សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

ក្រសួង​មហាផ្ទៃ​ហាម​បក្ស​សង្គ្រោះ​ជាតិ​និង​សង្គម​ស៊ីវិល​ជួបជុំ​នៅ​មុខ​សភា

ធម្មយាត្រា ៦១០
អ្នក​ចូល​រួម​ធម្មយាត្រា-​សិទ្ធិ​យាត្រា​បិទ​ផ្លូវ​ជាតិ​លេខ​៣ នៅ​ខាង​
មុខ​វត្ត​ស្លែង ក្នុង​ខណ្ឌ​ដង្កោ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៣

ក្រសួង​មហាផ្ទៃ ហាម​ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល សហគមន៍ សមាគម និង​សង្គម​ស៊ីវិល​ទាំង​អស់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ​នេះ ដែល​ជា​ទិវា​​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ក្នុង​លិខិត ២​ច្បាប់ ជម្រាប​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៨ ធ្នូ បាន​សរសេរ​ថា ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឱ្យ​មាន​ការ​ជួបជុំ​គ្នា​បាន ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ធ្នូ តែ​ពុំ​មាន​ការ​ហែ​ក្បួន​ទេ។
ព្រឹត្តិការណ៍​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ នឹង​មាន​ការ​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ចំនួន ៣​ក្រុម គឺ​ទី​១ រៀបចំ​ដោយ​សម្ព័ន្ធ​អង្គការ​សិទ្ធិ​មនុស្ស​សង្គម​ស៊ីវិល ឬ​ហៅ​ថា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ទី​២ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៣ រៀបចំ​ដោយ​តំណាង​សហគមន៍ សមាគម និង​បណ្ដាញ​សហព័ន្ធ​សហជីព។
ទាក់ទង​នឹង​ការ​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​របស់​សម្ព័ន្ធ​អង្គការ​សិទ្ធិ​មនុស្ស​សង្គម​ស៊ីវិល ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឱ្យ​ជួប​ជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្តភ្នំ ត្រង់​រោង​អាយ៉ៃ ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ២​រសៀល ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៥​ពាន់​នាក់ ដោយ​ពុំ​មាន​ហែ​ក្បួន និង​ចែក​ខិត្តប័ណ្ណ​ឡើយ។

រី​ឯ​ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មុន​ដំបូង​បម្រុង​ជួបជុំ​គ្នា​នៅ​បរិវេណ​មុខ​រដ្ឋ​សភា​នោះ ក្រសួង​មហាផ្ទៃ សម្រេច​អនុញ្ញាត​ឱ្យ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជំនួស​វិញ ចាប់​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ដែល​មាន​អ្នក​ចូល​រួម​មិន​លើស​ពី ១​ម៉ឺន​នាក់ និង​ពុំ​មាន​ការ​ហែ​ក្បួន​ដែរ។ ក៏​ប៉ុន្តែ​លិខិត​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ចាត់​តាំង​តំណាង ១០​រូប ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់​ជូន​រដ្ឋ​សភា។
ដោយឡែក​ការ​ជួបជុំ​របស់​តំណាង​សហគមន៍ សមាគម និង​បណ្ដាញ​សហព័ន្ធ​សហជីព ត្រូវ​បាន​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឱ្យ​ជួបជុំ​គ្នា​នៅ​សួន​ច្បារ​ទល់​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចាប់​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ និង​មិន​មាន​ហែ​ក្បួន​ដូច​គ្នា។ ក្រុម​នេះ ក៏​អាច​ចាត់​តាំង​តំណាង ១០​រូប ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់​ជូន​រដ្ឋ​សភា​ដែរ។
ការ​ចេញ​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ គឺ​ទន្ទឹម​គ្នា​នឹង​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​ពី​ខេត្ត​នានា បាន​មក​ដល់​ជាយ​រាជធានី​ភ្នំពេញ ខ្លះ​ហើយ ដើម្បី​ចូលរួម​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ​ ខាង​មុខ​នេះ។
អ្នក​ធ្វើ​ធម្មយាត្រា​ក្នុង​ខ្សែ​ផ្លូវ​ជាតិ​៣ មួយ​រូប គឺ​លោក មួង សូនី ឱ្យ​ដឹង​ថា ក្បួន​ធម្មយាត្រា​មួយ​នេះ បាន​មក​ដល់​វត្ត​ស្លែង​ខាង​លិច រាជធានី​ភ្នំពេញ​ហើយ ហើយ​បាន​បិទ​ផ្លូវ​ជាតិ​លេខ ៣ ត្រង់​តំបន់​នោះ​ជាង ២០​នាទី ដោយសារ​តែ​វត្ត​នេះ​មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​ស្នាក់​បណ្ដោះ​អាសន្ន។
អ្នក​ធ្វើ​ធម្មយាត្រា​មួយ​រូប​ទៀត នៅ​ខ្សែ​ផ្លូវ​ជាតិ​៤ បាន​បិទ​ផ្លូវ​នៅ​ចំណុច​វត្ត​ជម្ពូវ័ន្ត ដោយសារ​តែ​បញ្ហា​ដូច​គ្នា។
ក្រសួង​មហាផ្ទៃ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ទី​៨ ធ្នូ ថា ដើម្បី​ធានា​ឱ្យ​ព្រឹត្តិការណ៍​ ១០ ធ្នូ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយ​សន្តិវិធី មាន​សណ្ដាប់​ធ្នាប់​ល្អ ការ​ជួបជុំ​ជា​សាធារណៈ ការ​ធ្វើ​ធម្មយាត្រា ការ​ហែ​ក្បួន ត្រូវ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រប​ច្បាប់ ហើយ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​លើក​កម្ពស់​ការ​គោរព​វិន័យ សីលធម៌​វិជ្ជាជីវៈ បង្កើន​កិច្ច​សហការ​សម្របសម្រួល ដើម្បី​ផ្ដល់​ការ​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​ដល់​អ្នក​ចូល​រួម​ព្រឹត្តិការណ៍​នេះ៕

No comments:

Post a Comment

yes