សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 5, 2013

CPP ផ្តល់​តំណែង​ជិត ៣០ ដល់ ហ៊្វុន​ស៊ិន​ប៉ិច

131105_03b
អ្នកអង្គ​ម្ចាស់​អរុណ រស្មី (កណ្តាល​) ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច យាង​ចូល​
រួម​នៅ​​ក្នុង​ពិធី​បើក​​សភា​លើក​ដំបូង​កាល​​ពី​ថ្ងៃ​​ទី ២៣ ​​​​​ខែ​កញ្ញា​។ រូបថត សហ​ការី
នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ ទី៥ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​នេះ គណបក្ស​ប្រជាជន​កម្ពុជា CPP បាន​ផ្តល់​តំណែង​ជិត ៣០ ទៅ​ឲ្យ​មន្រ្តី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ជា​អតីត​ដៃ​គូ​រដ្ឋាភិបាល​ចម្រុះ បើ​ទោះ​បីជា​គណបក្ស​នេះ មិន​បាន​ឈ្នះ​អាសនៈ​ណា​មួយ ក្នុង​ការ​បោះឆ្នោត​ថ្ងៃ ២៨ កក្កដា ក៏​ដោយ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ការ​ផ្តល់​តំណែង​មួយ​ចំនួន ទៅ​មន្រ្តី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច គឺ​ដើម្បី​រក្សា​មន្រ្តី​ជំនាញៗ ដែល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល ហើយ​អះអាង​ថា មន្រ្តី​ទាំង​នោះ ពោរ​ពេញ​ទៅ​ដោយ​បទពិសោធ​ជាក់​ស្តែង នៅ​ក្នុង​ការងារ​ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​មុនៗ។
អគ្គ​លេខាធិការ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច លោក ញឹក ប៊ុនឆៃ បាន​ឲ្យ​ដឹង កាល​ពី​ម្សិលមិញ​ថា មាន​មន្រ្តី​ជាន់​ខ្ពស់​ជាង ២០ នាក់ ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ នៅ​ក្នុង​ក្រសួង​ចំនួន ២៨ ដែល​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ប្រទេស។ លោក ប៊ុនឆៃ បាន​ថ្លែង​បន្ត​ថា៖ «គណបក្ស​ប្រជាជន ធ្វើ​ទៅ​តាម​កិច្ច​ប្រជុំ​ថ្ងៃ​ទី ១៦‑១៧ ខែ មីនា។ នៅ​ថ្ងៃ​ប្រជុំ​នោះ គណបក្ស​ប្រជាជន បាន​លើក​ឡើង​ថា ខ្លួន​យក​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ធ្វើ​ជា​ដៃ​គូ​នៅ​ក្នុង​អាណត្តិ ទី៥ នេះ។ នោះ​ហើយ​ជា​ហេតុ​ដែល​គណបក្ស​ប្រជាជន​ផ្អែក​តាម​ហើយ​គាត់​ពិនិត្យ​ទៅ​លើ​ច្បាប់ និង​បាន​អនុញ្ញាត​ឲ្យ​យើង​ចូល​រួម​ធ្វើ​ការងារ»។

លោក ប៊ុនឆៃ បាន​បន្ថែម​ថា មន្រ្តី​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ទាំង​អស់​នោះ ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ គឺ​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធ នៅ​ក្នុង​តំណែង​របស់​ខ្លួន ពីព្រោះ​ពួក​គេ​ជា​មន្រ្តី​ដែល​ធ្វើ​ការងារ​ជាមួយ​គណបក្ស​ប្រជាជន ជាច្រើន​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​អាណត្តិ​មុនៗ។
លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖ «ពួក​គេ​មាន​បទ​ពិសោធ​រួច​ហើយ ហើយ​នោះ ជា​ធនធាន​សម្រាប់​ការងារ​របស់​រដ្ឋ។ វា​មិន​មែន​ជា​មូល​ហេតុ​នយោបាយ​ទេ​។ វា​ជា​ការ​រក្សា​ធនធាន​មនុស្ស នៅ​ក្នុង​ជួរ​រដ្ឋាភិបាល»។ «យើង​ត្រូវ​ការ​ធនធាន​មនុស្ស ដូច្នេះ​ការ​ចំណាយ​របស់​យើង រាជ​រដ្ឋាភិបាល​ប្រយ័ត្ន​ណាស់»។
លោក ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ផ្តល់​តំណែង​ដល់​មន្ត្រី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នេះ​មិន​មែន​មាន​ន័យ​ថា គណបក្ស​ប្រជាជន បង្កើត​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន ចង់​មាន​ការងារ ដែល​មាន​ប្រសិទ្ធភាព នៅ​ក្នុង​រដ្ឋាភិបាល ដូច្នេះ​មន្រ្តី​ទាំង​នោះ អាច​ផ្តល់​សេវា​ប្រសើរ និង​ប្រសិទ្ធភាព សម្រាប់​សាធារណជន។
ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី បាន​ថ្លែង​ថា ការ​ផ្តល់​តំណែង​ជាច្រើន ទៅ​មន្រ្តី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ក្នុង​រដ្ឋាភិបាល​វា​ជា​ការ បន្ថែម​ការ​ចំណាយ​របស់​រដ្ឋាភិបាល ដែល​វា​ជា​ឧបសគ្គ នៅ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ ខណៈ​ដែល​មន្ត្រី​រាជការ​កំពុង​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​។ លោក កែម ឡី បាន​ថ្លែង​បន្ត​ថា៖ «យើង​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ខ្វះ​ធនធាន​មនុស្ស រដ្ឋាភិបាល​អាច​ធ្វើ​ការ​ជ្រើស​រើស​សម​ស្រប​ទៅ​តាម​សមត្ថភាព​និង​ជំនាញ​។ ប្រសិន​បើ​តែង​តាំង​ដោយ​មិន​ផ្អែក​ទៅ​លើ​តម្រូវការ​ជាក់ស្តែង របស់​នាយកដ្ឋាន​នីមួយៗ ខ្ញុំ​គិត​ថា វា​នឹង​មិន​ជោគជ័យ​ទេ»។
បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អាណត្តិ ទី៥ នេះ កំពុង​ដំណើរការ​ទៅ​មុខ​ក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​អាសនៈ​ចំនួន ៥៥ ក្នុង​ចំណោម​អាសនៈ​សរុប​របស់​រដ្ឋសភា​ចំនួន ១២៣ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ឡើយ ដោយ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដោយ​សារ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឯកបក្ស៕ 

No comments:

Post a Comment

yes