សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី ចូល​សួរ​សុខទុក្ខ ម៉ម សូណង់ដូ នៅ​គុក​ព្រៃស


នៅ​ថ្ងៃ​សុក្រ​ទី​១៧ ខែ​សីហា នេះ តំណាង​រាស្ត្រ​មួយ​ក្រុម​នៃ​គណបក្ស សម រង្ស៊ី ចូល​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។
RFA/Sek Bandith
អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ ចូល​រួម​ក្នុង​ពិធី​បួងសួង​សុំ​ឲ្យ​លោក ម៉ម សូណង់ដូ ឆាប់​ជា​សះ​ស្បើយ និង​ឆាប់​រួច​ពី​ការ​ឃុំឃាំង នា​វត្ត​អង្គមេត្រី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២។
ទន្ទឹម​គ្នា​នេះ​ដែរ សមាជិក​ជិត​៣០០​នាក់ នៃ​សមាគម​នេះ រួម​និង​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​លោក ក៏​បាន​នាំគ្នា​ប្រារព្ធ​ពិធី​មួយ នៅ​វត្ត​អង្គ​មេត្រី​ដែល​ឋិត​នៅ​ជាប់​នឹង​គុក​ព្រៃស នោះ ដើម្បី​បួងសួង​សុំ​អោយ​លោក ម៉ម សូណង់ដូ ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ដែល​លោក​កំពុង​មាន និង​អោយ​លោក​បាន​ឆាប់​រួច​ពី​ការ​ឃុំឃាំង។
នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​គេ​ចាត់​ទុក​ថា​ជា​វិទ្យុ​ឯករាជ្យ​មួយ​នៅ​កម្ពុជា ត្រូវ​បាន​ឆ្មាំ​គុក​ពីរ​នាក់​នាំ​មក​ជួប​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​កំពុង​អង្គុយ​ចាំ​នៅ​តូប​មួយ​ក្នុង​បរិវេណ​គុក​ព្រៃស។
លោក​បង្ហាញ​ទឹក​មុខ​រីករាយ​ណាស់​ពេល​ដែល​បាន​ជួប​អ្នក​មក​សួរ​សុខទុក្ខ។ លោក​មាន​ប្រសាសន៍​ថា លោក​ចង់​ពាក់​ក្រវ៉ាត់ក​ដែរ តែ​ថា​លោក​ដូរ​ចិត្ត​វិញ ត្បិត​ក្រវ៉ាត់ក​ធ្វើ​អោយ​លោក​កាន់​តែ​ថប់​ដង្ហើម​ណាស់។ លោក​បន្ត​ថា លោក​មាន​ជំងឺ​រាគ​ពីរ បី​ថ្ងៃ​ហើយ។

