លោក ម៉ឹក ដារ៉ា អតីតប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ពេលនាំឡើងសវនាការឧទ្ធរណ៍
ភ្នំពេញៈ សាលាឧទ្ធណ៍កាលពីថ្ងៃពុធ បានបន្តសវនាការលើសំណុំរឿងទី ១១ របស់លោក ម៉ឹក ដារ៉ា និងជា ឡេង នៅក្នុងចំណោមបទឧក្រិដ្ឋ២៥ ករណីនៅក្រោមការចោទប្រកាន់របស់តុលាការខេត្តបន្ទាយមានជ័យកាលពីឆ្នាំ ២០១១។
លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះមានប្រសាសន៍ថា ករណីអំពើពុករលួយទី៩ លោក ជា ឡេង និង ម៉ឹក ដារ៉ា ត្រូវបានចោទប្រកាន់ពីបទកែប្រែករណីថ្នាំញៀន និងបានដោះលែងឈ្មួញជួញដូរគ្រឿងញៀនម្នាក់ ដោយទទួលយកសំណូកសូកប៉ាន់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៩ និងករណីទី១១ លោក ម៉ឹក ដារ៉ា និងជា ឡេង ត្រូវបានចោទប្រកាន់ទៀតពីបទកែសំណុំរឿងគ្រឿងញៀន និងដោះលែងឈ្មួញគ្រឿងញៀនពីរនាក់ទៀត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។
ពាក់ព័ន្ធនឹងករណីទី៩ លោក ចាយ ច័ន្ទតារាវណ្ណ បានមានប្រសាសន៍ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៩ លោក ជា ឡេង បានដឹកនាំកម្លាំងប៉ូលិសចុះបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀននៅ ផ្ទះមួយដែលស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្នុងអំឡុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នោះ លោក ជា ឡេង បានចាប់ខ្លួនឈ្មួញគ្រឿងញៀនពីរនាក់ដែលមានឈ្មោះ ជា សុទ្ធ និង មាជ រំដួល ព្រមទាំងបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនមួយកញ្ចប់ និងម៉ូតូមួយគ្រឿង។
លោកបន្តថា៖ «បន្ទាប់ពីចាប់ខ្លួនពួកគេ ជា ឡេង បានក្លែងបន្លំឯកសារ និងបានបង្កើតករណីក្លែងក្លាយសម្រាប់ឲ្យជនល្មើសឈ្មោះ មាជ រំដួលដែលជាឈ្មួញគ្រឿងញៀនម្នាក់។ គាត់បានកែករណីរបស់ មាជ រំដួល ពីអ្នកជួញដូរគ្រឿងញៀនទៅជាអ្នកសេពគ្រឿងញៀនវិញ ហើយបានបញ្ជូនឯកសារនោះឲ្យលោក ម៉ឹក ដារ៉ាចុះហត្ថលេខា ហើយក៏ដោះលែងជនល្មើស»។
លោកបន្ថែមថា៖ «បន្ទាប់មក ម៉ឹក ដារ៉ា បានចុះហត្ថលេខាលើឯកសារកែករណីរបស់ ជា ឡេងដើម្បីដោះលែងឈ្មួញជួញដូរគ្រឿងញៀន។ គាត់បានសមគំនិតជាមួយ ជា ឡេង តាមការទទួលយកសំណូកសូកប៉ាន់ លើការដោះលែង មាជ រំដួល»។
ពាក់ ព័ន្ធនឹងករណីទី១១នេះ លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ប្រធានចៅក្រមជំនុំជម្រះមានប្រសាសន៍ថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ជា ឡេង បានដឹកនាំកងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនមួយកន្លែងទៀតនៅផ្ទះសំណាក់ ឈ្មោះ ថៃ ជុង ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
