ភ្នំពេញ៖របាយការណ៍សន្តិសុខស្បៀងសកលប្រចាំឆ្នាំ២០១២ របស់ អ៊ី.អាយ.យូ បានបង្ហាញថា ចំនួនស្បៀងគ្រប់គ្រាន់ គុណភាពស្បៀង និងភាពអាចរកបានគ្រប់ពេលនៃស្បៀងអាហារ នៅក្នុងចំណោមប្រទេសចំនួន១០៥ លើពិភពលោក ថា ប្រទេសកម្ពុជាជាប្រទេសងាយរងគ្រោះជាងគេ។
នៅក្នុងរបាយការណ៍បានរកឃើញថា ការកើនឡើងនៃតម្លៃស្បៀងអាហារនៅលើពិភពលោកបានកើនឡើងប្រមាណបីដង ខ្ពស់ជាងតម្លៃអតិផរណា នៅទសវត្សរ៍ចុងក្រោយនេះ មានន័យថា តម្លៃស្បៀងអាហារបានកើនឡើង១៣៨% កំឡុងពេល១០ឆ្នាំចុងក្រោយ ប៉ុន្តែតម្លៃអតិផរណាបានឡើងតែ៤៦%ប៉ុណ្ណោះ។ កត្តានេះ បានធ្វើឲ្យប្រជាជនច្រើនលាននាក់ ធ្លាក់ក្នុងភាពក្រីក្រ ហើយប្រភេទនៃទំនិញកសិកម្មមូលដ្ឋាន ដែលជាតម្រូវការសំខាន់សម្រាប់ប្រជាជនទូទៅ មានការកើនឡើងខ្ពស់ គឺថ្លៃពោត សណ្ដែក ស្រូវសាលី និងអង្ករជាដើម។
របាយការណ៍របស់ អ៊ី.អាយ.យូ ដដែលបានបង្ហាញទៀតថា ការកើនឡើងនេះគឺដោយសារតែប្រជាជននៅលើពិភពលោកមានជីវភាពកាន់តែ ប្រសើរឡើងជាងរយៈពេល៥០ឆ្នាំកន្លងទៅ ហើយប្រជាជននៅប្រទេសដែលមានការអភិវឌ្ឍនានាបានចំណាយលើអាហារ និងសាច់សត្វ កាន់តែកើនឡើង រួមទាំងការចំណាយលើសម្ភារៈកសិកម្ម និងថ្លៃប្រេងសាំង បានជំរុញឲ្យថ្លៃផលិតកម្មកសិកម្មកាន់តែកើនឡើងខ្ពស់។
ធនាគារពិភពលោកបានបង្ហាញថា ការកើនឡើងថ្លៃស្បៀងអាហារសកល បានធ្វើឲ្យប្រជាជនប្រមាណ៤៤លាននាក់ធ្លាក់ចូលនៅក្នុងភាពក្រីក្រ ជាពិសេស នៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រ។
ដើម្បីទប់ទល់នឹងបញ្ហានេះ អង្គការស្បៀងអាហារពិភពលោក បានរាយការណ៍ថា ផលិតភាពកសិកម្ម គឺទាមទារការបង្កើនឲ្យបានប្រមាណ៥០% ទៅ ៧០%ទៀត ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារពិភពលោកបាននៅឆ្នាំ២០៥០ ខាងមុខ។
ប្រទេសកម្ពុជា ជាប្រទេសដែលងាយប្រឈមនឹងគ្រោះធម្មជាតិ ហើយបញ្ហានេះនឹងបង្កឲ្យចំនួនប្រជាជនជាច្រើន ធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនលើសលុប ជាអ្នកធ្វើកសិកម្ម ហើយពួកគាត់ទាំងនោះគឺជាអ្នកងាយរងគ្រោះខ្លាំងពីគ្រោះធម្មជាតិ ឬការកើនឡើងនៃតម្លៃស្បៀងអាហារជាដើម។
អ្នកស្រាវជ្រាវនៅសមាគមសេដ្ឋកិច្ចកម្ពុជា លោក ហេង ឌីណា មានប្រសាសន៍ថា ការកើនឡើងថ្លៃម្ហូបអាហារ ឬអតិផរណា មានទំនាក់ទំនងដោយផ្ទាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជនទូទៅ ក្នុងប្រទេសនីមួយៗ ដោយលោកបញ្ជាក់ថា បើតម្លៃអតិផរណានេះកើនឡើងខ្លាំង មានន័យថា ប្រជាជននីមួយៗអាចទិញទំនិញបានតិចជាងមុន ដែលកត្តានេះអាចជះឥទ្ធិពលដល់ប្រជាជនដែលមានប្រាក់ចំណូលទាប។
តែទោះជាយ៉ាងណាក៏ដោយ លោក ហេង ឌីណា មានប្រសាសន៍ថា កត្តាដែលធ្វើឲ្យមានអត្រាអតិផរណានៅប្រទេសកម្ពុជា មានដូចជាការផ្គត់ផ្គង់ម្ហូបអាហារថយចុះ នៅពេលកើតមានគ្រោះធម្មជាតិ ដែលអាចធ្វើឲ្យតម្លៃទំនិញប្រើប្រាស់ហ្នឹងកើនឡើងបាន។ ហើយការផ្គត់ផ្គង់ទាំងនោះ ក៏ទាក់ទងនឹងប្រទេសជិតខាងដែរ ព្រោះប្រទេសកម្ពុជា នាំទំនិញច្រើនពីប្រទេសថៃ និងវៀតណាម មានន័យថា នៅពេលដែលមានការកើនឡើងថ្លៃម្ហូបអាហារនៅប្រទេសទាំងនោះអាចជះ ឥទ្ធិពលដល់អតិផរណានៅកម្ពុជា។
កត្តាមួយទៀត គឺដោយសារតែកំណើនសេដ្ឋកិច្ច ឬតម្រូវការក្នុងស្រុកកើនឡើង មានន័យថា ប្រជាជនបានចំណាយលុយច្រើនជាងមុន ដើម្បីចំណាយលើម្ហូបអាហារដែលធ្វើឲ្យតម្លៃទំនិញកើនឡើងដែរ និងកត្តាសំខាន់មួយទៀត គឺទាក់ទងនឹងអត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក មានន័យថា ប្រសិនដុល្លារអាមេរិកឡើងថ្លៃ ធ្វើឲ្យទំនិញដែលលក់ជាដុល្លារឡើងថ្លៃដែរ។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា ការកើតមាននូវគ្រោះធម្មជាតិជាបញ្ហាបង្កឲ្យមានអសន្តិសុខស្បៀង ដូចជាគ្រោះទឹកជំនន់ បានបំផ្លាញដំណាំ សត្វ ពាហនៈ ហេដ្ឋារចនាសម្ព័ន្ធ និងជីវិតមនុស្ស ទ្រព្យសម្បត្តិ ហើយជារៀងរាល់ឆ្នាំ កម្ពុជាត្រូវខាតបង់អស់ពី១០០លាន ទៅ១៧០លានដុល្លារ។ ម្យ៉ាងវិញទៀត តាមការប៉ាន់ស្មាន ការខូចខាតដោយព្យុះគេតសាណា ក្នុងឆ្នាំ២០០៩ មានតម្លៃប្រមាណជាង១៣០លានដុល្លារអាមេរិក។
អគ្គ លេខាធិការរងនៃក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស្រុន ដារិទ្ធិ មានប្រសាសន៍ថា នៅប្រទេសកម្ពុជាមានស្បៀងសល់គិតជាអង្ករប្រមាណ២លាន៧សែនតោន ប៉ុន្តែភាគច្រើនបានលក់ចេញទៅប្រទេសជិតខាង ដោយលោកបញ្ជាក់ថា ដើម្បីទប់ស្កាត់ហានិភ័យនានាដែលកើតឡើងជាយថាហេតុនៅពេលខាងមុខនោះ រដ្ឋាភិបាលកំពុងបង្កើតឲ្យមានប្រព័ន្ធស្បៀងបម្រុងមួយនៅប្រទេស កម្ពុជា ដែលគ្រោងនឹងអនុម័តនៅពេលខាងមុខ៕
No comments:
Post a Comment
yes