សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 12, 2013

មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​អាច​កើតឡើង​ឬទេខណៈដែល​គណបក្សប្រឆាំង​ដាក់បន្ទុក​ឲ្យ.គ​..​ជ.​.​.បទទួលខុសត្រូវ​ករណី​មាន​អស្ថិរភាព​នយោបាយ​?


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» បានធ្វើការ​ប្រកាស​លទ្ធ​ផល​នៃ​ការបោះឆ្នោត​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ រួចហើយ នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៣​នេះ ខណៈដែល គណៈកម្មការ​ពិសេស​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​តាម​សំណើ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​នៅឡើយ​។
​ថ្វី​ដ្បិត លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ដែល​ប្រកាស​ដោយ គ​.​ជ​.​ប តម្រូវ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ​បោះឆ្នោត​អាច​ប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បន្តទៀត​ក៏ដោយ ក៏​តាម​បទពិសោធន៍​នៃ​ការបោះឆ្នោត​រៀងរាល់​អាណ​ត្តិ​នាពេល​កន្លងមក​គឺ​នឹង​គ្មានអ្វី​ប្រែប្រួល​ធំដុំ​ប្លែក​ពី​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ផ្លូវការ​នេះឡើយ​។ មានន័យថា បើ​ប្តឹង​គឺ​គ្រាន់តែ​បំពេញ​នីតិវិធី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។​
​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ បានបង្ហាញ​ឲ្យ​ឃើញថា មានតែ​គណបក្សនយោបាយ​ធំៗ​ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន​លើសលប់​ជាងគេ​ក្នុងចំណោម​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ទាំង​៨ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ទូទាំងប្រទេស​ចំនួន​៣.២៣៥.៩៦៩​សំឡេង រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២.៩៤៦.១៧៦​សំឡេង «​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៨៩.៧៩៣​សំឡេង​» ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា ទទួល​បានការ​ឈ្នះឆ្នោត ប៉ុន្តែ​ឈ្នះ​មិន​ដាច់​ឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា​។​ ​
ទន្ទឹមគ្នា​នឹង​ការប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ផ្លូវការ​ដោយ គ​.​ជ​.​ប នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ ជំទាស់​នឹង​លទ្ធផល​ឆ្នោត ហើយ​ថែមទាំង​បាន​ចោទប្រកាន់ថា ការប្រកាស​របស់ គ​.​ជ​.​ប នេះ គឺជា​សកម្មភាព​បិទបាំង​នូវ​រាល់​កំហុសឆ្គង​ដែល គ​.​ជ​.​ប បាន​ប្រព្រឹត្ត​លើ​ការបោះឆ្នោត​កន្លងទៅ ហើយ​វា​អាច​នឹង​នាំមក​នូវ​ការបះបោរ តវ៉ា ពី​សំណាក់​ប្រជាបលរដ្ឋ​ខ្មែរ​ដែល​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​លើ​ការបោះឆ្នោត​នេះ​។​ ​មិនតែប៉ុណ្ណោះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​បង្ហើប​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ទៀតថា «​ក្នុងករណី​មាន​អស្ថិរភាព​នយោបាយ​គឺ គ​.​ជ​.​ប ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​»​។​
បន្ទាប់ពី គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ឆ្នោត​បឋម​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ប្រកាស​គំរាម​ដឹកនាំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ធ្វើ​មហា​បាតុកម្ម​ប្រ​ឆាំ​នឹង​លទ្ធផល​ឆ្នោត​ប្រសិនបើ គ​.​ជ​.​ប មិនបង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ពិ​សេសមួយ​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ដោយមាន​សមាសភាព​ចូលរួម​ពី​អង្គការ​ជាតិ​-​អន្តរជាតិ និង​តំណាង​អង្គការសហប្រជាជាតិ​ជា​អ្នកសង្កេតការណ៍​ទេនោះ និង​ក្នុងខណៈ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ប្រកាសថា គណបក្ស​របស់ខ្លួន​នឹង​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ យ៉ាងតិច​ចំនួន​៦៣​អាសនៈ «​មានន័យ​ចង់​សំដៅថា គណបក្សប្រឆាំង​មួយ​នេះ​ជា​អ្នកឈ្នះឆ្នោត​»​។​
​ឥឡូវនេះ មជ្ឈដ្ឋាន​អ្នកវិភាគ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ចោទ​ជា​សំណួរ​ថា តើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែលមាន​អ្នកគាំទ្រ​យ៉ាង​សម្បើម​ដែរនោះ នឹង​អាច​កើតមាន​តាម​ការ​គំរាម​ជាមុន​របស់​គណបក្សប្រឆាំង​នេះដែរ​ឬទេ ខណៈដែល​គណបក្សកាន់អំណាច​ទទួល​បានការ​ឈ្នះឆ្នោត និង​គណៈកម្មការ​ចម្រុះ​ពិសេស​មិនទាន់បាន​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​តាម​សំណើ​របស់​គណបក្សប្រឆាំង​នៅឡើយ​? ​ម្យ៉ាងទៀត តើ គ​.​ជ​.​ប នឹងត្រូវ​ទទួលខុសត្រូវ​បែបណា និង​កម្រិតណា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​ដឹកនាំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​គាំទ្រ​គណបក្សប្រឆាំង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​មែន​នោះ ខណៈដែល​គណបក្សប្រឆាំង​ដាក់បន្ទុក​ជាមុន​រួចហើយ​ឲ្យ គ​.​ជ​.​ប ទទួលខុសត្រូវ​លើ​ករណី​មាន​អស្ថិរភាព​នយោបាយ​កើតឡើង​?
​ទោះយ៉ាងណា​ក៏ដោយ ក៏​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ប្រុងប្រៀប​ជើងការ​រួចហើយ​ទាំង​សម្ភារៈ​បរិក្ខារ ទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ទប់ទល់​នឹង​បង្ក្រាប​បាតុកម្ម​ប្រសិនបើ​កើតមាន​ជាយថាហេតុ​។​ ​ដូច្នេះ បើ​គណបក្សប្រឆាំង​នៅតែ​ជំនះ​ក្នុង​ការដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​នោះ​គឺ​ការប៉ះទង្គិច​រវាង​ក្រុមបាតុករ និង​កងកម្លាំង​សមត្ថកិច្ច​នឹង​កើតឡើង​ភ្លាមៗ​ពីព្រោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បុរស​ខ្លាំង​នៃ​កម្ពុជា​នឹង​ប្តេជ្ញា​ការពារ​ខ្សែក្រវាត់​អំណាច​តំណែង​នាយករដ្ឋមន្ត្រី​របស់​ស​ម្តេច​ដល់ទី​បំផុត​។ ពេលនោះ​ខ្មែរ​ទាំងសងខាង​នឹង​ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​ ​
សរុបសេចក្តី​មក​មជ្ឈដ្ឋាន​ទូទៅ បានធ្វើការ​ទស្សន៍ទាយ​ទុកជាមុន​ថា ទំនងជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ធ្វើការ​ពិចារណា​ល្អិតល្អន់​មិន​ជ្រើស​រើសយក​ជម្រើស​ការធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​នាំ​ឲ្យ​វឹកវរ​ដល់​សង្គមជាតិ​និង​ធ្លាក់​ក្នុងស្ថានភាព​អស្ថិរភាព​នយោបាយ​នោះឡើយ​៕​

No comments:

Post a Comment

yes