បាតុករគណបក្សសង្គ្រោះជាតិ សម្រាកនៅទីលាន
ប្រជាធិបតេយ្យ (រូបថត ពេជ្រ សុធារី)
នៅលើទីលានប្រជាធិបតេយ្យ នារាជធានីភ្នំពេញ វេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ពលរដ្ឋរាប់ពាន់នាក់ មាន លោកយាយ លោកតា និង មនុស្សវ័យចាប់ពី៦០ឆ្នាំឡើងទៅ បានសម្រាកលើកៅស៊ូតង់ អ្នកខ្លះទៀតកំពុងទទួលទានបាយកញ្ចប់ ដែលសប្បុរសជនយកមកចែកជូន ហើយអ្នកខ្លះទៀតកំពុងរៀបចំអីវ៉ាន់ ត្រលប់ទៅផ្ទះវិញ។ ចំណែក យុវជន យុវនារីខ្លះ កំពុងប្រមូលផ្តុំគ្នានៅខាងមុខឆាកប្រគំតន្ត្រី ដែលមានវត្តមាន ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា។ ពួកគេបានច្រៀង រាំ ហ៊ោកញ្ជ្រៀវ ប្តេជ្ញាទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងបោះឆ្នោតឡើងវិញ។
ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិលើកនេះ មានភាពល្អប្រសើរ ផ្ទុយពីការធ្វើបាតុកម្ម កាលពីខែកញ្ញា ដែលសមត្ថកិច្ច បានរារាំងដោយបិទផ្លូវសំខាន់ៗមួយចំនួន បង្កផ្ទុះហិង្សានៅក្បែរស្ពានក្បាលថ្នល់ ធ្វើឲ្យយុវជនម្នាក់ឈ្មោះ ម៉ៅ សុខច័ន្ទ ត្រូវបានបាញ់សម្លាប់ និងពលរដ្ឋជាង១០នាក់រងរបួសធ្ងន់ និងស្រាល។ ពលរដ្ឋ៦នាក់ត្រូវបានចាប់ឃុំខ្លូន ពីបទប្រើហិង្សាទៅលើសមត្ថកិច្ចដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ តែសមត្ថកិច្ចមិនទាន់ចាប់ជនល្មើសដែលបាញ់សម្លាប់ពលរដ្ឋនោះ មកផ្តន្ទាទោសនៅឡើយ ៖
សម្រាប់បាតុកម្មលើកនេះ ទិដ្ឋភាពនៅក្បែរទីលានប្រជាធិបតេយ្យ គឺខ្វះបង្គន់អនាម័យ អាកាសធាតុត្រជាក់ខ្លាំងនៅពេលយប់ និងមានភ្លៀងផង បានញាំញីបន្ថែមទៅលើភាពនឿយហត់របស់បាតុករ ដែលភាគច្រើនមកពីបណ្តាខេត្ត។ បាតុករមួយចំនួន ធ្លាក់ខ្លួនឈឺ តែមិនធ្ងន់ធ្ងរនោះទេ ដោយសារមានពេទ្យប្រចាំការ និងក្រុមសង្គមស៊ីវិលចុះឃ្លាំមើលជាប្រចាំ។
ទោះជាលំបាកយ៉ាងនេះក្តី តែក្រុមបាតុករមិនចុះចាញ់នោះទេ គឺនៅតែមកធ្វើបាតុកម្មតាមការអំពាវនាវរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។
សម្បុរខ្មៅ ហើមមុខ ហើយជង្គង់ទាំង២របស់គាត់រលាត់ស្បែកផងនោះ អ្នកស្រី មួង ប៉ិច ត្រូវបានកូនគាត់គ្រាដើរចេញពីទីលានប្រជាធិតេយ្យត្រឡប់ទៅផ្ទះ នៅស្រុកល្វាឯម ខេត្តកណ្តាល។
