ព្រះសង្ឃ អ៊ុំ មាន ព្យាបាលអ្នកជំងឺដោយប្រើវិជ្ជាតត្រកូល៤ជំនាន់
ភ្នំពេញៈ ព្រះសង្ឃវ័យ៣៤វស្សាព្រះនាម អ៊ុំ មាន ដែលជាព្រះគ្រូចៅអធិការវត្តទ្រនំជ្រឹង ស្ថិតក្នុងភូមិបឹងសង្កាត់បឹងធំខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានអះអាងថា ព្រះអង្គទទួលបានវិជ្ជាសិល្ប៍ និងចេះព្យាបាលជំងឺពូកែស័ក្កិសិទ្ធិស្នងត្រកូល ដោយព្រះអង្គគ្រាន់តែបៀមមេជើងញោមប្រុស(ឪពុក) មុនពេលអស់ជីវិតប្រមាណជា៣០នាទីតែប៉ុណ្ណោះ។
ព្រះសង្ឃជំនាន់ ទី៤ត្រកូល(អ៊ុំ)មានសង្ឃដីកាថា៖«អាត្មាជាជំនាន់ទី៤ នៃត្រកូល អ៊ុំ គ្រប់គ្រងវត្តនេះ និងជាអ្នកទទួលមន្តវិជ្ជាព្យាបាលជំងឺពីត្រកូលអ៊ុំរបស់ អាត្មា ក្រោយពីអាត្មាបួសជាសង្ឃនៅព្រះជន្ម១៨វស្សា និងជាវេលាដែលញោមប្រុសអាត្មាលាលោកនេះទៅ»។
ព្រះអង្គបានឲ្យ ដឹងថា លោកតាទួតអាត្មា ជាចៅអធិការវត្តទ្រនំជ្រឹង ហើយកាលនោះ ព្រះអង្គក៏ជាគ្រូព្យាបាលជំងឺតាមបែបបុរាណដ៏ល្បីល្បាញមួយអង្គ ដែរដូចជា ជំងឺក្រពះ ពោះវៀន ថ្លើម ពិសេសត្រូវអំពើគេ មិនថាអំពើមនុស្ស ឬខ្មោចនោះទេ ពោលគឺលោកព្យាបាលបានទាំងអស់។ លោកអះអាងថា វិជ្ជានោះក៏បន្តផ្ទេររហូតមកដល់អាត្មានាពេលនេះ។
ទាក់ទិនទៅនឹងការផ្ទេរវិជ្ជាសិល្ប៍មន្តអាគមនោះ ព្រះគ្រូចៅអធិការបានមានសង្ឃដីកាថា៖«វិជ្ជាមន្តអាគមនេះ តាំងពីលោកតាទួតអាត្មា គាត់បានប្រើវិធីផ្ទេរយ៉ាងសាមញ្ញ មិនដែលមានគ្រូណាអាចប្រើវិធីផ្ទេរទៅអ្នកជំនាន់ក្រោយដូចគាត់បាន ឡើយ ដោយកូនប្រុសណាក៏ដោយក្នុងត្រកូល(អ៊ុំ) មុនពេលអ្នកមានវិជ្ជាសិល្ប៍នេះផុតរលត់ជីវិតកន្លះម៉ោង គេត្រូវខាំជញ្ជក់មេជើងគាត់រហូតផុតដង្ហើម នោះវិជ្ជាទាំងប៉ុន្មាននឹងបានផ្ទេរមកកូននោះទាំងអស់»។
ការ សាយពីភាពល្បីក្នុងការព្យាបាលជំងឺបែបមន្តអាគមបុរាណស្នងត្រកូល នេះ ព្រះអង្គប្រាប់ថា ទើបតែប្រមាណជាបីឆ្នាំចុងក្រោយនេះទេ ហើយចន្លោះបីឆ្នាំនេះអាត្មាបានជួយព្យាបាលជំងឺមិនក្រោមពី៣ពាន់ នោះឡើយ។ ព្រះអង្គបានប្រាប់ថា អ្នកជំងឺដែលព្យាបាលកបជាងគេ នោះគឺខាងដោះអំពើ មិនថាតែអំពើមនុស្ស ឬអំពើខ្មោចទេឲ្យតែមកដល់ព្រះអង្គនោះធានាថានឹងជាសះស្បើយមួយ រយភាគរយ ដោយមិនកំណត់ថា អ្នកជំងឺនោះគាត់ឈឺច្រើនឆ្នាំយ៉ាងណាក៏ដោយ ពោលគឺព្យាបាលបានទាំងអស់។
