សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 28, 2014

ក្រុមការងារ​UNនឹង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា យប់​នេះ​​

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​យប់​ថ្ងៃ​អង្គារ​នេះ នឹង​បើក​កិច្ចប្រជុំ​លើក​ទី ១៨ ស្តីពី​ការត្រួតពិនិត្យ​សិទ្ធិ​មនុស្ស​ជា​សកល (Universal Periodic Review, UPR) ទៅលើ​ប្រទេស​ចំនួន ១៤ ដែល​ក្នុងនោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ ឲ្យដឹងថា កិច្ចប្រជុំ UPR វាយតម្លៃ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ (UN) និង​រដ្ឋ​ជា​សមាជិក នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែ​មករា​នេះ វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល រហូតដល់​ម៉ោង ៦​ល្ងាច នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ដែល​ត្រូវ​នឹង​ម៉ោង ៨​និង ៣០​នាទី​យប់ រហូតដល់​ម៉ោង​១២​យប់ ម៉ោង​នៅ​រាជធានី​ភ្នំពេញ​។​
UPR គឺជា​ដំណើរការ​មួយ ដែល​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ វាយតម្លៃ​ជា​ប្រចាំ​ទៅតាម​ជុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​នីមួយៗ ដែល​មាន​រយៈពេល ៤​ម៉ោង និង​៣០​នាទី​។​
​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា ការត្រួតពិនិត្យ​សិទ្ធិមនុស្ស​ជា​សកល UPR នឹង​វាយតម្លៃ​ដោយ​ផ្អែកលើ​របាយការណ៍​របស់​រដ្ឋ​ផ្តល់​ជូន​ព័ត៌មាន ដែល​UN​ចងក្រង រួម​នឹង​របាយ​ការ​ណ៍​​សង្ខេប​ដែល​ដៃគូរ​ពាក់ព័ន្ធ បាន​ដាក់ជូន​។ ក្នុងនោះ ប្រទេស​ជា​សមាជិក ក៏​នឹង​ដាក់​ជា​សំណួរ​ជាមុន ដែល​កម្ពុជា ត្រូវ​ឆ្លើយតប​ជា​លាយ​លក្ខ​អក្សរ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ថ្មីៗ​នេះ ក៏​នឹង​ត្រូវ​បាន​លើក​មក​ពិនិត្យ​ពិភាក្សា​ផង​ដែរ ក្នុង​លក្ខខណ្ឌ​ដែល​កម្ពុជា មាន​កាតព្វកិច្ច​ជា​សកល​លើ​បញ្ហា​សិទ្ធិមនុស្ស​។​

​សម្រាប់​ប្រទេស​កម្ពុជា លោក ឱម យិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឬ​អនុប្រធាន​របស់​លោក នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ រួមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កម្ពុ​ជា​​មួយចំនួន និង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​នៅ​បឹង​កក់​។ ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​ស​ហប្រជាជាតិ និង​ស្តាប់​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ផង​ដែរ​។​
​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​UN បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ទទួលយក ដែល​អនុសាសន៍​ទាំងនោះ នឹង​ត្រូវ​វាយតម្លៃ​ជា​ថ្មី​ដោយ​រដ្ឋ​ជា​សមាជិក​UN ក្នុង​កិច្ចប្រជុំ​លើក​នេះ​ផងដែរ​។​
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បានចេញ​សេចក្តីថ្លែងការណ៍ ជំរុញ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​UN គួរតែ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដោយសារ​ការបរាជ័យ​ក្នុង​ការសន្យា​សារជាថ្មី​ក្នុង​ការធានា​ឲ្យមាន​ការគោ​រព សិទ្ធិមនុស្ស​។ ចំណែក សម្ព័ន្ធ​អង្គការ​សិទ្ធិមនុស្ស​ចំនួន​៤ ក៏​បាន​ចាត់ទុកថា នេះ​ជា​ឱកាស​មួយ ដែល​សហគមន៍​អន្តរជាតិ គប្បី​លើក​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើឡើង​បំបិទ​សេរីភាព​បញ្ចេញ​មតិ​របស់​សកម្ម​ជន អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន ដែល​ហ៊ាន​ចេញមុខ​រិះគន់​៕

No comments:

Post a Comment

yes