សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

សភា​ស្នើ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​អ្នក​ប្រើ​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់

រដ្ឋ​សភា ៣០៥
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា

អគ្គលេខាធិការ​រដ្ឋ​សភា​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ ចាត់​វិធានការ​ចំពោះ​បុគ្គល ឬ​ជន​ទាំង​ឡាយ​ណា​ដែល​បន្ត​ប្រើ​​ស្លាក​​លេខ​រថយន្ត​​រដ្ឋ​សភា​ដែល​និរាករណ៍ ឬ​ផុត​កំណត់​កាលបរិច្ឆេទ​ប្រើប្រាស់។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។

លិខិត​ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ មាន​ចុះ​ហត្ថលេខា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋ​សភា​ផ្ញើ​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​ជួយ​មាន​វិធានការ​ហាម​ឃាត់​ចំពោះ​ការ​ប្រើ​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់ មាន​ស្លាក​លេខ រដ្ឋ​សភា​១ រដ្ឋ​សភា​២ រដ្ឋ​​សភា​៣ និង​រដ្ឋសភា​៤។
លោក ឡេង ប៉េងឡុង បាន​ឲ្យ​ដឹង​ក្នុង​លិខិត​ផ្ញើ​ជូន​លោក ស ខេង ថា សព្វថ្ងៃ​នេះ សង្កេត​ឃើញ​​​​ថា មាន​បុគ្គល​ខ្លះ​បាន​បន្ត​ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់​មាន រដ្ឋ​សភា​១ ដល់​រដ្ឋ​សភា​៤ កំពុង​ធ្វើ​ចរាចរណ៍​​​តាម​ផ្លូវ​សាធារណៈ។
ផ្ដើម​ពី​បញ្ហា​នេះ អគ្គលេខាធិការ​រដ្ឋ​សភា ស្នើ​ក្រសួង​មហាផ្ទៃ មាន​វិធាន​​ការ​បន្ទាន់​ចំពោះ​ការ​ប្រើ​ស្លាក​លេខ​ផុត​កាលបរិច្ឆេទ និង​ត្រូវ​នាំ​ជន​ប្រព្រឹត្ត​កំហុស​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រតិកម្ម​តប​បញ្ហា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ បាន​ចាត់​ទុក​ការ​លើក​​យក​ករណី​ប្រើ​ស្លាក​លេខ​រដ្ឋ​សភា​របស់​អគ្គលេខាធិការ​រដ្ឋ​សភា​មក​និយាយ​ពេល​នេះ ថា​ជា​រឿង​នយោបាយ។

