សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

អគ្គមគ្គទេសន៍គីមជុងអ៊ុន​បាន​កំចាត់​ឱពុកមា​ខ្លួនឯង​ចេញ​ពី​អំណាច

លោកយ៉ាង សុងថេក និង​គ្គមគ្គទេសន៍គីម ជុងអ៊ុន និង
លោកយ៉ាង សុងថេក និង​គ្គមគ្គទេសន៍គីម ជុងអ៊ុន និង

នៅ​ប្រទេស​កូរ៉េខាងជើង បន្ទាប់​ពី​មាន​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​មក របប​ក្រុង​ព្យុងយ៉ាង​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ ទី៩ ធ្នូ​នេះ ពី​ការ​ដក​លោក​យ៉ាង សុងថេក និង​ក្រុមបក្ស​មួយ​ចំនួន​របស់​លោក​ចេញ​ពី​អំណាច។ លោក​យ៉ាង សុងថេក គឺ​ជា​ឱពុក មា​របស់​អគ្គមគ្គទេសន៍​គីម ជុងអ៊ុននិង​ជា​មនុស្សខ្លំាង​លំដាប់​ទី២ នៅ​ក្នុង​របប​កុម្មុយនិស្ត​កូរ៉េខាងជើង​សព្វថ្ងៃ។

រហូត​មក​ពេល​នេះ លោក​យ៉ាង សុងថេក​ដែល​ជា​ឱពុក មា របស់​អគ្គមគ្គទេសន៍​គីម ជុងអ៊ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជន​នយោបាយ​កំពូល​ទី២ នៅ​ក្នុង​របប​ក្រុងព្យុងយ៉ាង​សព្វ​ថ្ងៃ។ តែ​​ស្រាប់​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​នៃ​គណបក្សពលករ​នា​ថ្ងៃ​អាទិត្យ ទី៨ ធ្នូ អគ្គមគ្គទេសន៍​គីម ជុងអ៊ុន​បែរ​ជា​បាន​សម្រេចចិត្ត​ដក​តំណែង​ឱពុក មា ខ្លួន ព្រម​ទំាង​មនុស្សជំនិត​របស់​លោក​យ៉ាង សុងថេក​មួយ​ចំនួន​ទៅ​វិញ។ តើ​នេះ មិនមែន​ជា​ទង្វើ​កំចាត់​ដង្កូវ​ស៊ីសាច់​ឯង​ទេ ឬ​យ៉ាង​ណា?

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA ឲ្យ​ដឹង​ថា ការ​ដែល​លោក​គីម ជុងអ៊ុន​បាន​បណ្តេញ​ឱពុក មា ខ្លួន​ឯង​ចេញ​ពី​អំណាច​នោះ មិនមែន​ដោយសារ​បញ្ហា​បុគ្គល ឬ​គ្រួសារ​ទេ តែ​មក​ពី​លោក​យ៉ាង សុងថេក​បាន​ប្រព្រឹត្តិ​នូវ​កំហុសឆ្គង​មួយ​ចំនួន​ដែល​មិន​អាច​អត់អោន​ឲ្យ​បាន។ កំហុសឆ្គង​ទំាង​នោះ​រួម​មាន ការ​គ្រប់គ្រង​ប្រព័ន្ធហិរញ្ញវត្ថុជាតិ​មិន​បាន​ល្អ ប្រព្រឹត្តិ​អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ផឹកស៊ី ស្រីញី អូនបង សេពគ្រឿងញាន និង​បាន​រៀបចំ​ជីវិត​រស់នៅ​តាម​បែប​ប្រទេស​លោកខាងលិច។ ម្យ៉ាង​ទៀត និង​បើ​យោង​តាម​សារព័ត៌មាន KCNA ដដែល លោក​យ៉ាង សុងថេប គឺ​ជា​មនុស្ស​តែ​មួយ មាន​មុខ​ពីរ នៅ​ពី​មុខ លោក​បាន​សម្តែង​ជា​អ្នក​គំាទ្រ​គណបក្ស និង​ការពារ​អំណាច​របស់​ក្មួយប្រុស តែ​នៅ​ពី​ក្រោយ លោក​បាន​ព្យាយាម​ដើម្បី​ក្រសោប​យក​អំណាច។
គួរ​ជម្រាប​ជូន​ថា នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឱពុក​លោក​គីម ជុនអ៊ុន គឺ​លោក​គីម ជុងអ៊ីល លោក​យ៉ាង សុងថេក​ក៏​ធ្លាប់​បាន​លោក​គីម ជុងអ៊ីល​ដក​ចេញ​ពី​តំណែង​ម្តង​ហើយ​ក្នុង​ឆ្នំា ២០០៤ មុន​នឹង​ហៅ​ឲ្យ​ត្រឡប់​វិញ នៅ​២ឆ្នំា​ក្រោយ​មក គឺ​ឆ្នំា ២០០៦។ នៅ​ក្រោយ​មរណៈភាព​របស់​លោក​គីម ជុងអ៊ីល​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១១ លោក​យ៉ាង សុងថេក​បាន​ដើរ​តួនាទីស្នូល​ក្នុង​ការ​ផ្ទេរអំណាច​ពី​លោក​គីម ជុងអ៊ីល ទៅ​ឲ្យ​លោក​គីម ជុងអ៊ុន។ គឺ​ចាប់​តំាង​ពី​ពេល​នោះ​ឯង​ដែល​លោក​យ៉ាង សុងថេក​បាន​ផ្តើម​ពង្រឹង​អំណាច​ផ្ទាល់​ខ្លួន​បន្តិច​ម្តងៗ។
គឺ​មហិច្ឆតា​អំណាច​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​លោក​យ៉ាង សុងថេក​នោះ​ឯង ដែល​បាន​ជម្រុញ​ឲ្យ​ក្រុមទីប្រឹក្សា និង​ក្រុមជំនួយការ​វ័យក្មេង​របស់​លោក​គីម ជុងអ៊ុន​ផ្តល់​ដំបូលន្មាន​ឲ្យ​បណ្តេញ​លោក​យ៉ាង សុងថេក​ចេញ​ពី​អំណាច។ តើ​ទង្វើ​របស់​លោក​គីម ជុងអ៊ុន​ពេល​នេះ មិនមែន​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​រូប​លោក​ផ្ទាល់ខ្លួន​ទៅវិញទេ ឬ​យ៉ាង​ណា?
ក្រុម​អ្នកវិភាគ​ខ្លះ​យល់​ថា វា​អាច​ជា​គ្រោះថ្នាក់​សម្រាប់​រូប​លោក​គីម ជុងអ៊ុន ពិសេស​អំណាច​របស់​លោក​តែ​ម្តង ព្រោះ​ថា​ចង់ ឬ​មិន​ចង់​មក​ទល់​ពេល​នេះ លោក​យ៉ាង សុងថេក​ដែល​មាន​វ័យចំណាស់ជាង និង​មាន​បទពិសោធន៍​នយោបាយ​ឆ្អិនជាង គឺ​ជា​ជន្ទល់​មួយ​យ៉ាង​មំា​សម្រាប់​ទ្រ​លោក​ក្មួយ​គីម ជុងអ៊ុន៕

No comments:

Post a Comment

yes