ព្រះអង្គឲ្យដឹងថា៖ «សព្វថ្ងៃអ្នកជំងឺដែលមករកអាត្មាព្យាបាល មានគ្រប់ទិសទីទូទាំង២៤ខេត្តក្រុង ក្នុងនោះក៏មានមកពីប្រទេសបារាំង អាមេរិក អូស្រ្តាលី ក៏មានមកដែរ តែពេលនេះពួកគាត់បានជា និងវិលត្រឡប់ទៅវិញអស់ហើយ»។
មុននេះពុទ្ធបរិស័ទជាច្រើនបាន និយាយថា ក្រោយពីព្រះអង្គព្យាបាលកូនក្រមុំជំទាវនៅភ្នំពេញម្នាក់ដែលនាង មានជំងឺខ្វិនរាប់ឆ្នាំជាសះស្បើយនោះ លោកជំទាវនោះក៏លួងលោមឲ្យព្រះអង្គសឹក ដើម្បីឲ្យរៀបការជាមួយនាង។ ប៉ុន្តែឆ្លើយតបនឹងពាក្យដ៏រសើបនេះ ព្រះគ្រូវ័យ៣៤វស្សាអង្គនេះ បានតបវិញថា អាត្មាកន្លងមកព្យាបាលអ្នកជំងឺក្រមុំៗជាច្រើននាក់ តែអាត្មាមិនគិតដល់បញ្ហាហ្នឹងទេ។
ព្រះអង្គទទួលស្គាល់ថា៖« អាត្មាពិតជាបានព្យាបាលឲ្យគាត់ជា និងដើររួចមែន ហើយម្តាយនាងក៏ឧស្សាហ៍និយាយលេងសើចជាមួយអាត្មាថា បើព្យាបាលកូនករុណាជាហើយ សឹករៀបការធ្វើជាកូនប្រសាករុណាតែម្តងទៅ!»។
ព្រះអង្គបាន ប្រាប់ថា៖«អាត្មាមិនមានអ្វីទោរទន់តាមពាក្យសម្តីលេងសើចរបស់ ពុទ្ធបរិស័ទនោះឡើយ ហើយអាត្មាក៏មិនបានយកពាក្យសម្តីនោះមកគិតដែរ ខណៈពេលនេះអាត្មាកំពុងតែស្ថិតលើផ្លូវព្រះពុទ្ធនោះ»។
លោកយាយ លួន វ៉ាយ វ័យ ៧៦ឆ្នាំ រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានដើរមើលជំងឺរបស់ខ្លួនស្ទើរពេញស្រុកខ្មែរទាំងគ្រូពេទ្យ និងគ្រូខ្មែរ តែមិនសមប្រកបនោះ បានឲ្យដឹងនៅពេលនេះថា គ្រាន់តែ១០ថ្ងៃសោះ លោកយាយហាក់បានធូរស្បើយច្រើននៅពេលនេះ។
យាយ បានបញ្ជាក់ថា៖«ក្រោយពីកូននាំខ្ញុំមកឲ្យព្រះអង្គព្យាបាលនោះ មិនទាន់បានបីថ្ងៃផងជំងឺនោះ ក៏ធូរ ដេកក៏បាន ហូបអ្វីក៏ដឹងឆ្ងាញ់ ហើយអាការនេះពីមួយថ្ងៃទៅមួយថ្ងៃមានភាពធូរស្បើយខ្លាំងមែនទែន។ ជំងឺរបស់ខ្ញុំលោកប្រាប់ថា ខ្ញុំត្រូវអំពើគេ»។
ជាមួយគ្នា នោះបុរសវ័យ២៣ឆ្នាំ ឈ្មោះ សំលាក់ ក៏បានឲ្យដឹងដែរថា៖«ខ្ញុំមកពីភូមិដូង ឃុំព្រៃញាតិ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បងប្អូនខ្ញុំ៥នាក់មានបីនាក់ឈឺឆ្កូត ដើរលេលាមិនដឹងអីទេ ហើយឪពុកម្តាយខ្ញុំបាននាំពួកគេទាំងបីនាក់នេះ ដើរមើលគ្រប់ច្រកល្ហកអស់ទ្រព្យសម្បត្តិមិនតិចទេ តែមិនដែលទទួលបានលទ្ធផលអ្វីទាំងអស់ ពោលគឺនៅតែដើរឡិកឡក់បាយ មិននឹកទឹកមិនស្រេកដដែល។ តែពេលមកឲ្យព្រះអង្គព្យាបាលបានបីថ្ងៃពួកខ្ញុំក៏ជាសះ គ្មាននរណាម្នាក់ក្នុងចំណោមបីនាក់នេះមានបញ្ហាទៀតឡើយ»៕
No comments:
Post a Comment
yes