សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 28, 2014

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​អ.ស.ប.​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា

សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុម​កម្មករ​ដែល​ត្រូវ​សមត្ថកិច្ច​វាយ​ដុំ និង​ចាប់​ខ្លួន​ចង ពេល​ប៉ះ​ទង្គិច​
គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤

តំណាង​រដ្ឋាភិបាល​កម្ពុជា នឹង​ឡើង​ការពារ​របាយការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) យប់​ថ្ងៃ​ទី​២៨ មករា នេះ (ម៉ោង​នៅ​កម្ពុជា)។

ស្រប​ពេល​នេះ​ដែរ តំណាង​អង្គការ​សិទ្ធិមនុស្ស​សហ​ប្រជាជាតិ បាន​ជំរុញ​ប្រទេស​ជា​សមាជិក​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​ទាំង​អស់ ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែទម្រង់​និង​បង្កើន​ការ​ការពារ និង​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ល្អ ដូច​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​សន្យា​កន្លង​មក។
គេហទំព័រ​របស់​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ស្រង់​សម្ដី​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​ទីក្រុង​ហ្សឺណែវ អ្នកស្រី ជូលីយ៉ែត ឌឺ រីវើរ៉ូ (Juliet de Rivero)  បាន​រិះគន់​ខ្លាំងៗ​ដល់​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ពេល​ថ្មីៗ​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​និង​របួស ហើយ​បាតុករ​មួយ​ចំនួន​បាន​បាត់​ខ្លួន​និង​ត្រូវ​ចាប់​ខ្លួន។
គេហទំព័រ​របស់​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ស្រង់​សម្ដី​អ្នកស្រី ជូលីយ៉ែត ឌឺ រីវើរ៉ូ ថា៖ «រដ្ឋាភិបាល ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​រៀង​រាល់​ថ្ងៃ ដោយ​រារាំង​បក្ស​ប្រឆាំង សហជីព សកម្មជន និង​អ្នក​ដទៃ​ទៀត​មិន​ឲ្យ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ដើម្បី​ការ​ផ្លាស់ប្ដូរ​នយោបាយ។ ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ គួរ​តែ​ផ្ដន្ទាទោស​ចំពោះ​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​នេះ ហើយ​បង្ខំ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ឲ្យ​បាន​ខ្លាំងក្លា​ជា​បន្ទាន់»

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មករា នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ព្រះសង្ឃ និង​អង្គការ​សមាគម​នានា​ជា​ដៃគូ ធ្វើ​ការ​ពាក់​ព័ន្ធ​ផ្នែក​សិទ្ធិ​មនុស្ស​ចូល​រួម​ពិភាក្សា​គ្នា​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ដែរ។

