ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ប្រកាស​នូវ​សុពល​ភាព​ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សា​សង្កាត់​ទាំង​អស់ ខណៈ​ដែល​សង្កាត់​នានា​ក្នុង​ខណ្ឌ​នេះ នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​នេះ។
លោក​ស្រី កែវ សាកល ចៅ​សង្កាត់​វាល​វង់ ពី​គណបក្ស​ប្រជាជន ដែល​ជា​សង្កាត់​មាន​ជម្លោះ​ដីធ្លី នៅ​តំបន់​បុរី​កីឡា បាន​ថ្លែង​ថា ការ​កាន់​អំណាច​អស់​ពេល ១០ ឆ្នាំ និង​បន្ត​ក្នុង​អាណត្តិ​ទីបី​ទៀត​នេះ លោក​ស្រី នឹង​បន្ត​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន អ៊ុត​ផ្លូវ​ថ្នល់ ធ្វើ​ប្រព័ន្ធ​លូ និង​ដាក់​ភ្លើង​បំភ្លឺ​មុខ​ផ្ទះ​ប្រជាជន​ឲ្យ​បាន​គ្រប់ៗ​គ្នា។ លោក​ស្រី​បន្ត​ថា ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី នៅ​បុរី​កីឡា ត្រឹម​ថ្នាក់​អាជ្ញាធរ​សង្កាត់ គឺ​មិន​អាច​ដោះ​ស្រាយ​បាន​ឡើយ។
លោក​ស្រី​ថ្លែង​ថា ៖ «ក្នុង​នាម​អាជ្ញាធរ ការ​ដោះ​ស្រាយ​រឿង​ដីធ្លី​បុរី​កីឡា វា​ហួស​ពី​សមត្ថភាព​ខ្ញុំ​ហើយ។ តែ​ក្នុង​នាម​ខ្ញុំ​ជា​គណបក្ស​ប្រជាជន ខ្ញុំ​ឲ្យ​គណបក្ស​ជួយ​ពិនិត្យ​មើល។ គឺ​នៅ​សល់​ជាង ១០០ គ្រួសារ​ទៀត»។
ប៉ុន្តែ​សម្រាប់​មេឃុំ​ទើប​ជាប់​ឆ្នោត​ថ្មី របស់​គណបក្ស​សម​រង្ស៊ី នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ ជា​តំបន់​ដែល​កើត​មាន​ជម្លោះ​ដីធ្លី ដ៏​ក្តៅ​គគុក​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា នាង​នឹង​ធ្វើ​ការ​ដោះ​ស្រាយ​រឿង​ដីធ្លី ជូន​ពលរដ្ឋ ព្រោះ​ការ​ជាប់​ឆ្នោត​នេះ ក៏​ដោយ​សារ​នាង​ជា​អ្នក​រង​គ្រោះ ក្នុង​រឿង​ដីធ្លី ដែរ។ កញ្ញា តឹក នីម អាយុ ២៨ ឆ្នាំ ថ្លែង​ថា ឃុំ សង្កាត់​នៅ​ទូទាំង​ប្រទេស ចាប់​ផ្តើម​យក​សប្តាហ៍​នេះ ធ្វើ​ពិធី​ប្រកាស​សុពលភាព​មេឃុំ ចៅ​សង្កាត់​ថ្មី។ ចំណែក​ឃុំ​របស់​នាង គឺ​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ទី ៧ ខែ​កក្កដា​ខាង​មុខ​នេះ។ កញ្ញា​ថ្លែង​ថា ៖ «វិស័យ​ដីធ្លី អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ការ​អប់រំ ជា​បញ្ហា​អាទិភាព​ក្នុង​ឃុំ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ខ្ញុំ​នឹង​ប្រកាន់​យក​ផ្លូវ​ច្បាប់​មក​ដោះ​ស្រាយ​បញ្ហា»។
នៅ​ខេត្ត​កំពង់​ចាម មេឃុំ​ព្រះ​ធាតុ ស្រុក​អូររាំង​ឪ លោក ទុយ សារិន ពី​គណបក្ស​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌​មាន​ពី​ថ្នាក់​ស្រុក ក្នុង​ការ​ប្រកាស​សុពលភាព​ថ្មី​នេះ​ឡើយ ហើយ​លោក​រង់​ចាំ​ការងារ​ថ្មី ដែល​លោក​មិន​ធ្លាប់​ធ្វើ​សោះ ខណៈ​ដែល​កាល​ពី​ពីរ​អាណត្តិ​មុន ឃុំ​នេះ ត្រូវ​បាន​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន។ លោក​ថ្លែង​ថា៖​«អ្វី​ដែល​ពលរដ្ឋ​ក្នុង​ឃុំ​ចង់​បាន គឺ​ផ្លូវ​ថ្នល់​ស្អាត ហើយ​ចាក់​កៅស៊ូ និង​ធ្វើ​ប្រឡាយ​បង្ហូរ​ទឹក​សម្រាប់់​ធ្វើ​ស្រែ។ ខ្ញុំ​នឹង​ព្យាយាម​ជួយ​អភិវឌ្ឍ​ក្នុង​ឃុំ​នៅ​អាណត្តិ​នេះ តាម​លទ្ធភាព​របស់​ខ្ញុំ»៕

No comments:

Post a Comment

yes