កងទ័ពកម្ពុជាត្រៀមទប់ទល់ជាមួយកងទ័ពថៃ
នៅតំបន់ប្រាសាទព្រះវិហារកាលពីពេលកន្លងមក
បន្ទាយមានជ័យៈ កងទ័ពកម្ពុជា បានធ្វើការបាញ់រះ ទៅលើយន្តហោះល្បាតរបស់យោធាថៃ ចំនួន ២ គ្រឿង ដែលបានហោះរំលោភចូលដែនអាកាសក្នុងទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃពុធ។ នេះបើតាមមន្ត្រីយោធាម្នាក់។
ការហោះល្បាតរបស់យន្តហោះយោធាថៃ ចូលមកក្នុងទឹកដីកម្ពុជានេះ បានកើតឡើង បន្ទាប់ពីមានព័ត៌មានមិនច្បាស់លាស់ថា កម្ពុជា ទំនងជាដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ ទៅតាមការសម្រេចរបស់តុលាការអន្តរជាតិ នៅថ្ងៃទី ១៧-១៨ ខែកក្កដានេះ។
លោក សូ ចាន់ហេង មេបញ្ជាការកងពលលេខ ៥១ ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីម្សិលមិញថា កាលពីវេលាម៉ោងជាង ៧ យប់ថ្ងៃពុធ យន្តហោះប្រតិកម្ម នៃកងទ័ពល្បាតថៃ ចំនួនពីរគ្រឿង បានហោះរំលោភចូលជ្រៅមកក្នុងដែនអាកាសប្រទេសកម្ពុជាតាមបណ្ដាយ ព្រំដែន ចាប់ពីចំណុចភូមិអូរល្ហុង ស្រុកម៉ាឡៃ រហូតដល់ចំណុចភូមិសុខសាន្ត និងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ លោកបានបន្តថា នៅពេលនោះទាហានកម្ពុជា វរៈព្រំដែនលេខ ៥១៣ នៃកងពលលេខ ៥១ ដែលឈរជើងតាមព្រំដែនកម្ពុជា-ថៃ បានប្រើកាំភ្លើងប្រឆាំងយន្តហោះ ប្រភេទដេ សេ អា បាញ់គំរាម ទុកជាការព្រមាន ចំពោះការរំលោភបំពាននេះ។ លោកបានថ្លែងថា៖ «ទាហានរបស់យើង បានបាញ់អស់ ៦ គ្រាប់ ដើម្បីព្រមានកុំឲ្យពួកគេហោះរំលោភចូលជ្រៅក្នុងដែនដីរបស់កម្ពុជា យើងតទៅទៀត»។ លោកបានបន្តថា៖ «យើងគិតថា នេះជាការឆ្មក់ចូលស៊ើបការណ៍ ក្នុងគោលបំណងមិនល្អ មកលើកម្ពុជាយើង»។
នេះមិនមែនជាលើកទីមួយទេ ដែលភាគីថៃ បានប្រើយន្តហោះប្រតិកម្មយោធារបស់ខ្លួន ហោះល្បាតរំលោភចូលក្នុងដែនអធិបតេយ្យភាព នៃប្រទេសកម្ពុជា ចាប់តាំងពីប្រទេសដែលមានព្រំដែនជាប់គ្នាទាំងពីរនេះ បានកើតមានជម្លោះនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ខ្មែរចាប់តាំងពីឆ្នាំ ២០០៨ មក។
ក្រោយពីភាគីថៃ បានល្បាតឆ្មក់ចូលក្នុងដែនអធិបតេយ្យភាពទឹកដីកម្ពុជារួចមក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញកងទ័ពកម្ពុជាត្រូវបានគេប្រកាសឲ្យ ពង្រឹងឡើងវិញ នៅក្នុងតំបន់ប្រាសាទព្រះវិហារ ជាទីដែលភាគីថៃ នៅតែមិនទាន់អនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ កាលពីខែកក្កដាឆ្នាំទៅ ដែលបានតម្រូវឲ្យកងទ័ពនៃប្រទេសទាំងពីរ ដកចេញពីតំបន់ដែលត្រូវបានកំណត់ថា ជាតំបន់ដែលគ្មានកងទ័ពបណ្ដោះអាសន្ន នៅប្រាសាទព្រះវិហារ ។
លោកស្រី ឌឹក មេបញ្ជាការប្រចាំទិសព្រះវិហារ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា លោកនៅតែបន្តពង្រឹងកងទ័ពនៅក្នុងតំបន់នេះ រហូតដល់មានបទបញ្ជាពីក្រសួងការពារជាតិ ឬប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកថ្លែងថា៖ «រហូតមកទល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានបទបញ្ជាណាមួយ ពីថ្នាក់លើ អំពីការដកកងទ័ពជាបណ្ដោះអាសន្ន ចេញពីតំបន់ប្រាសាទព្រះវិហារទេ។ ពេលនេះ ខ្ញុំនៅតែបន្តពង្រឹងដល់កងកម្លាំងទ័ពរបស់ខ្ញុំដើម្បីការពារពី ការរំលោភបំពានរបស់ថៃ»។
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ នឹងមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីវេទិកាសេដ្ឋកិច្ច អាមេរិក និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលរៀបចំធ្វើឡើងនៅខេត្តសៀមរាបអង្គរ៕
No comments:
Post a Comment
yes