សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 13, 2012

ត្រី​ជា​ច្រើន​ពុល​ងាប់​នៅ​ដៃ​បឹង​ទន្លេសាប


កំពង់ឆ្នាំងៈត្រី​ជា​ច្រើន​បាន​ពុល​ងាប់​អណ្តែត​ទឹក​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​តំបន់​ឡូត៍​នេសាទ​អភិរក្ស​មួយ​ នៃ​ដៃ​បឹង​ទន្លេសាប ​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់លែង​។ មន្ត្រី​ជល​ផល​សង្ស័យ​ថា ត្រី​ងាប់​នេះ ​ដោយ​សារ​ពុលសារ​ធាតុ​គីមី​​ ដែល​ជន​ខិល​ខូច ​លាយ​ជាមួយ​នឹង​ចំណី​ បាច​ឲ្យ​ត្រី​ស៊ី​ ហើយ​ពេល​ត្រីងាប់​ស្រង់​យក​ទៅ​លក់​។
លោក ចាន់ យុត្ថា​ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេ​សាប ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ទាន់​ដឹង​ពី​ចំនួន​ត្រីងាប់​ពិត​ប្រាកដ​ទេ ហើយ​ក្រុម​ការងារ​របស់​លោក ​កំពុង​តែ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ​រក​មូល​ហេតុ​ពិត​ប្រាកដ ដែល​បណ្តាល​ឲ្យ​ត្រី​ធម្មជាតិ​ទាំង​នោះ​ងាប់​។ ប៉ុន្តែ​ជំហាន​បឋម ​លោក​សង្ស័យ​ថា ត្រី​ទាំង​នោះ​ងាប់​ដោយ​ការ​ពុល​សារធាតុគីមី ឬ​ដោយ​សារ​ពុល​ទឹក​ស្អុយ។
លោក​ចាន់ យុត្ថា​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖«យើង​បាន​ទទួល​ព័ត៌មាន​ថា មាន​ជន​ឱកាស​និយម បាច​ចំណី​ដែល​មាន​លាយ​ជាតិ​គីមី​ឲ្យ​ត្រី​ស៊ី។ តែ​យើង​ក៏​សង្ស័យ​ដែរ​ថា​ ត្រី​វាពុល​ទឹក​ស្អុយ​ ដែល​ស្លឹក​ឈើ ស្មៅ​និង​រុក្ខជាតិ​នានា​រលួយ​ធ្វើ​ឲ្យ​ក្នុង​ទឹក​ខ្វះ​ជាតិ​អុកស៊ីសែន​»។

លោក​សេង ប៊ុនឈឿន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ ត្រី​ដែល​ងាប់​នោះ ​ស្ថិត​នៅ​ក្នុង​តំបន់​ឡូត៍​អភិរក្ស ​របស់​ខេត្ត ​ដែល​មាន​ទីតាំង ស្ថិត​ក្នុង​ភូមិ​ស្លត​ ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​។ ក្រុម​ការងារ​លោក​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ប្រមូល​ត្រី​ដែល​ងាប់​អណ្តែត​ទឹក​ ត្រី​ដែល​កំពុង​តែ​ពុល និង​ទឹក​នៅ​កន្លែង​នោះ បញ្ជូន​មក​ធ្វើ​ការ​ពិសោធ​នៅ​ជល​ផល​រាជធានី​ភ្នំពេញ ដើម្បី​រក​មូល​ហេតុ​នៃ​ការ​ងាប់​នោះ។
លោក​ថ្លែងថា​៖«ត្រី​ងាប់​នៅ​ផ្ទៃ​ទឹក​ស្អុយ ដែល​មាន​ព្រៃ​និង​ស្មៅ​ទំហំ​ប្រហែល​ជា​១ គីឡូម៉ែត្រ​បួន​ជ្រុង នៃ​តំបន់​អភិរក្ស​សរុប​ជាង ២ ពាន់​ហិកតា​។ យើង​បាន​ពិនិត្យ​មើល​ពោះ​ត្រី​ដែល​ងាប់​នោះ ប៉ុន្តែ​មិន​មាន​ឃើញ​ចំណី​ឬ​កន្ទក់​ ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ»។
លោក​ពុំ សុផល​ នាយ​ជលផល សង្កាត់​កំពង់លែង បាន​ឲ្យ​ដឹង​ថា ត្រី​ដែល​ងាប់​នោះ ជា​ប្រភេទ​ត្រី​រៀល និង​ត្រី​លិញ​ ដែល​ចាប់​ផ្តើម​ងាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មក ហើយ​មាន​ប្រជា​នេសាទ​ប្រហែល ​២៥ នាក់ កំពុង​តែ​ដួស​ត្រី​ ដែល​ងាប់​នោះ​ យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ និង​មួយ​ចំនួន​ទៀត​ ធ្វើ​ជា​ម្ហូប​ហូប​ខ្លួន​ឯង​។ ក្នុង​ទូក​នេសាទ​នីមួយៗ​ មាន​ត្រី​ងាប់​នោះ​ចន្លោះ​ពី ៣០ ទៅ​៤០​គីឡូក្រាម។ លោក​បញ្ជាក់​ថា​៖ «​ពលរដ្ឋ​បាន​ហូប​ត្រី​នោះ​ ប៉ុន្តែ​គ្មាន​ឮ​ថា ​អ្នក​ណា​ម្នាក់​ពុល​នោះ​ទេ»៕

No comments:

Post a Comment

yes