ស្ត្រីវ័យជាង៨០ឆ្នាំរូប បានពោលពាក្យមួយៗថា គាត់ឈឺជើងនេះ ដោយសារដួលនៅពេលដើរហែក្បួន កាលពីថ្ងៃអាទិត្យ។ ទោះជាយ៉ាងណា លោកយាយ ថ្លែងថា ការឈឺចាប់ដោយសារជំងឺ របួស និងភាពក្រីក្ររបស់គាត់នៅពេលនេះ គឺនៅតិចជាងការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការរំលោភយកដីពីសំណាក់អ្នកមានអំណាចនោះទេ ៖ “បឹងកក់ សំបុកចាប ខ្ញុំលឺស្រែកយំអណោចអធមណាស់ ខ្ញុំមានការឈឺចាប់ណាស់ខ្ញុំមកទាំងឈឺ ខ្ញុំឈឺចាប់ណាស់ធ្វើបាបខ្មែរ ស្រឡាញ់សាសន៍គេធ្វើបាបខ្មែរគ្នាឯង ប្ដេជ្ញាថាខ្ញុំមកលុះត្រាតែដួលនៅហ្នឹងកន្លែងទីលានប្រជាធិបតេយ្យ បើមិនអញ្ចឹងខ្ញុំនៅតែមក មកទាល់តែ ហ៊ុន សែន ចុះ បើ ហ៊ុន សែន មិនចុះខ្ញុំនៅតែមក ការដែលឈឺចាប់នេះ ឈឺជាងខ្ញុំឈឺជើងទៀត” ។
បន្ទាប់ពីក្បួនដង្ហែរបានត្រឡប់មកដល់ទីលានប្រជាធិបតេយ្យវិញ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមបាតុករថា លោកនឹងប្តូរយុទ្ធសាស្ត្រ ដង្ហែក្បួនជារៀងរាល់ថ្ងៃរហូតគ្រប់រយៈពេល៣ខែ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងបោះឆ្នោតជាថ្មី ៖“ដូច្នេះយើងចង់ផ្លាស់ប្ដូរកម្មវិធី ហើយយើងដើរដង្ហែក្បួនគ្រាប់សព្វគ្រប់បែបយ៉ាងទាំងអស់ឲ្យសប្បាយ សប្បាយនាំសារនេះ ហ៊ុន សែន អើយចុះចេញទៅ ៗៗ [សម្លេងបន្ទរ] ” ។
ពិការភ្នែកទាំងសងខាងដោយសារជំងឺ កំពុងអង្គុយបត់ជើង បែរមុខទៅឆាកតន្ត្រីស្តាប់ប្រសាសន៍របស់ថ្នាក់ដឹកនាំ លោក អ៊ុំ សុខ មកពីខេត្តកំពង់ស្ពឺ ថ្លែងថា គាត់ពិការភ្នែក តែចិត្តនោះទេ។ លោកថា គាត់ចង់ឲ្យមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះចុះចេញពីតំណែង និងបោះឆ្នោតជាថ្មី ព្រោះរដ្ឋាភិបាលនេះ មិនបានផ្តល់ភាពកក់ក្តៅដល់គាត់ជាជនពិការក្រីក្រនោះទេ ៖ “វាមានការព្រួយបារម្ភថា ព្រៃឈើយើងក៏អស់ សម្បតិ្ដវប្បធម៌ជាតិយើងក៏វាអស់ ចឹងហើយគេចង់ថា ដើម្បីឲ្យមានយុត្ដិធម៌ឡើងវិញណាក្មួយ ចឹងបានឲ្យបោះឆ្នោតឡើងវិញ ហើយនឹងទាមទារសន្លឹកឆ្នោតដែលខ្ញុំខំបោះហ្នឹង ដែលប្រជាជនខំបោះនឹងឲ្យបានមកវិញ” ។
ភាគច្រើននៃបាតុករទាំងនោះជាកសិករ មកពីខេត្តជិតៗ រាជធានីភ្នំពេញ ហើយក៏មានមួយចំនួនទៀតមកពីខេត្តឆ្ងាយៗ ដូចជា ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ និងរតនគិរីជាដើម។
