សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

ស័ក្តិ៤​ប៉េអឹម​ខេត្ត​ពោធិ៍សាត់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ឃុំ

121105_01
ស័ក្តិ៤ប៉េអឹមឈ្មោះ បោង ពុទ្ធារិទ្ធ ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន 
កាល​ពី​ថ្ងៃ​ទី២ វិច្ឆិកា

ភ្នំពេញៈ មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ម្នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃ​សុក្រ ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​ចាត់​វិធានការ​រារាំង​ការ​អនុវត្ត​ច្បាប់ ទាក់ទិន​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ខេត្ត​នេះ នៅ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ឡើយ ឯ​តុលាការ​មិន​បាន​ចោទប្រកាន់​ជា​ផ្លូវ​ការ​ទេ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ។
លោក បោង ពុទ្ធារិទ្ធ ឋានៈ​វរសេនីយ៍ត្រី ជា​ប្រធាន​មន្ទីរ​ប្រភព​កម្លាំង​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ត្រូវ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទទួល​យក​ប្រាក់​ពី​ឈ្មួញ​ខុស​ច្បាប់​ដើម្បី​កាង​ការពារ​រថយន្ត​ដឹក​ឈើ​ខុស​ច្បាប់​បួន​គ្រឿង​ឲ្យ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រោម​ការ​បង្គាប់​ពី​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ជន​សង្ស័យ​នៅ​មិន​ទាន់​ត្រូវ​តុលាការ​ខេត្ត​ពោធិ៍សាត់​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​សាក​សួរ ដោយ​សារ​តែ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​ឈប់​សម្រាក។
លោក​បាន​មាន​ប្រសាសន៍​ថា​៖«ឥឡូវ​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ហើយ​យ៉ាង​យូរ​នៅ​ថ្ងៃ​ស្អែក​(ថ្ងៃ​ចន្ទ)​អាច​នឹង​បញ្ជូន​ទៅ​កាន់​តុលាការ»។ លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា រឿង​នេះ​គឺជា​ចំណុច​រស៊ើប​មួយ ដែល​ខ្ញុំ​សុំ​មិន​ប្រាប់​លម្អិត​ទេ ប៉ុន្តែ​ខ្ញុំ​ជឿថា ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កំពុង​តែ​បន្ត​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ​ហើយ»។
យោង​ប្រកាស​ព័ត៌មាន​របស់​អង្គភាព ACU បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១១ កក្កដា មាន​រថយន្ត​ទំនើប​ឡិចស៊ីស​បួន​គ្រឿង​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​ឆ្លង​កាត់​ខេត្ត​ពោធិ៍សាត់ ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ក៏​បាន​បង្គាប់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ធ្វើ​ការ​ទប់ស្កាត់ ហើយ​លោក ប៉ុល ចន្ថា អនុប្រធាន​ផ្នែក​ព្រៃ​ឈើ​ក្នុង​ស្រុក​ក្រគរ ក៏​បាន​សហការ​នឹង​អាជ្ញាធរ​ដែនដី​ចុះ​ធ្វើ​ការ​ទប់ស្កាត់​បទល្មើស​នេះ។ ក៏​ប៉ុន្តែ ស្រាប់​តែ​លោក បោង ពុទ្ធារិទ្ធ បាន​ប្រើ​អំណាច​ដោយ​ទទួល​បាន​ផលប្រយោជន៍​(ស៊ីសំណូក)​ពី​ឈ្មួញ​ដឹក​ឈើ​ទាំង​នោះ បាន​ទៅ​គំរាម​កំហែង​និង​ជេរប្រមាថ​សមត្ថកិច្ច​មិន​ឲ្យ​ឃាត់​រថយន្ត​ឡិចស៊ីស​ទាំង​បួន​នោះ​ទេ ហើយ​បាន​នាំ​រថយន្ត​នោះ​ចេញ​បាត់​ទៅ។
ប្រកាស​ព័ត៌មាន​របស់ ACU នេះ​បន្ត​ថា ៖ «កន្លង​មក​តាម​ផ្លូវ​ជាតិ​លេខ​៥ ជាក់​ស្តែង ក្នុង​ទឹក​ដី​ខេត្ត​ខេត្ត​ពោធិ៍សាត់​នេះ ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ មាន​ការ​លំបាក​ខ្លាំង ព្រោះ​ច្រើន​មាន​អ្នក​មករា​រាំង​ការពារ​បង្កើត​ជា​ឧបសគ្គ​ដល់​សមត្ថកិច្ច»។
តាម​ប្រកាស​ព័ត៌មាន ACU ដដែល​នេះ ACU បាន​រក​ឃើញ​ទោស​កំហុស​លោក បោង ពុទ្ធារិទ្ធ ចំនួន​ពីរ​ករណី។ ទី១ ពីបទ​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​រារាំង​ការ​បំពេញ​ភារកិច្ច​ក្នុង​ប្រតិបត្តិការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ករណី​ទី២ គឺ​ចាត់​វិធានការ​រារាំង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ទទួល​បាន​ដោយ​ខុសច្បាប់​នូវ​អត្ថប្រយោជន៍។
បន្ទាប់ពី​អង្គភាព ACU បាន​សួរ​សាក្សី​៧នាក់ និង​បាន​ស្តាប់​ចម្លើយ​ពី​ជនសង្ស័យ​បោង ពុទ្ធារិទ្ធ អង្គភាព ACU បញ្ជូន​គាត់​ទៅ​តុលាការ​ឃុំ​ខ្លួន​ពីថ្ងៃ​៣ វិច្ឆិកា។
លោក អន សុខុន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ឲ្យ​ដឹង​ថា លោក បោង ពុទ្ធារិទ្ធ ពិត​ជា​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ប៉ុន្តែ លោក​សូម​មិន​និយាយ​លម្អិត​ទេ ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​អង្គភាព ACU។
ទាក់ទិន​នឹង​ករណី​ផ្សេង​ទៀត លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញារង​អម​តុលាការ​ខេត្ត​ព្រះវិហារ​ម្នាក់​និង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះវិហារ​ម្នាក់ ក៏​ត្រូវ​បាន​ដក​ហូត​តំណែង​ថ្មីៗ​នេះ​ដែរ ដើម្បី​បើក​ការ​ស៊ើប​អង្កេត បន្ទាប់ពី​សង្ស័យ​ថា មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។
លោក ឱម យ៉ិនទៀង ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​កិច្ច​ពិភាក្សា UNCAC កាល​ពី​ថ្ងៃ​សុក្រ​ថា មាន​ពីរ​ករណី​នៅ​ខេត្ត​ព្រះវិហារ ទីមួយ​ព្រះរាជអាជ្ញារង​អម​តុលាការ​ខេត្ត និង​មួយ​ទៀត​គឺ​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ប៉ុន្តែ​លោក​សុំ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។ ប៉ុន្ដែ ព្រះរាជអាជ្ញារង​អម​តុលាការ​ខេត្ត​នេះ ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ ថុល គឹមហុង និង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះវិហារ ឈ្មោះ ជា សុផល។
លោក មាន​ប្រសាសន៍​ថា៖ «ក្រសួង​យុត្តិធម៌​បាន​ដក​ព្រះរាជ​អាជ្ញារង ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ហើយ​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​វិញ យើង​បាន​រក​ឃើញ​ថា ពុំមាន​ពន្ធ​ប្រថាប់​ត្រា​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ បាន​ចេញ​វិក្កយបត្រ។ យើង​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ហើយ»៕ 

No comments:

Post a Comment

yes