សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

​រថពាសដែកត្រូវបាន​ចល័ត​តាមផ្លូវមក​កាន់​រាជធានី​ភ្នំពេញ​​


ប្រជាពលរដ្ឋ​មួយចំនួន និង​​​សមត្ថកិច្ច​ប្រចាំ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យដឹងថា ពួកគេ​បាន​ប្រទះ​ឃើញ​ការ​ចល័ត​រថពាសដែក និង​ទាហាន ប្រមាណ​ជាង​២០​គ្រឿង ឆ្លង​តាម​ខេត្ត​កំពង់ចាម ចូល​មក​រាជធានី​ភ្នំពេញ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​ការ​បោះ​​ឆ្នោត​។​

​ពលរដ្ឋ​មួយរូប​ដែល​បាន​ឃើញ​ការ​ចល័ត​រថពាសដែក​​នេះ សុំ​​មិន​​បញ្ចេញ​​ឈ្មោះ ឲ្យ​ដឹង​ថា គាត់​បាន​ឃើញរ​ថ​ពាស​ដែក និង​​រថយន្ត​ដឹក​ទាហាន​ប្រមាណ​​​ជាង​​២០​​គ្រឿង ធ្វើដំណើរ​ទៅ​​រាជធានី​ភ្នំពេញ ពេល​លោក​ធ្វើដំណើរ​​កាត់​តាម​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។

​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក មានការ​បង្ហោះ​រូបភាព​នៃ​រថពាសដែក ដែល​ប្រជាពលរដ្ឋ​ថត​បាន​ពេល​ធ្វើដំណើរ​ឆ្លង​កាត់​ខេត្ត​កំពង់ចាម​។ នៅ​ថ្ងៃ​ទី​០៨​ខែ​សីហា​​នេះ នៅ​ផ្សារ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ពលរដ្ឋ​ថត​បាន​រថពាសដែក​​ជា​ជួរ បរ​ឆ្លងកាត់​។


​អធិការរង​នគរបាលស្រុក​ជើងព្រៃ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​បញ្ជាក់ថា ពិតជា​មាន​ការ​ចលាត​ទ័ព​ពិតមែន។​ តែ​អធិការនគរបាល​ស្រុក​​ជើងព្រៃ លោក ហេង វុទ្ធី បាន​បដិសេធ​​ឆ្លើយតប ថា​លោក​មិនដឹង​។​

ចំណែក​នៅ​ខេត្ត​កណ្តាល មាន​សេចក្តីរាយការណ៍​ថា កងកម្លាំង​នគរបាល​​ខេត្ត ប្រមាណ​ជាង​៥០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា នៅ​ស្នងការដ្ឋាន​នគរបាល​កាល​ពី​ព្រឹក​ថ្ងៃទី​៨ ខែ​​សីហា ដើម្បី​​ត្រៀម​​ធ្វើ​ការ​​ទប់​ស្កាត់ និង​អន្តរាគមន៍​ជួយសង្គ្រោះ​​ដល់​ប្រជាពលរដ្ឋ​ដែល​នឹង​ជួប​បញ្ហា​គ្រោះ​ទឹក​ជំនន់​ ​នាពេល​ខាង​មុខ​​​នេះ​។​ ​អ្នកវិភាគ​បញ្ហា​សង្គម លោក​អ៊ូ វីរៈ មើលឃើញថា មានការ​ចល័ត​កម្លាំង​​មែន ប៉ុន្តែ​ការ​ចល័ត​កម្លាំង​នេះ មិនមែន​សម្រាប់​ធ្វើ​សង្គ្រាម​អ្វី​នោះទេ ៖ “​ប្រសិន​ជា​យើង​​មើល​ទៅ រៀបចំ​ដើម្បី​ទប់ស្កាត់ ឬ​មួយ​​ក៏​ថែរក្សា​សណ្តាប់ធ្នាប់​នៅពេល​មាន​ការ​បាតុកម្ម​ធំ នេះ​គឺ​មាន​មែន មានការ​ប្រែ​ប្រួល​​​ច្រើន បើ​តាម​ខ្ញុំ​មើល មិនមែន​​ជា​ការ​ទប់​កម្លាំង ទៅ​ធ្វើ​សង្គ្រាម​ទេ​”​។​ ​

