មន្ត្រីក្រុមប្រឹក្សាខេត្ត និងជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ទទួលរងនូវការគំរាមសម្លាប់ដោយជនមិនស្គាល់មុខតាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែមករា។
មន្ត្រីរូបនេះកំពុងតែស្វែងរកទីតាំងមានសុវត្ថិភាពដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន និងមានគម្រោងប្ដឹងទៅក្រុមប្រឹក្សាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងទៅអង្គការក្រៅរដ្ឋាភិបាលនានា ឲ្យជួយអន្តរាគមន៍ជុំវិញករណីនេះ។
មន្ត្រីក្រុមប្រឹក្សាខេត្ត និងជាសមាជិកសកម្ម១រូបរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ដ្រា បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែមករា ថា រូបលោកបានទទួលទូរស័ព្ទពីជនអនាមិកម្នាក់គំរាមសម្លាប់លោក ប្រសិនបើហ៊ានចេញមុខតវ៉ា ឬចូលធ្វើបាតុកម្មអ្វីបន្តទៀតនោះ។
លោក ដួង ចន្ដ្រា មានប្រសាសន៍ថា ទូរស័ព្ទដែលមានលេខ ០៨៨ ៣ ៥៧៦ ១៦១ បានហៅមកលោកនៅម៉ោងប្រហែលជា ១០កន្លះព្រឹក បានគំរាមសម្លាប់មកលើរូបលោកនៅពេលនេះ គឺជារឿងនយោបាយ ដោយលោកអះអាងថា កន្លងមកលោកមិនដែលមានគំនុំ ឬប្រព្រឹត្តអ្វីខុសក្នុងរឿងផ្ទាល់ខ្លួនជាមួយនឹងអ្នកដទៃឡើយ៖ «គេតេចូលមក (ទូរស័ព្ទចូលមក) គេសួរថា អាត្រាមែនហ្នឹង? បាទ! ខ្ញុំហ្នឹងហើយ។ ម៉េចហើយគណបក្សអ្ហែង? ពេលឮអ៊ីចឹងខ្ញុំក៏សួរទៅវិញថា លោកនៅខាងណា?គេថាមិនបាច់សួរទេ បើអ្ហែងចេញមុខជាលើកទី២ អញនឹងកម្ទេចចោល»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងទៅលេខទូរស័ព្ទ ០៨៨ ៣ ៥៧៦ ១៦១ ដែលមន្ត្រីគណបក្សប្រឆាំងអះអាងថា ជនអនាមិកបានប្រើប្រាស់លេខទូរស័ព្ទនេះ ដើម្បីគំរាមកំហែងមកលើខ្លួន ក៏ប៉ុន្តែមិនអាចទាក់ទងបានទេ នៅថ្ងៃទី៥ ខែមករា។
យ៉ាងណាស្នងការរងខេត្តកំពង់ឆ្នាំង លោក លី វីរៈ បានមានប្រសាសន៍ថា ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់នៅទូទាំងខេត្តកំពង់ឆ្នាំង មានភាពល្អប្រសើរជាធម្មតា។ លោកបន្តថា ខាងសមត្ថកិច្ចនឹងចាត់វិធានការស៊ើបអង្កេត ប្រសិនបើមានពាក្យបណ្ដឹង ក៏ប៉ុន្តែករណីគំរាមកំហែងទៅលើមន្ត្រីគណបក្សប្រឆាំងនេះ លោកនៅមិនទាន់ទទួលបានពាក្យបណ្ដឹង ឬព័ត៌មានអ្វីនៅឡើយទេ។
ប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍ថា ករណីគំរាមសម្លាប់ គឺជាបទល្មើសព្រហ្មទណ្ឌ ហើយបើការគំរាមកំហែងនោះគឺជាចេតនានយោបាយ គេអាចចាត់ទុកថា ជាការគំរាមកំហែងផ្នែកនយោបាយ និងលោភសិទ្ធិមនុស្ស។ ករណីនេះទាមទារឲ្យជនរងគ្រោះ ឬអ្នកដែលទទួលរងនូវការគំរាមនោះធ្វើការប្ដឹងផ្ដល់ ដើម្បីឲ្យសមត្ថកិច្ចដឹងច្បាស់អំពីប្រវត្តិនៃដំណើររឿង និងតម្រុយខ្លះៗ ក្នុងការចាប់ផ្ដើមស៊ើបអង្កេតករណីនេះ។
លោក នី ចរិយា៖ «ខ្ញុំយល់ថា ទិដ្ឋភាពពីម្សិលមិញនេះដែលមានការបង្ក្រាបដោយប្រើសុទ្ធតែយោធានេះ បង្ហាញថា សញ្ញាខាងនយោបាយទទួលរងការគំរាមកំហែងហើយទៅលើគណបក្សដែលមិនកាន់អំណាច។ អ៊ីចឹងទេ អាចធ្វើឲ្យការធ្វើឲ្យការគំរាមកំហែងខាងនយោបាយ ឬក៏ហិង្សានយោបាយអាចនឹងកើតឡើងច្រើននៅតាមមូលដ្ឋានបន្តទៅទៀតពីសមត្ថកិច្ចរបស់រដ្ឋហ្នឹងឯង»។
ទាក់ទងនឹងករណីគំរាមកំហែងទៅលើសកម្មជន និងមន្ត្រីគណបក្សប្រឆាំងនេះ កាលពីដើមខែធ្នូ ឆ្នាំ២០១៣ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ធ្លាប់ទទួលរងនូវការគំរាមបាញ់សម្លាប់ តាមរយៈទំព័រហ្វេសប៊ុក (Facebook) ដែរ។ រហូតមកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់អាចវែកមុខរកជនល្មើសពិតប្រាកដមកផ្ដន្ទាទោសបាននៅឡើយទេ៕
No comments:
Post a Comment
yes