ភ្នំពេញៈ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ លេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ នរោត្តមសីហនុ បានឲ្យដឹងថា សម្ដេចឪ ដែលសព្វថ្ងៃ គង់ប្រថាប់នៅប្រទេសចិន ព្រះអង្គនឹងមិនយាងត្រឡប់មកកម្ពុជា ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គនៅ ខែក្រោយនេះទេ ដោយសារព្រះអង្គគ្រោងនឹងរៀបចំពិធីបុណ្យនេះនៅទីក្រុងប៉េកាំង ។
ព្រះរាជពិធីបុណ្យចម្រើនព្រះជនសម្តេចឪ ក្នុងជន្មាយុ ៩០ ព្រះវស្សា យាងចូល៩១ ព្រះវស្សា នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ខែក្រោយនេះ។ ព្រះអង្គម្ចាស់ ធម្មិកោ ដែលទើបតែយាងត្រឡប់មកពីប្រទេសចិនវិញ បានមានបន្ទូលប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការដែលសម្តេចឪ មិនយាងត្រឡប់មកចូលរួមពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះអង្គ នៅកម្ពុជា ដោយសារព្រះអង្គ មិនសូវមានព្រះកាយពលមាំទាំ។
ព្រះអង្គម្ចាស់ ធម្មិកោ ទ្រង់មានបន្ទូលបញ្ជាក់ថា៖«សម្ដេចឪនឹងប្រារព្ធពិធីបុណ្យចម្រើន ព្រះជន្ម នៅទីក្រុងប៉េកាំង ដោយមានព្រះរាជវង្សានុវង្សចូលរួមជួបជុំនៅទីនោះ។ តាមទម្លាប់ ក្រុមមន្ត្រីជាន់ខ្ពស់ចិន តែងតែនាំយកផ្កាទៅថ្វាយដល់ព្រះអង្គនៅទីនោះ»។
ព្រះអង្គ ម្ចាស់ធម្មិកោ ទ្រង់បានបន្ថែមថា សម្ដេចឪ នឹងមិនអញ្ជើញក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា ឲ្យទៅចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គទេ ពីព្រោះពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ នឹងត្រូវប្រារព្ធធ្វើឡើងជាលក្ខណៈក្រុមព្រះរាជវង្សានុវង្សតែ ប៉ុណ្ណោះ។ ព្រះអង្គម្ចាស់ ធម្មិកោ ឲ្យដឹងថា សម្តេចឪ មិនមានបញ្ហាសុខភាពទេ តែគ្រាន់តែព្រះអង្គ មានការ ហត់នឿយបន្ដិចប៉ុណ្ណោះ។
បើតាមព្រះអង្គម្ចាស់ធម្មិកោ កាលពី ៤-៥ ឆ្នាំមុន នៅពេលសម្ដេចឪ មានព្រះកាយពលហត់នឿយ ព្រះអង្គក៏ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះអង្គ នៅក្រុងប៉េកាំងដូចគ្នានេះដែរ៕
No comments:
Post a Comment
yes