អ្នកស្រី មូ សុខហួរ ដែល​ជា​ប្រធាន​គណៈប្រតិភូ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​បាន​ទៅ​សួរ​សុខទុក្ខ​លោក ម៉ម សូណង់ដូ រៀប​រាប់​បន្ថែម​ពី​ស្ថានភាព​របស់​លោក៖ «ខ្ញុំ​ឃើញ​សុខភាព​របស់​គាត់​ទ្រុឌទ្រោម​ណាស់ គាត់​ក៏​បាន​សម្ដែង​នូវ​ការ​ហត់ នូវ​ការ​លំបាក​នៅ​ក្នុង​រាងកាយ ដោយ​សារ​ទទួល​ទាន​អាហារ​អត់​មាន​អនាម័យ។ គាត់​បាន​សុំ ហើយ​ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​គាំទ្រ​ដែរ។ ខ្ញុំ​គាំទ្រ​ថា គាត់​នឹង​សុំ​ឲ្យ​មាន​ការ​ចេញ​មួយ​រយៈ ដើម្បី​ចូល​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្រៅ​ពី​កន្លែង​ពន្ធនាគារ។ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​មាន​ការ​យោគយល់​ទៅ​ដល់​សភាពការណ៍​ជាក់ស្តែង​របស់​គាត់»
លោក ម៉ម សូណង់ដូ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ថា លោក​បាន​ដឹក​នាំ​បង្កើត​តំបន់​អបគមន៍។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ម៉ម សូណង់ដូ ប្រកែក។
នៅ​ក្នុង​ការ​ជួប​សួរ​សុខទុក្ខ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ សីហា នេះ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​ចូល​រួម​ក្នុង​ចលនា​នេះ​ទេ ហើយ​ថា កិច្ចការ​ចម្បង​របស់​លោក គឺ​ខិត​ខំ​រក​ថវិកា​ដើម្បី​ទ្រទ្រង់​ការ​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ ដើម្បី​ជួយ​ជំរុញ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
លោក​មាន​ប្រសាសន៍​ទាំង​ខ្សឹកខ្សួល​ថា ប្រសិន​បើ​លោក​នៅ​ជាប់​ពន្ធនាគារ​យូរ លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​ស្ថានីយ​វិទ្យុ​របស់​លោក។ អ្នកស្រី មូរ សុខហួរ ក៏​ព្រួយ​បារម្ភ​ពី​អនាគត​នៃ​វិទ្យុ​សំបុក​ឃ្មុំ និង​សេរីភាព​បញ្ចេញ​មតិ​ដែរ៖ «ច្បាស់​ហើយ បើ​សិន​ជា​ប្រធាន​វិទ្យុ​មួយ​ទាំង​មូល​នៅ​ពន្ធនាគារ​ទៅ​ហើយ ហើយ​ប្រជារាស្ត្រ​លោក​រាប់​លាន​នាក់​លោក​មាន​ការ​សង្ឃឹម​ទៅ​លើ​វិទ្យុ​ហ្នឹង តើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ឯ​ណា? ប្រធាន​នៃ​ស្ថានីយ​វិទ្យុ​ក្តី ទូរទស្សន៍​ក្តី​ទាំង​មូល គឺ​ជា​អ្នក​គ្រប់គ្រង​ស្ថានីយ​នៃ​កម្មវិធី​ទាំង​មូល។ ហើយ​ម៉្យាង​ទៀត បើ​យើង​គិត​អំពី​ថវិកា តើ​អ្នក​ណា​ទ្រទ្រង់? ដូច្នេះ ពួក​ខ្ញុំ​ឮ​សូរ​ភ្លាម ខ្ញុំ​ត្រូវ​តែ​រួម​គំនិត​ជាមួយ​នឹង​អ្នក​តំណាង​រាស្ត្រ​ដទៃ​ទៀត ពី​ព្រោះ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដែល​គេ​អាច​ជួយ​បាន​ក្នុង​ការ​ការពារ​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ​ហ្នឹង ឲ្យ​នៅ​តែ​បន្ត​ដដែល មាន​គុណភាព​រឹត​តែ​ល្អ​ជាង​មុន ហើយ​ផ្សព្វ​ផ្សាយ​រឹត​តែ​ខ្លាំង​ជាង​មុន»
ទោះ​ជា​អ្នកស្រី​មាន​សង្ឃឹម​ថា អ្នកស្រី​នឹង​ខិតខំ​រក​ជំនួយ​ទ្រទ្រង់​វិទ្យុ​នេះ ខណៈ​ដែល​លោក ម៉ម សូណង់ដូ កំពុង​ជាប់​ឃុំឃាំង​ក៏​ដោយ។ អ្នកស្រី​គិត​ថា ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ជា​ការ​ឃុំឃាំង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៖ «មួយ​ថ្ងៃ មួយ​វិនាទី ដែល​លោក ម៉ម សូណង់ដូ ជាប់​នៅ​ក្នុង​ពន្ធនាគារ​ជា​មួយ​វិនាទី​នៃ​ការ​បិទ​សេរីភាព​របស់​គាត់ ដែល​ជា​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​សេរីភាព​រស់​ជា​មនុស្ស រស់​ដោយ​ភាព​ថ្លៃថ្នូរ ហើយ​និង​សេរីភាព​នៅ​ក្នុង​ការ​ចូល​រួម​កសាង​ប្រទេស​ជាតិ។ លោក ម៉ម សូណង់ដូ បាន​ចូល​រួម​នៅ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ សូម​ឲ្យ​លោក​មាន​សេរីភាព»
