គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ការចុះឈ្មោះគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី២នេះ មានរយៈពេល៥ថ្ងៃ ដែលចាប់ដំណើរការ ពីចុងខែកុម្ភៈឆ្នាំ២០១៤នេះទៅ។
សេចក្តីជូនដំណឹង របស់ គ.ជ.ប ដែលVOD ទទួលបាននៅថ្ងៃអង្គារ ទី២៨ ខែមករានេះ ឲ្យដឹងថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បើមានបំណង ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត អាចទៅយកគំរូពាក្យសុំនៅស្នាក់ការ គ.ជ.ប ឬនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត។
គ.ជ.ប បញ្ជាក់ថា គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត រៀងរាល់ម៉ោងធ្វើការ គឺពេលព្រឹកចាប់ពីម៉ោង៧ ដល់ម៉ោង១១ និង៣០នាទី ពេលរសៀល ចាប់ពីម៉ោង១៤ ដល់ម៉ោង១៧និង៣០នាទី។
គ.ជ.ប ឲ្យដឹងទៀតថា កាលបរិច្ឆេទទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខេជនឈរឆ្នោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។
តាមប្រតិទិន របស់ គ.ជ.ប ឲ្យដឹងដែរថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ហើយគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង មានពេលឃោសនា រយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤៕
No comments:
Post a Comment
yes