សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 15, 2013

សង្គម​ស៊ីវិល​បារម្ភ​ពី​បរិយាកាស​បំភិតបំភ័យ​មុន​ការ​បោះឆ្នោត

គល់ បញ្ញា ៣០៥
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ 
នៅ​កម្ពុជា លោក គល់ បញ្ញា នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​អនុសាសន៍​ចំនួន ១៦​ចំណុច 
កាល​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ​២០១៣

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០​អង្គការ ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​សម្ដែង​ក្តី​បារម្ភ​ពី​បរិយាកាស​បំភិតបំភ័យ និង​ការ​រំលោភ​សិទ្ធិ​បំពាន​ទៅ​លើ​អ្នក​នយោបាយ និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​កំពុង​កើត​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៣ នេះ ជា​ពិសេស​កាល​ពី​ខែ​ឧសភា កន្លង​ផុត​ទៅ​នេះ។

អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បរិយាកាស​បំភិតបំភ័យ និង​ការ​រំលោភ​សិទ្ធិ​នៅ​ដំណាក់​កាល​មុន​ការ​បោះឆ្នោត​ជាតិ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ទី​លាន​ប្រកួត​ប្រជែង​ដោយ​ស្មើ​គ្នា​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រមាន​ថា ការ​បង្កើត​បរិយាកាស​យាយី​រំខាន​ធ្វើ​អោយ​អាប់អួ​ស្ថានភាព​នយោបាយ បំភិតបំភ័យ​មុន​ការ​ឃោសនា​បោះឆ្នោត និង​បោះឆ្នោត នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្ដែង​ឆន្ទៈ​ប្រជាពលរដ្ឋ​ដោយ​សេរី នៅ​ថ្ងៃ​បោះឆ្នោត។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា សម្ដែង​ក្តី​បារម្ភ​ថា គណបក្ស​កាន់​អំណាច និង​អាជ្ញាធរ​កំពុង​បង្កើត​បរិយាកាស​គំរាម​កំហែង និង​បំភិតបំភ័យ​ប្រឆាំង​នឹង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា បរិយាកាស​នេះ​នឹង​អាច​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា​នយោបាយ៖ «យើង​ព្រួយ​បារម្ភ​ដោយសារ​តែ​យើង​មើល​ពី​បរិយាកាស​ដំណើរ​ការ​ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់​មូលដ្ឋាន ឃើញ​មាន​បរិយាកាស​បង្កើត​ឲ្យ​មាន​ការ​ភិតភ័យ និង​គំរាម​កំហែង​ដល់​គណបក្ស​នយោបាយ ជា​ពិសេស​ខាង​គណបក្ស​ប្រឆាំង»
សេចក្តី​ថ្លែងការណ៍​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បង្ហាញ​ថា បរិយាកាស​បំភិតបំភ័យ និង​ការ​រំលោភ​សិទ្ធិ​បំពាន​ទៅ​លើ​អ្នក​នយោបាយ និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង កំពុង​កើត​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៣ នេះ ជា​ពិសេស​កាល​ពី​ខែ​ឧសភា កន្លង​ផុត​ទៅ​នេះ។
របាយការណ៍​អង្គការ​សង្គម​ស៊ីវិល រួម​មាន​អង្គការ​ខុមហ្រ្វែល (Comfrel) គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​អង្គការ​មួយ​ចំនួន​ទៀត ផ្សាយ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ មក បើ​ទោះ​បី​គ្មាន​អំពើ​ហិង្សា​នយោបាយ​ដល់​របួស និង​ស្លាប់​ធ្ងន់ធ្ងរ ប៉ុន្តែ​មាន​ករណី​គំរាម​កំហែង បំភិតបំភ័យ និង​ការ​រំខាន​យាយី​ផ្នែក​នយោបាយ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ តាំង​ពី​មូលដ្ឋាន មក​កម្រិត​ថ្នាក់​ជាតិ។ របាយការណ៍​បង្ហាញ​ថា អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេ​ភូមិ មេ​ឃុំ​មួយ​ចំនួន បាន​គំរាម​លើ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច និង​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ស្តាប់​កិច្ច​ប្រជុំ​នានា​របស់​គណបក្ស​មិន​កាន់​អំណាច និង​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ជាដើម។ ម្យ៉ាង​វិញ​ទៀត ការ​ដក​តួនាទី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ២៩​រូប​ពី​រដ្ឋសភា និង​ការ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា បរិយាកាស​បំភិតបំភ័យ និង​ការ​រំលោភ​សិទ្ធិ​នៅ​ដំណាក់​កាល​មុន​ការ​បោះឆ្នោត​ជាតិ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ទី​លាន​ប្រកួត​ប្រជែង​ដោយ​ស្មើ​គ្នា សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។
លោក គល់ បញ្ញា បន្ត​ថា ប្រព័ន្ធ​ផ្សាយ​សំខាន់ៗ​នៅ​កម្ពុជា ក៏​បាន​ផ្សព្វផ្សាយ​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ច្រើន​ជាង​គណបក្ស​ប្រឆាំង។
របាយការណ៍​រក​ឃើញ​ថា ទូរទស្សន៍​ស៊ីធីអិន (CTN) ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) បាយ័ន បាន​បញ្ចេញ​ឈ្មោះ និង​មតិ​លោក​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន រហូត​ដល់​ជាង ៤​ពាន់​ដង ចំណែក​លោក សម រង្ស៊ី ត្រូវ​បាន​វិទ្យុ​សំបុក​ឃ្មុំ​១០៥ ផ្សាយ​បាន ១.២០០​ដង។
ក្រៅ​ពី​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ អង្គការ​នេះ​ក៏​បាន​រិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មិន​ទាន់​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជាង​ប្រមាណ ១​លាន​នាក់ ដែល​បាន​ខុស ឬ​បាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ អង្គការ​នេះ​អះអាង​ថា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​បាត់បង់​ការ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត។
លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើសុំ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត។ មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។
សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ រដ្ឋាភិបាល​ត្រូវ​ឲ្យ​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​រក្សា​តួនាទី​អព្យាក្រឹត្យ ធានា​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ក្នុង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។ ចំណែក​រដ្ឋសភា និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ផ្តល់​តួនាទី​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​វិញ ដើម្បី​ស្ដារ​ស្ថានភាព​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

No comments:

Post a Comment

yes