មន្ត្រី​ការពារ​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត បង្ហាញ​ពី​ការព្រួយបារម្ភ​ថា ការដាក់​កម្លាំង​ទ័ព និង​អាវុធ អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច និង​អាច​​ឲ្យ​មាន​​ចលាចល ប្រសិនបើ​រដ្ឋាភិបាល​មិន​​ចេញមុខ​បកស្រាយ​លើ​បញ្ហា​នេះ​ទេ​។ ​អ្នកវិភាគ​មួយ​ចំនួន​​ លើកឡើងថា រដ្ឋាភិបាល កំពុងតែ​បង្ហាញ​រូប​ភាព​បំភិតបំភ័យ​ពលរដ្ឋ កុំឲ្យ​ចូលរួ​មបាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ដែល​ដឹកនាំ​​ដោយ​​លោក សម រង្ស៊ី​។​ ​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា ចាប់​ពី​មុន​បោះឆ្នោត​រហូតមកដល់​ពេលនេះ កងកម្លាំង​ប៉ូលិស មិន​មាន​ចល័ត​ទ័ព​ខុស​ប្រក្រតី​នោះ​ទេ គឺ​ចល័ត​តាម​ភារកិច្ច​រៀងៗ​​ខ្លួន​ធម្មតា មិនមាន​អ្វី​ប្រែប្រួល​ខុស​ប្រក្រតី​នោះ​ទេ​។ លោក​អំពាវនាវ​ឲ្យ​ប្រជា​​ពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់ និង​ជឿទុកចិត្ត​លើ​​សមត្ថកិច្ច ៖ “​មកទល់​ម៉ោង​នេះ សភាព​​ការណ៍​អត់​មាន​អ្វី​គួរឲ្យ​ព្រួយបារម្ភ​អ្វី​ទេ នេះ​​ជម្រាប​​ជូន​​ប្រជា​ពលរដ្ឋ សភាព​ការ​ណ៍​យើង​ធម្មតា​​ទេ អត់​មាន​អី​ត្រូវ​ជម្លៀស​ខ្លួន​ទៅណា​អី​ទេ​”​។​ ​

ចំណែក​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ មានប្រសាសន៍ថា ពេលនេះ​មិន​មាន​ការ​ចល័ត​កងកម្លាំង​ប្រដាប់អាវុធ​អ្វី​នោះទេ ពោល​សភាពការណ៍ មាន​លក្ខណៈ​ធម្មតា​។​ ​ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការព្រួយបារម្ភ​នឹង​​សន្តិ​សុខ និង​​សុវត្ថិភាព​​នៅ​ពេលនេះ និង​ទៅ​ថ្ងៃ​ខាង​មុខ នៅពេល​ការប្រកាស​លទ្ធផល​​​បោះឆ្នោត​ជា​ផ្លូវការ​។ 

អ្នកខ្លះ​ត្រៀម​ជា​ស្បៀងអាហារ​​បម្រុង​​ទុក អ្នកខ្លះ​សម្រុក​ដក​លុយ និង​​អ្នកខ្លះ​ទៀត ចុះ​ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​សុវត្ថិ​ភាព​។​ ​ចំណែក​អ្នកនាំពាក្យ​គណបក្ស​​សង្គ្រោះ​​ជាតិ​​ លោក យឹម សុវណ្ណ ​មានប្រសាសន៍ថា កត្តា​​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លា​ចនេះ ដោយសារ​តែ​គណបក្ស​​កាន់អំណាច ផ្សាយ​ព័ត៌មាន​ពី​ភាពអវិជ្ជមាន បន្ទាប់​ការបោះឆ្នោត​រួច​។ 

ទោះជា​យ៉ាងណា លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​​ភាព​​ស្ងប់​ស្ងាត់ ព្រោះ​លោក​គិត​ថា​មិន​មាន​អ្វី​កើតឡើង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​នោះ​ទេ ៖ “​គណបក្សកាន់អំណាច ត្រូវតែ​ប្រយ័ត្ន​ប្រយែង នៅ​ក្នុង​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន ដែល​ចេះ​តែ​ផ្សព្វផ្សាយ អំពី​ភាព​អវិជ្ជមាន​ក្នុងសង្គម អញ្ចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ ចេះ​តែ​មាន​ការភ័យខ្លាច ដោយសារ​គាត់​មាន​ការ​​បាក់​ស្បាត តាំង​ពី​មុខ​មក តាំង​ពី​សង្គ្រាម​ស៊ីវិល ប៉ុន្មាន​សិប​ឆ្នាំ​មកហើយ​នោះ​”៕

No comments:

Post a Comment

yes