សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​អំណរ​គុណ​ម្ចាស់​ឆ្នោត​នៅ​ព្រៃវែង

សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចុះ​ជួប​ម្ចាស់​ឆ្នោត​ពេល​ធ្វើ​ដំណើរ​មក​ដល់​
មុខ​វត្ត​ខ្នារ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៣

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា ខណៈ​ដែល​អ្នក​ទាំង​ពីរ​ចុះ​ថ្លែង​អរគុណ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត នៅ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ដែល​មាន​ប្រជាពលរដ្ឋ​ជិត ១​ម៉ឺន​នាក់ បាន​ចូលរួម​ស្វាគមន៍ នៅ​ថ្ងៃ​ទី៥ សីហា។ ក្នុង​ពិធី​នោះ លោក សម រង្ស៊ី និង លោក កឹម សុខា បាន​សន្យា​នៅ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ខក​បំណង​ឡើយ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បរិវេណ​វត្ត​ខ្នារ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ហើយ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ស្វាគមន៍​ប្រមាណ​ជិត ១​ម៉ឺន​នាក់ ដែល​ពួក​គាត់​ទាំង​នោះ​មក​ពី​ឃុំ​នានា​ក្នុង​ស្រុក​ស៊ីធរកណ្ដាល និង​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​ព្រៃវែង។
ពលរដ្ឋ​សម្បុរ​សណ្ដែក​បាយ​ម្នាក់​ឈ្មោះ អ្នកស្រី អឹម ណៃអេន រស់នៅ​ភូមិ​អំពិលក្រៅ ឃុំ​អំពិលក្រៅ ស្រុក​ស៊ីធរកណ្ដាល បាន​អះអាង​នៅ​ថ្ងៃ​ទី៥ សីហា ថា រូប​គាត់​ក៏​ដូច​ជា​ពលរដ្ឋ​ដទៃ​ទៀត​ដែរ គឺ​ម្នាក់ៗ​បាន​មក​ជួប​ជុំ​គ្នា​ទន្ទឹង​រង់ចាំ លោក សម រង្សី និង លោក កឹម សុខា នៅ​មុខ​វត្ត​ខ្នារ តាំង​តែ​ពី​វេលា​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​ជិត ១០ ឯណោះ ទើប​បាន​ជួប​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។

អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ទន្ទឹង​រង់ចាំ​រក​ឱកាស​ជួប​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជា​យូរ​មក​ហើយ៖ «ចា៎! ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​មែន​ទែន បាន​មក​ទទួល​លោក​ប្រធាន។ ភូមិ​ហ្នឹង​ឆ្ងាយ​ទេ? ឆ្ងាយ​ដែរ ប្រហែល ១០​គីឡូ​ដី​ជាង ហើយ​បាន​ថវិកា​ពី​ណា​មក​ធ្វើ​ដំណើរ​ហ្នឹង? ចា៎! ខ្ញុំ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ»
នៅ​ពេល​ក្បួន​រថយន្ត​របស់ លោក កឹម សុខា និង លោក សម រង្ស៊ី មក​ដល់ ប្រជាពលរដ្ឋ​បាន​ឈរ​តម្រង់​ជា​ពីរ​ជួរ និង​ទះ​ដៃ លាយ​ឡំ​សំឡេង​ហ៊ោ​ត្រេកអរ​ស្វាគមន៍​យ៉ាង​គគ្រឹកគគ្រេង។ បន្ទាប់​មក លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ម្នាក់​ម្ដងៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ឆ្នោត​ហើយ។
លោក កឹម សុខា៖ «ហើយ​បង​ប្អូន​ប្រាប់​ថា យើង​ឈ្នះ​ហើយ បើ​គេ​នៅ​តែ​លួច​មិន​ឲ្យ​យើង​ឈ្នះ​បង​ប្អូន​ថា​យើង​ទៅ​ធ្វើ​បាតុកម្ម​ទាំងអស់​គ្នា​មែន​មិន​មែន? អ៊ីចឹង ខ្ញុំ​សុំ​ធ្វើ​តាម​ហើយ​ណា តាម​បង​ប្អូន​ទៀត​ហើយ​ណា បើ​តាម​ប្អូន​ឈ្នះ​ហើយ​ណា។ ដូច្នេះ យើង​រួម​គ្នា​យើង​អត់​ចាញ់​បោក​ពួក​ចោរ​លួច​ឆ្នោត​ហ្នឹង​ទៀត​ទេ​ណា​បង​ប្អូន​ណា​បាទ»
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ជ័យ​ជម្នះ​នៅ​ពេល​នេះ គឺ​ជា​ជោគជ័យ​ដ៏​ធំធេង​របស់​ពលរដ្ឋ៖«ការពារ​ជ័យ​ជម្នះ​យើង​ឲ្យ​បាន យើង​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ជន​ផ្ដាច់​ការ​ជន​ពុក​រលួយ ជន​បំផ្លាញ​ជាតិ ជន​ធ្វើ​បាប​រាស្ត្រ ឲ្យ​ពួក​អស់​នេះ​កាន់​អំណាច ៥​ឆ្នាំ​ទៀត ជាតិ​យើង​រលាយ​ហើយ។ ដូច្នេះ អត់​សុខ​ចិត្ត​ទេ​បង​ប្អូន ជន​ផ្ដាច់​ការ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ដាច់​ខាត ឆ្នាំ​២០១៣ នេះ។ យើង​ប្ដេជ្ញា​ថា​អត់​ថយ​ក្រោយ​ទេ ការពារ​ជ័យ​ជម្នះ​ប្រជារាស្ត្រ​ខ្មែរ។ ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន​នូវ​ការ​ផ្លាស់​ប្ដូរ ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដាច់​ខាត​នៅ​ឆ្នាំ​២០១៣»
ពិធី​ថ្លែង​អំណរ​គុណ​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ជិត ១១​ព្រឹក។ តាម​គម្រោង គណបក្ស​នេះ​នឹង​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ឯ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង នៅ​រសៀល​ថ្ងៃ​ដដែល និង​នៅ​ថ្ងៃ​ទី៦ សីហា បន្ត​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ។ លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​អរគុណ​ប្រជាពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស នៅ​អំឡុង​ខែ​សីហា នេះ៕

No comments:

Post a Comment

yes