សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា នាសាលាឧទ្ធរណ៍
នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១៣
ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ បានប្រកាសសាលដីកាបន្ធូរបន្ថយទោសអ្នកស្រី យ៉ោម បុប្ផា ១ឆ្នាំ គឺអ្នកស្រី យ៉ោម បុប្ផា នៅជាប់ទោស ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល ឲ្យជនរងគ្រោះពីរនាក់ជាអ្នករត់ម៉ូតូឌុប។ ចៅក្រមចោទពីបទហិង្សាមានស្ថានទម្ងន់ទោសនៃក្រមព្រហ្មទណ្ឌ។
ការប្រកាសសាលដីកានេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះតាំងពីម៉ោង ២រសៀល ថ្ងៃទី១៤ មិថុនា នេះ ហើយសាលាឧទ្ធរណ៍បានប្រកាសសាលដីកានៅវេលាម៉ោង ៧យប់នេះ ឲ្យអ្នកស្រី យ៉ោម បុប្ផា ឲ្យជាប់ទោសចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល។
អ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារជិតមួយឆ្នាំហើយគិតពីថ្ងៃចាប់ខ្លួនមកទល់ពេលនេះ។ អ្នកស្រីត្រូវជាប់ឃុំឃាំងជាងមួយឆ្នាំទៀត។
ទោះជាយ៉ាងនេះក្ដី មេធាវីរបស់អ្នកស្រី យ៉ោម បុប្ផា លោក ចាន់ សុជាតិ ជាមេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៍ថា ទោះបីជាសាលាឧទ្ធរណ៍បានបន្ធូរបន្ថយទោសកូនក្ដីរបស់លោកចំនួន ១ឆ្នាំក្ដី ប៉ុន្តែការសម្រេចនេះនៅតែមានភាពមិនប្រក្រតី ពីព្រោះថាតុលាការគ្មានភស្តុតាងណាមួយជាក់លាក់ដើម្បីដាក់ទោសកូនក្ដីរបស់លោក គឺអ្នកស្រី យ៉ោម បុប្ផា ទេ។
លោកមេធាវី ចាន់ សុជាតិ អះអាងថា លោកនឹងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលទៀត អំពីករណីអ្នកស្រី យ៉ោម បុប្ផា នេះ។
ប៉ុន្តែ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ និងឲ្យសងជំងឺចិត្តទៅបុរសអ្នករត់ម៉ូតូឌុបពីរនាក់ចំនួន ៦០លានរៀលទៀត។
អ្នកស្រី យ៉ោម បុប្ផា អ្នកតវ៉ាដីធ្លីដ៏សកម្មនៅតំបន់បឹងកក់ អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពីបទចោទប្រកាន់ថា អ្នកស្រីបានចូលរួមប្រើអំពើហិង្សាដោយចេតនាលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក៏ប៉ុន្តែ សាក្សីនៅតំបន់បឹងកក់ និងអ្នកស្រី យ៉ោម បុប្ផា ផ្ទាល់ បានបដិសេធចំពោះការចោទប្រកាន់នេះ៕
No comments:
Post a Comment
yes