ព្រឹត្តិការណ៍​ទាមទារ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា បាន​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត។ ការ​ទាមទារ​នោះ​រួម​មាន ក្រុម​តវ៉ា​ផ្សេងៗ​គ្នា ដូច​ជា​ក្រុម​តវ៉ា​នឹង​លទ្ធផល​បោះ​ឆ្នោត ក្រុម​កម្មករ​រោងចក្រ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល និង​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន​ទាមទារ​សេរីភាព​បញ្ចេញ​មតិ ជា​ដើម។ ប៉ុន្តែ ការ​ទាមទារ​ដោយ​អហិង្សា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ តែង​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ ឬ​កង​កម្លាំង​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់។
បញ្ហា​នេះ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​រិះគន់​ថា ការ​ប្រើ​កម្លាំង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា គឺ​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ។
សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ រួម​មាន​អង្គការ​មាត្រា​១៩ អង្គការ​សមាគម​អ្នក​ផ្សព្វផ្សាយ​អន្តរជាតិ និង​សមាគម​ប៊ិច​អន្តរជាតិ (Pen International) ដែល​ប្រកាស​នៅ​ថ្ងៃ​ទី​២៧ មករា ថា បម្រាម​លើ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ការ​ប្រើប្រាស់​កម្លាំង​ហួស​ប្រមាណ និង​អំពើ​ហិង្សា​របស់​ភ្នាក់ងារ​សន្តិសុខ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា និង​ការ​ចាប់​ខ្លួន​ដោយ​ហេតុផល​នយោបាយ​ជា​បន្តបន្ទាប់ បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មូលដ្ឋាន​ជា​សកល និង​ការ​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។
សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បាន​ដៅ​មុខ​សញ្ញា ការ​សម្លុត​បំភ័យ និង​ផ្ដន្ទាទោស​ដោយសារ​តែ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​គោល​នយោបាយ​បែប​គាប​សង្កត់​របស់​រដ្ឋាភិបាល។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ ទៅ​ពិភាក្សា​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ពី​រដ្ឋ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៨ មករា។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​មាត្រា​១៩ ដែល​ជា​អង្គការ​តាម​ដាន​លើ​ការ​រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ លោក ថូម៉ាស់ ហ៊ូគ (Thomas Hughes) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ងើប​ឡើង​ចេញ​មុខ​តវ៉ា​កាន់​តែ​ច្រើន​នៅ​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត ដែល​បាន​បង្ហាញ​ថា ពួក​គេ​កំពុង​ប្រថុយ​ជីវិត​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​មតិ និង​ទាមទារ​ការ​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​ខ្លួន​ចង់​បាន។ នាយក​នៃ​អង្គការ​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​គួរ​បង្ក្រាប​មក​លើ​ក្រុម​អ្នក​ប្រឆាំង​ទៀត​នោះ​ទេ ហើយ​វា​គួរ​តែ​ដល់​ពេល​ហើយ​ក្នុង​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​មនុស្ស​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន។
បន្ថែម​លើ​នេះ ប្រធាន​គណៈកម្មាធិការ​អ្នក​និពន្ធ​នៅ​ក្នុង​ពន្ធនាគារ អ្នកស្រី ម៉ារៀន បុសហ្វត ហ្វ្រេសែ (Marian Botsford Fraser) មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​ចំពោះ​ការ​គាប​សង្កត់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា គឺ​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ អ្នកស្រី​បញ្ជាក់​ថា ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ គួរ​តែ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។
ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​អញ្ជើញ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អ្នក​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​មួយ​ចំនួន រួម​ទាំង​រដ្ឋាភិបាល​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។
ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ឆ្នាំ​របស់​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ គួរ​តែ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ទៅ​លើ​សិទ្ធិ​មូលដ្ឋាន​ជា​សកល និង​ប្រព័ន្ធ​និទ្ទណ្ឌភាព​ដែល​បាន​កើន​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ម៉្យាង​វិញ​ទៀត កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​តាម​ដាន​ភាព​បរាជ័យ​រដ្ឋាភិបាល​លើ​ការ​គោរព​សិទ្ធិ​មនុស្ស។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល និង​ជា​អ្នក​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ លោក ម៉ក់ សម្បត្តិ បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ព្រួយ​បារម្ភ​ពី​របាយការណ៍​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល ឬ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​នានា​ឡើយ។
ដោយ​ឡែក​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា យន្តការ​ការ​វាយ​តម្លៃ​របស់​អង្គការ​សហប្រជាជាតិ នេះ អាច​មាន​ប្រសិទ្ធភាព​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​នៃ​ការ​អនុវត្ត និង​ធានា​សិទ្ធិ​មនុស្ស ប៉ុន្តែ​ហាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។ លោក​បញ្ជាក់​ថា ទណ្ឌកម្ម​មួយ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​អាច​ធ្វើ​បាន ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា គឺ​ត្រឹម​តែ​លើ​ការ​ផ្សព្វផ្សាយ​តែ​ប៉ុណ្ណោះ។
លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​បន្ថែម​ថា ការ​គោរព​សិទ្ធិ​មនុស្ស​បាន​កាន់​តែ​ប្រសើរ គឺ​ជា​យន្តការ​ទាក់ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន​មក​កម្ពុជា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន ទាំង​ជាតិ និង​អន្តរជាតិ បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​កើន​ឡើង​វិធាន​ការ​ដ៏​ឆេវឆាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បំបិទ​មាត់​សកម្មជន អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​ចេញ​មតិ​រិះគន់។
បន្ថែម​លើ​នេះ ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ពេល​វេលា​កំណត់​ពី​រដ្ឋ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩៕

No comments:

Post a Comment

yes