នារីក្មេងៗ និង ថៅកែហាងមីកាហ្សា ចែ មុំ (ស្តាំ) ក្នុងការបង្ក្រាបមុននេះ
ភ្នំពេញៈ មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីកងកម្លាំងកងរាជអាវុធហត្ថធ្វើ ការចាប់ខ្លួនថៅកែហាងកែសម្ផស្សមីកាហ្សាដ៏ល្បីល្បាញ អ្នកស្រី ចាន់ ស្រីណុច ហៅ ចែ មុំ ឥឡូវអាជ្ញាធរបាននិងកំពុងតែចាត់វិធានការទៅលើហាងកែសម្ផស្ស និងកាត់សក់មួយចំនួនទៀត ដែលសង្ស័យថា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងពេស្យាកម្មនៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមមេបញ្ជាការកងរាជអាវុធហត្ថជាតិបានអះអាង។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា ហាងកែសម្ផស្សមួយចំនួនពាក់ព័ន្ធនឹងអំពើពេស្យាកម្ម និងជួញដូរមនុស្ស។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ៖ «យើងបានដឹងថា បច្ចុប្បន្ននេះ មានហាងកែសម្ផស្សនិងហាងកាត់សក់ច្រើនឡើងៗ បានប្រើជាកន្លែងជួញដូរមនុស្ស និងផ្តល់សេវាផ្លូវភេទសម្រាប់អ្នកមានឬពាណិជ្ជករមានៗ ក្នុងប្រទេសកម្ពុជា»។ លោកបន្តថា កម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការស៊ើបអង្កេតហាងកែសម្ផស្ស និងកាត់សក់ទាំងអស់នោះ។
លោក សៅ សុខា បានអះអាងថា ហាង មីកាហ្សា របស់អ្នកស្រី ចាន់ ស្រីណុច ដែលត្រូវបានចុះបង្ក្រាបកាលពីសប្តាហ៍មុន ពីបទសង្ស័យថាផ្តល់សេវាពេស្យាកម្មកាលីបខ្ពស់ គឺជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនផ្សេងៗទៀត ហើយលោកថា ហាងជាច្រើនផ្សេងទៀតក៏ដូចហាងនេះដែរគឺផ្តល់សេវាផ្លូវភេទដោយ លួចលាក់សម្រាប់អ្នកមានឬពាណិជ្ជករមានៗអស់រយៈពេលជាយូរមក ហើយ»។
ទោះយ៉ាងណា លោកបានបដិសេធមិនបង្ហាញព័ត៌មានជាក់លាក់ណាមួយអំពីហាងដទៃៗដែលកំពុងត្រូវបានសង្ស័យនោះទេ ដោយលោកថ្លែងថា ការផ្តល់ព័ត៌មានលម្អិតច្រើនពេកដល់សាធារណជនអាចនឹងជាព័ត៌មានធ្វើឲ្យជនសង្ស័យដឹងខ្លួន និងគេចខ្លួនអស់។
យោងតាមមន្រ្តីកងរាជអាវុធហត្ថអ្នក ស្រី ចាន់ ស្រីណុចបានជ្រើសរើសស្រ្តីក្មេងៗស្អាតៗ ដូចជាអ្នកចម្រៀង ឬតួខារ៉ាអូខេ ហើយរៀបចំផ្តល់សេវាផ្លូវភេទទៅឲ្យក្រុមពាណិជ្ជករមានៗ និងថែមទាំងមន្រ្តីរដ្ឋាភិបាល។
លោក សៅ សុខា បានថ្លែងបន្តថា ៖ «សកម្មភាពពួកគេពិតជាប៉ះពាល់ដល់ វប្បធម៌កម្ពុជារបស់យើង និងកិត្តិយសរបស់ប្រទេស»។
International Justice Mission ដែលជាអង្គការប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទ បានថ្លែងថា ការចុះទៅបង្ក្រាបកន្លែងរបស់ឈ្មួញកណ្តាលដូចជា ឈ្មោះ ចាន់ ស្រីណុច ដែលត្រូវបានចោទប្រកាន់នោះ វានឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះទៅលើអំពើជួញដូរផ្លូវភេទ ដែលមួយផ្នែកធំទៀតនៅមិនទាន់ត្រូវបានត្រួតពិនិត្យ នៅឡើយ។
លោក Stayton ថែ្លបញ្ជាក់ថា៖«វាគួរតែមានការស៊ើប អង្កេតច្រើនជាងនេះ ដែលកន្លងមកឧបសគ្គគឺដោយសារការខ្វះឆន្ទៈ ខ្វះខាតធនធាន និងខ្វះខាតចំណាប់អារម្មណ៍»។
លោកបានកត់ សម្គាល់ទៀតថា នគរបាលត្រូវបានហាមប្រាមការធ្វើការស៊ើបអង្កេតសម្ងាត់ ទៅលើពួកឈ្មួញផ្តល់សេវាផ្លូវភេទនោះ។
លោកបន្តថា ៖«ប្រសិនបើអ្នកមិនមានឆន្ទៈឲ្យនគរបាលរបស់អ្នកធ្វើការ ស៊ើបអង្កេតរឿងនេះទេ នោះមានន័យថា អ្នកឈប់ធ្វើរឿងនោះ»។ លោកថា ៖ «អ្នកបានលើកទង់ជ័យស»៕
No comments:
Post a Comment
yes