កណ្តាល ៖ ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកព្រំដែនទ្វេរភាគីជ្រៃធំលោក មួង ដារ៉ា ដែលទើបឡើងតំណែងជំនួសលោក យឹម ភាង ដែលបានចូលនិវត្តន៍មិនមានឆន្ទៈអនុវត្តតាមគោលការណ៍របស់ថ្នាក់លើនោះទេ គឺលោក មួង ដារ៉ា នៅតែរក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញខុសច្បាប់ ក៏ដូចជាការគាបជំរិតអ្នករកស៊ីដឹកជញ្ជូនកសិផលចេញទៅប្រទេសវៀតណាមផ្ទុយទៅនឹងអនុសាសន៍របស់រាជរដ្ឋាភិបាលផងដែរ ហើយបើតាមប្រភពព័ត៌មានពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានឲ្យដឹងថា លោក មួង ដារ៉ា មិនដែលខ្លាចញញើតចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែបន្តិច ចាប់តាំងពីពេលដែលគាត់ធ្វើជាអនុប្រធានការិយាល័យគយប្រចាំច្រកជ្រៃធំកាន់ផ្នែកសរុប ខណៈដែលលោក យឹម ភាង មិនទាន់ចូលនិវត្តន៍មកម្ល៉េះ។
លោក មួង ដារ៉ា នៅតែឃុបឃិតជាមួយឈ្មួញឲ្យទំនិញខុសច្បាប់ហូរចូលតាមផ្លូវទឹកនិងផ្លូវគោកទាំងយប់ទាំងថ្ងៃ ជាពិសេសការឃុបឃិតឲ្យហូរចូលទំនិញគេចពន្ធធ្វើឲ្យខាតបង់ចំណូលជាតិច្រើនសន្ធឹកសន្ធាប់ព្រោះលោក មួង ដារ៉ា ពូកែរកលុយសម្រាប់ទប់តំណែង ទើបគាត់ហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង និងតាមតែអំពើចិត្តមិនខ្វល់ខ្វាយអនុវត្តតាមអនុសាសន៍របស់ថ្នាក់លើដែលកំពុងរឹតបន្តឹងការប្រមូលចំណូលក្នុងស្រុកនោះទេ។ បើពិនិត្យមើលពីទំហំនៃស្ថានភាពដឹកជញ្ជូនទំនិញមិនប្រក្រតី មកពីប្រទេសវៀតណាម ឬការដឹកជញ្ជូនឈើប្រណីត សត្វព្រៃ និងស្ករស ចុះទៅវៀតណាម យ៉ាងអនាធិបតេយ្យនោះ គេអាចវាយតម្លៃបានថាប្រភពចំណូលរបស់លោក មួង ដារ៉ា មានច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។
ជាក់ស្តែងលោក យឹម ភាង ដែលជាអតីតប្រធានការិយាល័យគយនៅទីនោះ ទោះជាដល់អាយុចូលនិវត្ដន៍ ក៏ដោយក៏គាត់នៅតែក្រាញននៀលអត់ចង់ចូលនិវត្តន៍ទេ ដែលកាលណោះលោក មួង ដារ៉ា ជាបេក្ខភាពតែម្នាក់គត់ត្រូវឡើងស្នងតំណែងលោក យឹម ភាង មានភាពអន្ទះសារយ៉ាងខ្លាំងព្រោះមួយថ្ងៃៗលោក មួង ដារ៉ា ស្រក់ទឹកមាត់ចង់បានតំណែងប្រធានការិយាល័យគយនៅជ្រៃធំហើយបន់ស្រន់ឲ្យលោក យឹម ភាង ចូលនិវត្តន៍ឆាប់ៗ។ រហូតដល់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ លោក មួង ដារ៉ា ត្រូវបានប្រកាសឲ្យឡើងធ្វើជាប្រធានស្តីទីជំនួសលោក យឹម ភាង ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ហើយចាប់តាំងពីពេលនោះមកលោក មួង ដារ៉ា មានអំណាចពេញដៃហើយគាត់អាចបំពេញមហិច្ឆតារបស់ខ្លួនយ៉ាងរលូនល្អក្នុងការប្រមូលលុយច្រកហោប៉ៅផ្ទាល់ខ្លួនតាមរយៈការឃុបឃិតឲ្យទំនិញខុសច្បាប់ ឬទំនិញគេចពន្ធឆ្លងកាត់ច្រកជ្រៃធំកាន់តែគគ្រឹកគគ្រេង។
សកម្មភាពដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ដូចជាគ្រឿងសំណង់របស់មន្ត្រីយោធាធំៗ សម្ភារៈកសិកម្មដែលក្នុងនោះមាន ថ្នាំកំចាត់សត្វល្អិត ជីកសិកម្ម ចំណីសត្វ បន្លែ រាប់ទាំងការដឹកជញ្ជូនជ្រូកនិងត្រីខុសច្បាប់ដែលឆ្លងកាត់ច្រកជ្រៃធំ របស់ក្រុមឈ្មួញទាំងតូចទាំងធំ ទាំងផ្លូវទឹកនិងផ្លូវគោក ទោះជាបង់ពន្ធមិនគ្រប់ឬការក្លែងភេទទំនិញសុទ្ធតែកើតចេញពីការឃុបឃិតរបស់លោក មួង ដារ៉ា ដែលមិនសូវខ្វល់ខ្វាយពីបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល អំពីការបង្កើនចំណូលពន្ធឬការលុបបំបាត់អំពើពុករលួយដែលកំពុងកើតមានយ៉ាងរាលដាលនោះទេ ។ បើនិយាយពីការដឹកជញ្ជូនឈើប្រណីត សត្វព្រៃ ផលកសិកម្ម ជាពិសេសស្ករសចុះទៅប្រទេសវៀតណាមដែលមានរូបភាពកាន់តែគគ្រឹកគគ្រេងស្ទើរខូងផ្លូវជាតិទៅហើយនោះ ប្រសិនបើគ្មានការឯកភាពពីលោក មួង ដារ៉ា ទេនោះ មិនអាចធ្វើទៅបានទេ៕
No comments:
Post a Comment
yes