ផ្សារទួលទំពូង គឺជាផ្សារមួយដែលជនបរទេសនិយមចូលទិញសម្លៀកបំពាក់
និងវត្ថុអនុស្សាវរីយ៍
ភ្នំពេញ: ជាងមួយទសវត្សរ៍មុនសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទួលទំពូងទី១ ទី២ និងទី៣ ហាក់ត្រូវគេមើលរំលងប៉ុន្តែពេលបច្ចុប្បន្នសង្កាត់ទាំងនេះមានអគារខុនដូ និងអាផាតមិន ជាច្រើនបានផុសឡើង។
លោក កឺក ណារិន អនុប្រធានក្រុមហ៊ុនអចលនទ្រព្យអេស៊ា បាននិយាយថា ការសាងសង់ខុនដូ និងអាផាតមិន នៅតំបន់នោះបានចាប់ផ្តើមមានមួយៗចាប់តាំងពីឆ្នាំ២០០៨ហើយបច្ចុប្បន្ននៅទីនោះមានខុនដូ និងអាផាតមិនជាច្រើន ហើយចំនួននេះកំពុងបន្តកើនឡើងទៀតផង។ លោកបន្តថា សង្កាត់ទួលទំពូងទី១ ទី២ ទី៣ និងសង្កាត់ផ្សារដើមថ្កូវ សម្បូរអាផាតមិនលំដាប់ C រីឯលំដាប់ B នៅមានចំនួនតិចតួចនៅឡើយទេ។បើគិតត្រឹមឆមាសទី១ឆ្នាំនេះក្នុងសង្កាត់ទួលទំពូងទាំងបីមាន អាផាតមិនចំនួន១០ ដែលស្មើនិង១២៣ Unit (បន្ទប់) ចំណែកនៅក្នុងសង្កាត់ផ្សារដើមថ្កូវ មានអាផាតមិនចំនួន៧ ដែលស្មើនិង៨៥ Unit។
លោកបានថ្លែងថា៖«ជនបរទេសដែលរស់នៅ តំបន់នេះភាគច្រើនមកពីទ្វីបអាស៊ី គឺជាអ្នកមានប្រាក់ចំណូលលំដាប់មធ្យម ហើយដែលអាចជួលបន្ទប់ក្នុងតម្លៃចន្លោះពី៤០០ទៅ១២០០ដុល្លារអាមេរិក ក្នុង១ខែ។ លោកបានបន្តថា៖«តំបន់នេះមានអំណោយផលដោយសារមានទីតាំងនៅក្នុងទីក្រុង មានហេដ្ឋារចនាសម្ព័ន្ធល្អ និងមានសុវត្ថិភាពល្អប្រសើរ»។
លោក ណារិន ប្រាប់ទៀតថា អ្នកសាងសង់ខុនដូ និងអាផាតមិន នៅតំបន់នេះក៏ដូចជានៅតំបន់ផ្សេងៗនៅរាជធានីភ្នំពេញដែរគឺពួកគាត់យល់ដឹងច្រើនទាំងការរៀបចំតុបតែងលម្អខាងក្នុង និងក្រៅអគារ ដើម្បីទាក់ទាញអតិថិជនចូលស្នាក់នៅ។
លោក ឌឹតចណ្ណា ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី មានប្រសាសន៍ថា ដោយតែសារតំបន់បឹងកេងកង១ និងតំបន់មួយចំនួនក្នុងខណ្ឌដូនពេញ មានភាពចង្អៀត បានធ្វើឲ្យភ្ញៀវងាកទៅចាប់អារម្មណ៍តំបន់ទួលទំពូង និងផ្សារដើមថ្កូវ។ ពួកគេងាកមកចាប់អារម្មណ៍តំបន់ទាំង២នេះ ព្រោះតំបន់ទាំងនេះការជួលកន្លែងស្នាក់នៅអាចមានតម្លៃសមរម្យ។ លោកបានធ្វើការប្រៀបធៀបថា បើផ្ទះមានបន្ទប់គេងចំនួន២នៅតំបន់បឹងកេងកង១ មានតម្លៃចន្លោះពី១០០០ទៅ២០០០ដុល្លារក្នុង១ខែនោះ នៅតំបន់ទួលទំពូងនិងផ្សារដើមថ្កូវ អាចមានតម្លៃចន្លោះពី៥០០ដល់១០០០ដុល្លារតែប៉ុណ្ណោះ។
លោក បានថ្លែងថា៖«មូលហេតុដែលតំបន់ទួលទំពូង និងផ្សារដើមថ្កូវ អាចទាក់ទាញភ្ញៀវឲ្យចង់ទៅស្នាក់នៅច្រើន ព្រោះតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ មានសន្តិសុខល្អ ព្រមទាំងមានសេវាកម្មចម្រុះដូចជា សាលារៀន ធនាគារ និងផ្សារ ជាដើម»។ លោកបានបន្តថា៖«តំបន់នេះនឹងមានសក្តានុពលខ្លាំងជាងនេះទៅទៀត នាពេលអនាគត ព្រោះបើប្រៀបធៀបជាមួយតំបន់ទួលគោក ទួលសង្កែ ឃើញថាតំបន់នេះមានទីតាំងល្អជាង»។
លោក សេន ច័ន្ទរាត្រី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីអ៊ីអេ បាននិយាយថា តំបន់ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ ទី២ ទី៣ និងសង្កាត់ផ្សារដើមថ្កូវ បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ព្រោះតែតម្លៃជួលខុនដូ អាផាតមិន និងផ្ទះនៅតំបន់នោះមានតម្លៃថោកជាងតំបន់បឹងកេងកង១ ទន្លេបាសាក់ ដូនពេញ និងថោកជាងតំបន់ទួលគោក។លោកបានប្រាប់ទៀតថាតម្លៃជួលអាផាតមិននៅទីនោះថោកជាងនៅទួលគោកប្រមាណ២០ភាគរយ។ ចំណែកតម្លៃផ្ទះជួលដែលមានបន្ទប់២នៅទួលគោកអាចរកបានក្នុងតម្លៃ ចន្លោះពី៥៥០ទៅ៦៥០ដុល្លារខណៈតំបន់ទួលទំពូងអាចរកបានតម្លៃ៤៥០ទៅ៥០០ដុល្លារ។
លោក ច័ន្ទរាត្រី បានថ្លែងថា៖«ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះខ្ញុំនៅមិនទាន់ អាចចាត់ចំណាត់ថ្នាក់តំបន់ទួលទំពូង និងផ្សារដើមថ្កូវ ឲ្យជាប់លេខប៉ុន្មានក្នុងរាជធានីភ្នំពេញបានទេ៕
No comments:
Post a Comment
yes