ជនជាតិភាគដើមភាគតិចគ្រឹង លោក រ៉ាន់ សៃសឿន មកពីភូមិតាវែង ស្រុកតាវែង ខេត្តរតនគិរី និយាយថា ពួកគាត់ត្រូវចំណាយលុយ២០ម៉ឺនរៀល ដើម្បីធ្វើដំណើរមកចូលរួមមហាបាតុកម្មនៅភ្នំពេញនេះ។ លោកថា លុយនេះច្រើនណាស់សម្រាប់គាត់ជាអ្នកស្រែ តែគាត់មិនអាចទ្រាំរស់នៅក្នុងតំបន់ព្រៃភ្នំ ដែលត្រូវបានក្រុមហ៊ុន និងអាជ្ញាធរមានអំណាចគាបសង្កត់នោះទេ ៖ "បើអង្គការសហប្រជាជាតិមិនជួយទេ អញ្ចឹងសម្បទានដី ៩៩ឆ្នាំហ្នឹង ពិតជា ព្រៃឈើ ដីធ្លីរបស់ជនជាតិដើមភាគតិច ក៏ដូចបងប្អូនខ្មែរទូទាំងប្រទេស វានឹងត្រូវរលត់រលាយអស់ កូនចៅយើងថ្ងៃក្រោយវាអត់ស្គាល់ទេដើមឈើ ស្គាល់តែដីកៅស៊ូ ហើយដីធ្វើស្រែចម្ការក៏អស់ទៀត"។
ជនជាតិភាគដើមតិចព្រៅ មកពីភូមិកាទៀង ឃុំល្បាស់១ ស្រុកលំផាត់ ខេត្តរតនគិរី លោក កែវ សណ្តូយ រៀបរាប់ថា គាត់ត្រូវទុកការងារស្រែចម្ការឲ្យអ្នកផ្ទះធ្វើ ហើយគាត់មកចូលរួមធ្វើបាតុកម្មនេះ ព្រោះមិនពេញចិត្តនឹងមន្ត្រីរដ្ឋាភិបាលដែលចុះវាស់ដីយកពន្ធ ពីប្រជាសហគមន៍ក្នុង១ហិកតា ១៥ម៉ឺនរៀល។ លោកថា ប្រជាពលរដ្ឋមិនមានលទ្ធភាពបង់ជូនរដ្ឋនោះទេ ដូច្នេះមានតែប្តូរមេដឹកនាំដដែលនេះចេញ ៖ "រដ្ឋភិបាល ហ៊ុន សែន ទេ ខ្ញុំឃើញពិតណាស់ ដែលបង្ខំចិត្តរាងកាយប្រជាពលរដ្ឋហ្នឹង ឲ្យគោរពវិន័យគេ ឲ្យគោរពច្បាប់គេ ហើយបង្ខំចិត្តគេ បង់ពន្ធដីធ្លីអីអញ្ចឹង"។
ទោះជាគណបក្សសង្គ្រោះជាតិ និងបាតុករមិនពេញចិត្តនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ ៣០ឆ្នាំមកហើយនោះក្តី តែមន្ត្រីបក្សកាន់អំណាច លើកឡើងថា ការដឹកនាំរបស់ខ្លួនមានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។
ប៉ុន្តែការបោះឆ្នោតកន្លងមក ត្រូវបានអ្នកឃ្លាំមើលវាយតម្លៃថា មិនទាន់មានយុត្តិធម៌ទេ។ កត្តានេះហើយ គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្ម រយៈពេល៣ខែចាប់តាំងពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសារជាថ្មី។ ក្រុមបាតុករខ្លះប្តេជ្ញាថា ពួកគាត់និងបន្តធ្វើបាតុកម្មរហូតទាល់តែទទួលបានជ័យជំនះ ឲ្យតែពួកគាត់នៅមានជីវិត ៖"នៅចូលរួមដដែលរហូត បើថាអ៊ុំហ្នឹងបាត់បង់ជីវិតទៅ អាហ្នឹងមិនដឹងថាម៉េចទេ"៕
No comments:
Post a Comment
yes