លោកមាន ប្រសាសន៍ថា «ក្នុងអំឡុងពេលចុះបង្រាបនោះ ជា ឡេង បានចាប់ខ្លួនជនសង្ស័យ៤ នាក់ និងរឹបអូសបានថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ២៧កញ្ចប់ទម្ងន់៩៩ ក្រាម»។
លោក បានសង្កត់ធ្ងន់ថា ការចាប់ខ្លួនពួកគេនេះ ដោយមានការបញ្ជាពីលោក ម៉ឹក ដារ៉ា លោក ជា ឡេង ក៏បានដោះលែងជនសង្ស័យពីរនាក់ ពីក្នុងចំណោមពួកគេទាំងបួននាក់តាមរយៈការក្លែងបន្លំឯកសារ ហើយករណីក្លែងបន្លំរបស់ពួកគេ កែពីឈ្មួញជួញដូរគ្រឿងញៀន ឲ្យទៅជាអ្នកសេពគ្រឿងញៀនវិញ។ ក្រោយមកជនសង្ស័យពីរនាក់ទៀត ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកប្រធាន ចៅក្រមជំនុំជម្រះថ្លែងថា៖ «រាល់ការដោះលែងឈ្មួញគ្រឿងញៀន លោក ជា ឡេង បានចំណាយប្រាក់ជាសំណូកទៅឲ្យ ម៉ឹក ដារ៉ា៥០ភាគរយ ហើយ៥០ភាគរយទៀតគាត់ដាក់ហោប៉ៅខ្លួនឯង ព្រមទាំងចែករំលែកខ្លះទៅឲ្យកម្លាំងនគរបាលដែលចូលរួមបង្រ្កាប ជាមួយ។ សកម្មភាពជនជាប់ចោទ ពិតជាជះឥទ្ធិពលអាក្រក់ណាស់ដល់កេរ្តិ៍ឈ្មោះនគរបាល ក្នុងការអនុវត្តច្បាប់ នៅក្នុងប្រទេសកម្ពុជា»។
លោក ម៉ឹក ដារ៉ា និង ជា ឡេងបានបដិសេធថា ពួកគេមិនបានទទួលសំណូកសូកប៉ាន់ ឬក៏ប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់នោះឡើយ។
ជា ឡេង បាននិយាយថា៖«ខ្ញុំសូមបដិសេធដាច់អហង្ការអំពីការចោទប្រកាន់ប្រឆាំង នឹងខ្ញុំ ពីព្រោះខ្ញុំមិនបានក្លែងបន្លំរបាយការណ៍ណាមួយដើម្បីធ្វើការដោះ លែងឈ្មួញគ្រឿងញៀនឡើយ»។ គាត់អះអាងថា ៖ «ខ្ញុំមិនបានទទួលប្រាក់សំណូក ឬ ក៏ផលប្រយោជន៍ពីការចាប់ខ្លួនពួកគេឡើយ»។
លោក ឡេង បន្ថែមថា ការដោះលែងពីព្រោះពួកគេជាជនរងគ្រោះដោយសារប្រើគ្រឿងញៀនតែ ប៉ុណ្ណោះ។ ពួកគេមិនបានដោះលែង ដោយគ្មានការយល់ព្រមពី លោក ម៉ឹក ដារ៉ា និងគ្មានការសម្រេចរបស់តុលាការឡើយ។
លោក ម៉ឹក ដារ៉ា បានលើកឡើងដែរថា គាត់មិនបានសមគំនិតជាមួយ លោក ជា ឡេងដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មដូចការចោទប្រកាន់នោះឡើយ។ លោកនិយាយថា ៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំបានចុះហត្ថលេខាលើរបាយការណ៍របស់លោក ជា ឡេង មែន ប៉ុន្តែខ្ញុំមិនបានដឹងថា នោះជាឯកសារក្លែងក្លាយទេ ពីព្រោះខ្ញុំមិនបានពិនិត្យ ឬអានឲ្យបានច្បាស់លាស់ មុនពេលចុះហត្ថលេខា។ ម្យ៉ាងទៀតខ្ញុំជឿជាក់លើគាត់»។
លោក បន្តទៀតថា៖«ខ្ញុំមិនបានរួមគំនិតជាមួយលោក ជា ឡេង ប្រព្រឹត្តអំពើអាក្រក់ដូចការចោទប្រកាន់ឡើយ។ ខ្ញុំក៏មិនដែលបានទទួលបានប្រាក់កម្រៃពីគាត់ ឬពីអ្នកដែលបានដោះលែងឡើយ»។
សំណុំរឿងអតីតអ្នកបង្ក្រាបគ្រឿងញៀនទាំងពីររូបនឹងបន្តសវនាការឧទ្ធរណ៍នៅព្រឹកថ្ងៃទី៦ ខែកញ្ញាទៀត៕
No comments:
Post a Comment
yes