មន្ត្រីបក្សប្រឆាំងបានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ដែលប្រសូតចេញពីការរួបរួមរវាងគណបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស នឹងចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២។
អ្នកវិភាគនយោបាយសង្គម បានចាត់ទុកការបង្កើតគណបក្សថ្មីរួមគ្នារបស់បក្សប្រឆាំងទាំងពីរនេះ ជាពន្លឺឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ខាងមុខ។
គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ បានរៀបចំសមាសភាពមានសមាជិកចំនួន៨៥នាក់ ដើម្បីបង្កើតគណបក្សថ្មីមួយ មានឈ្មោះថា គណបក្សសង្គ្រោះជាតិ ឲ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក ប៉ុល ហំម មន្ត្រីនាំពាក្យគណបក្ស សិទ្ធិមនុស្ស និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកបានឲ្យដឹងនៅថ្ងៃសុក្រ ទី១៧ ខែសីហា ថា គណបក្សទាំងពីរបានជ្រើសតាំងគណៈកម្មាធិការគណបក្សបណ្ដោះអាសន្នចំនួន៧រូប សម្រាប់គណបក្សថ្មី គឺមកពីគណបក្ស សម រង្ស៊ី ៤រូប និងបក្ស សិទ្ធិមនុស្ស ៣រូប ធ្វើជាថ្នាក់ដឹកនាំ ដើម្បីរៀបចំឯកសារចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
លោក ប៉ុល ហំម ឲ្យដឹងថា លោក សម រង្ស៊ី ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការបណ្ដោះអាសន្នក្នុងគណបក្សសង្គ្រោះជាតិ ទើបបង្កើតថ្មី ហើយរូបលោកជាអនុប្រធាន។
លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានព្រមព្រៀងចុះហត្ថលេខាបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំង ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។
ការបង្កើតចលនានេះ ដើម្បីឈានទៅបង្កើតបក្សថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ប៉ុន្តែ ចលនានេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងចំអក និងប្រដូចសម្ព័ន្ធភាពគណបក្សប្រឆាំងទៅនឹងព្យុះក្នុងក្អម ហើយថាគណបក្សប្រជាជនកម្ពុជា មិនព្រួយបារម្ភ ឬព្រឺព្រួចចំពោះចលនាសង្គ្រោះជាតិនេះបន្តិចណាទេ។
លោក ហ៊ុន សែន គ្មានជំនឿថា សម្ព័ន្ធភាពរវាងគណបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស អាចមានអាយុកាលវែងទេ ព្រោះនឹងមានជម្លោះបែកបាក់ដណ្ដើមតួនាទីផ្តល់ជូនសមាជិកបក្សតែរៀងៗខ្លួន។
ទោះលោក ហ៊ុន សែន បានចំអកបែបនេះក្តី ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យយល់ថា ប្រមុខដឹកនាំកំពុងភ័យបារម្ភចំពោះសម្ព័ន្ធភាពរវាងគណបក្សប្រឆាំងទាំងពីរ។
ត្រង់ចំណុចនេះ លោក ប៉ុល ហំម ថ្លែងថា ទោះលោក ហ៊ុន សែន ប្រកាសក្ដែងៗថាមិនភ័យខ្លាចសម្ព័ន្ធភាព ឬចលនាសង្គ្រោះជាតិរបស់គណបក្សប្រឆាំងក្តី តែក្នុងដួងចិត្តលោកព្រួយបារម្ភពេកក្រៃ។
បញ្ហានេះដែរ អ្នកវិភាគនយោបាយសង្គមមិនបង្ហាញអត្តសញ្ញាណម្នាក់ បានថ្លែងថា បើចលនាសង្គ្រោះជាតិ របស់គណបក្សប្រឆាំងអាចបង្កើតគណបក្សថ្មីមួយចូលរួមការបោះឆ្នោតជាតិអាណត្តិទី៥មែននោះ បក្សថ្មីនោះនឹងមានសំឡេងគាំទ្រប្រដំប្រសងគ្នាជាមួយបក្សកាន់អំណាច ឬអាចឈ្នះការបោះឆ្នោតជាតិថែមទៀត បើការបោះឆ្នោតគ្មានការគំរាមកំហែង មានឯករាជ្យ និងមានយុត្តិធម៌នោះ។
លោកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី ក៏បានឲ្យដឹងថា គណបក្សថ្មីប្រសូតពីកិច្ចព្រមព្រៀងរវាងគណបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស បានលេចចេញជារូបរាងហើយ មានឈ្មោះថា គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ នឹងត្រៀមទៅចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃឲ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ នៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខ។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក (Nicfec) លោកមិនវិភាគចំពោះលទ្ធផលបោះឆ្នោតរវាងគណបក្សកាន់អំណាច ឬបក្សប្រឆាំងមួយណាមានប្រៀបជាងបក្សណាទេសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣។ ប៉ុន្តែលោកថា បើការបោះឆ្នោតមានភាពយុត្តិធម៌ គ្មានការគំរាមកំហែង និងមានឯករាជ្យ គណបក្សថ្មីដែលកើតពីសម្ព័ន្ធភាពបក្សប្រឆាំងអាចមានសំឡេងគាំទ្រច្រើន។
ច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានអនុម័ត និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៩៧ ត្រង់ជំពូកទី២ ស្ដីពីការបង្កើតគណបក្សនយោបាយ កំណត់ថា ប្រជាពលរដ្ឋខ្មែរមានចំនួនយ៉ាងតិច៨០នាក់ មានអាយុពី១៨ឆ្នាំឡើងទៅ និងមានទីលំនៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា មានសិទ្ធិបង្កើតគណបក្សនយោបាយ ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខអក្សរទៅក្រសួងមហាផ្ទៃ។
គណបក្សបង្កើតថ្មី ត្រូវបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការគណបក្សបណ្ដោះអាសន្នមានសមាជិកយ៉ាងតិច៧រូប និងមានអាយុយ៉ាងតិច២៥ឆ្នាំ សម្រាប់រៀបចំបែបបទ និងបំពេញលក្ខខណ្ឌ នៃការសុំចុះបញ្ជីគណបក្សនយោបាយតាមការកំណត់ ដូចមានចែងក្នុងជំពូកទី៥ នៃច្បាប់ដើម្បីទទួលសុពលភាព។
ច្បាប់ស្ដីពីគណបក្សនយោបាយត្រង់ជំពូកទី៣ មាត្រាទី១៥ ក៏បានកំណត់ថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗមិនអាចជាសមាជិកគណបក្សនយោបាយលើសពី១ ក្នុងពេលតែ១បានទេ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សដទៃ សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ។
ដោយឡែកការចុះបញ្ជីគណបក្សនយោបាយ ច្បាប់ស្ដីពីគណបក្សនយោបាយត្រង់ជំពូកទី៥ បញ្ជាក់ថា គណបក្សនយោបាយសុំចុះបញ្ជីគណបក្សត្រូវមានសមាជិកយ៉ាងតិច៤ពាន់នាក់ មកពីតាមបណ្ដាខេត្ត-ក្រុងនានា ក្នុងប្រទេសកម្ពុជា។ សមាជិកនោះមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានអាសយដ្ឋាន ស្នាមមេដៃ មានប័ណ្ណសមាជិកគណបក្ស និងកាលបរិច្ឆេទចូលសមាជិកភាពគណបក្សនយោបាយឲ្យបានច្បាស់លាស់។
រីឯច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជំពូកទី៤ ត្រង់មាត្រា៣៤ថ្មី បានកំណត់ថា ពលរដ្ឋកម្ពុជាដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានដូចជាជនត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម និងមិនទាន់មាននីតិសម្បទាឡើងវិញ ឬជាជនត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត។
រីឯជនដែលត្រូវដកហូតសិទ្ធិបោះឆ្នោត ឬជនត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោតបណ្ដោះអាសន្ន ផ្ដើមដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានដែរ។
កាលបរិច្ឆេទនៃការចុះឈ្មោះតំណាងគណបក្សនយោបាយ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។ ចំណែកកាលបរិច្ឆេទនៃការបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes