លោកស្រី ទេព វន្នី (ពាក់អាវខ្មៅ) ឈរលើកបដានៅមុខស្នាក់ការកណ្ដា
លគណបក្សប្រជាជនកម្ពុជា ដើម្បីពន្លឿនឲ្យលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍
ដោះស្រាយដីជាង ១២ហិកតារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣
ស្របពេលជាមួយគ្នានោះដែរ ក៏មានសហគមន៍ចំនួន ៣ផ្សេងទៀត ក៏បានធ្វើសកម្មភាពដូចគ្នានេះដែរ រួមមានសហគមន៍បុរីកីឡា ព្រែកអញ្ចាញ និងសហគមន៍ថ្មគោល តំបន់ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទាមទារសុំឲ្យលោកនាយករដ្ឋមន្ត្រីដោះស្រាយក្នុងជម្លោះដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុនឯកជនដែលបានឈូសឆាយរំលោភយក។
ពលរដ្ឋតំបន់បឹងកក់ ប្រមូលផ្ដុំនៅខាងមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដើម្បីពន្លឿនក្នុងការដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ តាមគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាត់ដីចេញពីចំណែករបស់ក្រុមហ៊ុនស៊ូកាគូ ប្រមាណជាង ១២ហិកតារ។
លោកស្រី ទេព វន្នី តំណាងសហគមន៍តំបន់បឹងកក់ មានប្រសាសន៍នៅថ្ងៃទី១៧ មករា ថា អ្វីដែលធ្វើឲ្យពលរដ្ឋនៅតែបន្តទាមទាររកដំណោះស្រាយមិនឈប់ឈរនេះ នោះក៏ព្រោះតែស្ថាប័នពាក់ព័ន្ធនានាមិនដោះស្រាយតាមសំណើរបស់ពលរដ្ឋក្នុងពេលកន្លងទៅ។ លោកស្រីគិតថា មានតែគណបក្សប្រជាជនកម្ពុជា ទេ ដែលអាចដោះស្រាយ និងផ្សះផ្សាក្នុងជម្លោះដីធ្លីនេះបាន ព្រោះលោក ឡៅ ម៉េងឃីន ដែលជាភាគីជម្លោះនៅតំបន់បឹងកក់ គឺជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
លោកស្រី ទេព វន្នី៖ «មានតែការប្រើអំពើហិង្សា មានតែការលាបពណ៌ ការចោទប្រកាន់យកទៅដាក់គុកក្នុងពន្ធនាគារព្រៃស។ ការប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់។ ដូច្នេះហើយ គណបក្សប្រជាជនកម្ពុជា មិនត្រូវធ្វើការព្រងើយកន្តើយជាមួយនឹងប្រជាជនខ្លួនឯងទេ ត្រូវតែធ្វើការបម្រើប្រជាជនក្នុងនាមប្រជាជនជាម្ចាស់អំណាច។ យើងសង្ឃឹមថាគណបក្សប្រជាជន នឹងធ្វើការពិតបម្រើប្រជាជន»។
ក្រោយពីធនាគារពិភពលោក (World Bank) សម្រេចបង្កកជំនួយដល់រដ្ឋាភិបាលកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១០ ដែលមានជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសក្នុងវិវាទដីធ្លីនៅតំបន់បឹងកក់។ បន្ទាប់ពីគោលនយោបាយរបស់ធនាគារពិភពលោក នេះ កាលថ្ងៃទី១១ សីហា ឆ្នាំ២០១១ លោក ហ៊ុន សែន បានសម្រេចកាត់ដីជាង ១២ហិកតារឲ្យពលរដ្ឋជាង ១ពាន់គ្រួសារ ក្នុងតំបន់បឹងកក់ ក្នុងន័យដើម្បីបញ្ចប់វិវាទ។ ក៏ប៉ុន្តែ លោកស្រី ទេព វន្នី អះអាងថា គោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនេះ ហាក់ពុំមានប្រសិទ្ធភាពនោះទេ ព្រោះអនុក្រឹត្យដែលលោក ហ៊ុន សែន កាត់ចេញពីចំណែកដីក្រុមហ៊ុនស៊ូកាគូ របស់លោក ឡៅ ម៉េងឃីន នេះ ពលរដ្ឋនៅមិនទាន់ទទួលបាននៅឡើយ។
