នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ ឯពិធីមួយនៅមជ្ឈមណ្ឌលកោះពេជ្របានថ្លែងថា បើទោះបីជាគណបក្សនយោបាយមួយចំនួនធ្វើពហិការមិនចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣ខាងមុខក្តី ក៏មិនប៉ះពាល់ដល់ការបោះឆ្នោតនោះដែរ។
នាយករដ្ឋមន្រ្តីបាននិយាយថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ខាងមុខនឹងមានដំណើរការធម្មតា ទោះបីមានគណបក្សនយោបាយមួយចំនួនមិនចូលរួមក្នុងការបោះឆ្នោតក៏ដោយ។ ហើយថា គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតផ្សេងទៀត ត្រៀមខ្លួនទទួលយកសំឡេងរបស់គណបក្សដែលធ្វើពហិការនោះ។
ការថ្លែងរបស់នាយករដ្ឋមន្រ្តីខ្មែរនេះ ត្រូវគេមើលឃើញថា ចង់សំដៅទៅលើគណបក្សប្រឆាំង ក្នុងប្រទេសកម្ពុជា គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងពិចារណាមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣ខាងមុខ បើសិនណាមិនមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះទេ៕
No comments:
Post a Comment
yes