លោក​បន្ត​ថា បើ​សិន​បើ​រដ្ឋាភិបាល ឬ​អគ្គលេខាធិការ​រដ្ឋ​សភា ពិត​ជា​ចង់​លុប​បំបាត់​ការ​ប្រើ​ស្លាក​លេខ​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​ចាប់​ផ្ដើម​ពី​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​រដ្ឋ ឬ​ប្រើ​ស្លាក​លេខ​ខេមរភូមិន្ទ​ជា​ដើម ដែល​កំពុង​ធ្វើ​ចរាចរណ៍​អនាធិបតេយ្យ​ឲ្យ​មាន​ប្រសិទ្ធភាព​វិញ៖ «ខ្ញុំ​ថា វា​មិន​មែន​ជា​ករណី​ស្លាក​ផុត​កំណត់​អី​ទេ ប៉ុន្តែ​វា​បង្កប់​ន័យ​នយោបាយ​ច្រើន​ជាង ពីព្រោះ​គាត់​ធ្លាប់​មាន​ប្រសាសន៍​ថា ស្លាក​លេខ​ឡាន​មាន​ធ្វើ​ចំនួន ១២៣​ហើយ។ ប៉ុន្តែ​បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​ទាន់​ត្រូវ​ការ»
​ត្រង់​ចំណុច​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​បាន​រៀបចំ​​ផ្ដល់​ស្លាក​​​​លេខ​​​រថយន្ត​រដ្ឋ​សភា ៥ ជូន​តំណាង​រាស្ត្រ​ទាំង ១២៣​រូប សម្រាប់​ប្រើប្រាស់​ផ្លូវការ​​​ក្នុង​​អាណត្តិ​ទី​៥ ​​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ រួច​ហើយ។ មន្ត្រី​រូប​នេះ​មាន​ប្រសាសន៍​ថា នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ទាំង​ឡាយ​​ណា​ដែល​បន្ត​ប្រើ​​ប្រាស់​​​ស្លាក​រថយន្ត​រដ្ឋ​សភា​ផុត​កំណត់​នោះ​ទេ។
ទាក់ទិន​បញ្ហា​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នឹង​ពិនិត្យ​លើ​សំណើ​របស់​អគ្គលេខាធិការ​រដ្ឋ​សភា ជុំវិញ​ការ​ប្រើប្រាស់​ស្លាក​សញ្ញា​រដ្ឋ​សភា​ផុត​កំណត់​នេះ។ ប៉ុន្តែ​លោក​ស្នើ​ដល់​អតីត​អ្នក​​តំណាងរាស្ត្រ ឬ​ក៏​សមាជិក​សភា​ទាំង​ឡាយ ពិសេស​សមាជិក​សភា​បក្ស​ប្រឆាំង ត្រូវ​​ចូល​រួម​សហការ​លើ​ករណី​ប្រើ​ស្លាក​សញ្ញា​រដ្ឋ​សភា​ផុត​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ។
លោក ខៀវ សុភ័គ៖ «សំខាន់​សភា​គឺ​ផ្ដល់​ជូន​តែ​សមាជិក​រដ្ឋ​សភា​ទេ ក្នុង ១​អាណត្តិៗ គឺ​ជា​តំណាងរាស្ត្រ ហើយ​ខ្ញុំ​គិត​ថា បើ​វា​ហួស​អាណត្តិ​ហើយ​គួរ​តែ​សមាជិក​សភា​ដែល​លោក​មិន​ទាន់​បាន​ប្រកាស​សុពលភាព ឬ​មិន​ទាន់​បាន​ស្បថ លោក​មិន​មែន​ជា​សមាជិក​សភា​នៅ​ឡើយ​ទេ ថ្វី​ត្បិត​តែ​លោក​ជាប់​ឆ្នោត​មែន។ ប៉ុន្តែ​បើ​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​តំណែង គឺ​លោក​មិន​ទាន់​មាន​សិទ្ធិ​ដើម្បី​ប្រើប្រាស់​លេខ​រដ្ឋ​សភា​ទេ ហើយ​លេខ​រដ្ឋ​សភា​ចាស់​គួរ​តែ​ប្រគល់​ជូន​រដ្ឋ​សភា​វិញ។ នេះ​បើ​តាម​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ»
​​បន្ថែម​លើ​នេះ អគ្គលេខាធិការ​រដ្ឋ​សភា​បាន​ប្រកាស​ក្នុង​លិខិត​ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​ដល់​សមាជិក​សភា ឬ​អតីត​សមាជិក​សភា​ទាំង​អស់​របស់​គណបក្ស​ប្រឆាំង ត្រូវ​បញ្ឈប់​ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់​ចាប់​ពី​រដ្ឋ​សភា​១ ដល់​រដ្ឋ​សភា​៤ ជា​បន្ត​ទៀត ព្រោះ​ស្ថាប័ន​រដ្ឋ​សភា​មិន​ទទួល​ខុស​ត្រូវ​​ទេ។ ប៉ុន្តែ​សមាជិក​គណបក្ស​ប្រឆាំង​ប្រតិកម្ម​ថា សេចក្ដី​ជូន​ដំណឹង​នេះ​មាន​ចរិត​អុជអាល៕

No comments:

Post a Comment

yes