សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំពិធីសែនក្រុងពាលី ក្នុងបរិវេណលានជល់ដំរី ក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទនេះ គោលបំណងបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍ អង្គរសង្ក្រាន ព.ស ២៥៥៧-២៥៥៨ គ.ស ២០១៤ ដើម្បីអបអរឆ្នាំថ្មីប្រពៃជាតិខ្មែរ។
សេចក្តីប្រកាសព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា ចុះថ្ងៃទី០១ ខែមីនា ឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទទី០៣ វេលាម៉ោង៨ព្រឹក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នឹងចូលរួមអបអរ ធ្វើពិធីបួងសួង អង្គរសង្ក្រាន ព.ស ២៥៥៧-២៥៥៨ គ.ស ២០១៤ សម្រាប់ចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និងសាធារណជនខ្មែរទូទៅ បានចូលរួម និងបានស្វែងយល់នូវភាពរុងរឿង ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ រហូតដល់បច្ចុប្បន្ន នឹងឈានទៅបន្តថែរក្សាកេរមត៌កនេះ ឲ្យបានគង់វង្ស។
វប្បធម៌នេះ ក៏នឹងផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ខ្លួន ឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រឹងនូវកិត្យានុភាពនេះលើឆាកអន្តរជាតិ។
ដើម្បីឲ្យពិធីនេះមានភាពអធិកអធម និងដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់យុវជនមហាជនទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំពោះព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏អំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន៕
No comments:
Post a Comment
yes