នៅ​ឯ​ក្រៅ​បរិវេណ​គុក គឺ​នៅ​ក្នុង​វត្ត​អង្គមេត្រី ឯណេះ​វិញ អ្នក​គាំទ្រ​លោក​ក៏​បាន​បួងសួង​សុំ​អោយ​លោក​ឆាប់​បាន​ជា​សះ​ស្បើយ និង​ឆាប់​រួច​ពី​ការ​ឃុំឃាំង។ អគ្គលេខាធិការ​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី ហួន ផាន់ណារី មាន​ប្រសាសន៍​ថា អ្នកស្រី​បួងសួង​អោយ​លោក ម៉ម សូណង់ដូ ឆាប់​ជា​ផង និង​អោយ​លោក​ឆាប់​បាន​ចេញ​ពី​ការ​ឃុំឃាំង​ផង ដើម្បី​អោយ​លោក​អនុវត្ត​នូវ​ក្តី​ស្រមៃ​របស់​លោក​ផង នោះ​គឺ​ការ​ចង់​ចូល​រួម​ចំណែក​អោយ​សង្គម​ខ្មែរ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «ពួក​ខ្ញុំ​នាំ​គ្នា​មក​បួងសួង​ហ្នឹង ដើម្បី​សុំ​សេចក្តី​សុខ និង​សុំ​ឲ្យ​គាត់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​រោគា​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន»
សមាជិក​ម្នាក់​ទៀត​នៃ​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ លោក ឆ័យ សិទ្ធិរិទ្ធី ដែល​អះអាង​ថា ធ្លាប់​ស្គាល់ និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក ម៉ម សូណង់ដូ ជាង​ដប់​ឆ្នាំ​ហើយ​នោះ មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ម៉ម សូណង់ដូ បាន​ឡើយ៖ «រឿង​អបគមន៍​អី​ហ្នឹង គឺ​ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ អា​បួន​ខ​បួន​ចំណុច​ហ្នឹង គឺ​គ្មាន​តែ​ហ្មង ពីព្រោះ​ខ្ញុំ​នៅ​ធ្វើ​ការ​ជាមួយ​គាត់​យូរ​ហើយ ហើយ​ខ្ញុំ​ស្គាល់​គាត់​នេះ​ដប់​ពីរ​ឆ្នាំ​ហើយ ហើយ​មនុស្ស​ល្អ​ណាស់ ខ្ញុំ​ត្រូវ​តែ​ការពារ​ខ្ញុំ​ត្រូវ​តែ​គោរព»
អ្នកស្រី មូរ សុខហួរ ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ មិន​ត្រឹម​ត្រូវ​ទេ។ អ្នកស្រី​ចោទ​ប្រកាន់​ថា រឿង​ទំនាស់​នៅ​ខេត្ត​ក្រចេះ គឺ​រដ្ឋាភិបាល​ជា​អ្នក​បង្កើត​ឡើង ហើយ​គឺ​រដ្ឋាភិបាល​ខ្លួន​ឯង​ត្រូវ​តែ​ដោះស្រាយ មិន​ត្រូវ​មក​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទេ៖ «ពីព្រោះ​រឿង​ហ្នឹង មែន​ទែន​ជា​រឿង​ដីធ្លី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​នៅ​ឯ​ក្រុមហ៊ុន រឿង​នេះ​គួរ​តែ​រដ្ឋាភិបាល​សើរើ​ករណី​ខ្លួន​ឯង​វិញ។ ខ្ញុំ​យល់​ឃើញ​ថា រឿង​នេះ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ជា​រឿង​ធ្ងន់ធ្ងរ​ណាស់»
ខុស​ពី​រដ្ឋាភិបាល​ដែល​ចោទ​លោក ម៉ម សូណង់ដូ ថា​ជា​មេខ្លោង​ដឹក​នាំ​ចលនា​អបគមន៍ អ្នកស្រី មូរ សុខហួរ ចាត់​ទុក​លោក ម៉ម សូណង់ដូរ ដូច​ជា​វីរបុរស ជា​ជន​ស្នេហា​ជាតិ និង​សុំ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​លោក​អោយ​មាន​សេរីភាព៖«គាត់​ជា​អ្នក​ស្នេហា​ជាតិ ជា​វីរបុរស​មួយ​ដែល​យើង​ត្រូវ​តែ​គោរព ខ្ញុំ​គោរព​ណាស់ ខ្ញុំ​សូម​សម្ដេច​នាយក​រដ្ឋមន្ត្រី​មេត្តា​ពិចារណា​គិត​មើល​សារ​ឡើង​វិញ មិន​ទាន់​យឺត​ពេល​ទេ។ សម្ដេច​នាយក​រដ្ឋមន្ត្រី​គួរ​តែ​ពិចារណា​មើល ទុក​ឲ្យ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​គ្នា​ការពារ​ទឹក​ដី​ជាមួយ​នឹង​សម្ដេច ប្រសើរ​ជាង​យក​អ្នក​ស្នេហា​ជាតិ​ដាក់​ចូល​ពន្ធនាគារ»
នេះ​ជា​លើក​ទី​បី​ហើយ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ដាក់​គុក​ព្រៃស។ លើក​ទី​១ គឺ​នៅ​ឆ្នាំ​២០០៣ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ពី​បទ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​រំជើបរំជួល​មួយ ដុត​ស្ថានទូត​ថៃ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ លើក​ទី​២ គឺ​នៅ​ឆ្នាំ​២០០៥ ទាក់ទង​រឿង​បទ​សម្ភាសន៍​ជាមួយ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ ប្រចាំ​ប្រទេស​បារាំង ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។ លើក​ទី​៣​នេះ គឺ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​ចោទ​ថា​លោក​មាន​បំណង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

No comments:

Post a Comment

yes