លោក សំរិទ្ធ សារុន ប្រធានគ្រប់គ្រងគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារបស់លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលញត្តិរបស់ពលរដ្ឋដោយផ្ទាល់។ លោកមានប្រសាសន៍ថា លោកនឹងយកសំណើរបស់ពលរដ្ឋនេះដាក់ជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ។ ទោះជាបែបណា លោក សំរិទ្ធ សារុន បដិសេធថា គណបក្សប្រជាជនកម្ពុជា ពុំមែនជាអាជ្ញាធរ ឬស្ថាប័នជំនាញដែលត្រូវដោះស្រាយនោះទេ។
លោក សំរិទ្ធ សារុន៖ «តែបើប្អូនចង់ដាក់ញត្តិដាក់អីទៅដាក់ជូនថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន អាហ្នឹងខ្ញុំទទួលយកបាន។ តែការសិទ្ធិសម្រេចដោះស្រាយយ៉ាងណាៗ គឺអាស្រ័យទៅលើថ្នាក់ដឹកនាំរបស់គណបក្ស ហើយគណបក្សយើងខ្ញុំក៏មិនមានសិទ្ធិសម្រេចក្នុងការឲ្យអ្នកណាឈ្នះអ្នកណាចាញ់ដែរ គឺគ្រាន់តែថាចម្លងញត្តិនេះជូនឲ្យទៅអាជ្ញាធរដែនដី»។
ការតវ៉ានេះ ពលរដ្ឋប្រមាណ ១០០នាក់ដែលមកពីសហគមន៍ខុសៗគ្នាចំនួន៤ មានសហគមន៍បឹងកក់ បុរីកីឡា ព្រែកអញ្ចាញ និងសហគមន៍ថ្មគោល តំបន់ពោធិចិនតុង បានប្រមូលផ្ដុំនៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ មករា ដើម្បីទាមទារស្វែងរកដំណោះស្រាយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងជម្លោះដីធ្លី។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន គិតថា ការដោះស្រាយចំពោះវិបត្តិដីធ្លីនេះ វាពុំមែនជាឧបសគ្គនោះទេ។ លោកបន្តថា តែអ្វីដែលជាបញ្ហានៅតែបន្តកើតមាននោះគឺអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំប៉ុណ្ណោះ៖ «វាសំខាន់ គឺឆន្ទៈរបស់អ្នកដឹកនាំរបស់រដ្ឋាភិបាលនោះណា តើគាត់ចង់ដោះស្រាយឬអត់។ បើសិនជាគាត់មានឆន្ទៈ គាត់មានការប្ដេជ្ញាចិត្តខ្ពស់ ហើយគាត់តម្កល់តម្លៃប្រជាពលរដ្ឋហ្នឹងធំដូចតាមអើទ្រឹស្ដីប្រជាធិបតេយ្យ គឺរាស្ត្រធំជាងរដ្ឋនោះ។ បើសិនជាគាត់តម្កល់តម្លៃរាស្ត្រធំជាងរដ្ឋ អាហ្នឹងប្រហែលអត់មានអីត្រូវដោះស្រាយទេ ព្រោះអីបញ្ហាទាំងអស់ហ្នឹងកើតចេញពីមនុស្ស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងមិនដោះស្រាយនោះឡើយប្រសិនបើជម្លោះនោះមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ ឬអង្គការក្រៅរដ្ឋាភិបាលលូកដៃ។ ករណីនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ចាត់ទុកថា លោក ហ៊ុន សែន កំពុងបង្កើតវប្បធម៌រើសអើងពលរដ្ឋក្នុងសង្គម៕
No comments:
Post a Comment
yes