សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ទណ្ឌិត​ក្នុង​រឿង​បង្កើត​តំបន់​អបគមន៍​ថា​តុលាការ​កាត់​ទោស​បំពេញ​ចិត្ត​ថ្នាក់​ដឹកនាំ


ទណ្ឌិត​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ ១២​នាក់​ផ្សេង​ទៀត ដែល​រង​ការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ ដល់ ៣០​ឆ្នាំ អំពី​បទ​បង្កើត​តំបន់​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ ជាមួយ​លោក ម៉ម សូណង់ដូ បាន​បន្ទោស​តុលាការ​ក្រុង​ភ្នំពេញ​ថា កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​បំពេញ​ចិត្ត​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ប៉ុណ្ណោះ។
RFA/Van Vichar
អ្នក​គាំទ្រ​ទាមទារ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ក្បែរ​តុលាការ​រាជធានី​ភ្នំពេញ ដោយ​មាន​សមត្ថកិច្ច​ប៉ូលិស​ឈរ​យាម​ការពារ​នៅ​របាំង​ម្ខាង​ផ្លូវ កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១២។
លោក ប៊ុន ឆន ដែល​ទើប​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល ពី​បទ​ចោទ​ថា បាន​ចូលរួម​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​នោះ បាន​បដិសេធ​មិន​ទទួល​យក​ការ​ជំនុំជម្រះ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទេ ដោយ​លោក​ចោទ​ថា តុលាការ​មួយ​នេះ​អនុវត្ត​ច្បាប់​ទៅ​តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី។
លោក ប៊ុន ឆន អាយុ ៦៣​ឆ្នាំ ជា​ឪពុក​បង្កើត​របស់​លោក ប៊ុន រដ្ឋា ដែល​សព្វថ្ងៃ​កំពុង​រស់​នៅ​និរទេស បាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​មិន​ខ្លាច​នឹង​ចូល​ខ្លួន​ដើម្បី​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ប្រសិន​បើ​តុលាការ​កម្ពុជា មាន​ភាព​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល។

លោក ប៊ុន ឆន៖ «ហេតុ​អី​តុលាការ​នេះ​មិន​បើក​ភ្នែក ហើយ​ស្រាវជ្រាវ​ភស្តុតាង​ជាក់ស្ដែង​ដែល​លោក​ទៅ​ព័ទ្ធ​ផ្ទះ​ខ្ញុំ​នោះ ថា​តើ​ខ្ញុំ​មាន​ទាហាន​ប៉ុន្មាន​រយ​នាក់? មាន​ឡាន ហើយ​អាវុធ​ខ្ញុំ​មាន​ប៉ុន្មាន​នៅ​នឹង​ផ្ទះ​ហ្នឹង​ដែល​លោក​ឯង​ទៅ​ព័ទ្ធ​នោះ? ខ្ញុំ​សួរ​ទៅ​លោក ហ៊ុន សែន សិន តើ​ទ័ព​ប៉ុន្មាន​រយ​នាក់​ដែល​ទៅ​ព័ទ្ធ​ផ្ទះ​របស់​ខ្ញុំ​ចាប់​ពី​ម៉ោង ៩​ល្ងាច ដល់​ម៉ោង ១២​ថ្ងៃ​នោះ តើ​យក​បាន​អាវុធ​ប៉ុន្មាន​ដើម? ខ្ញុំ​សូម​សួរ​ទៅ​លោក ហ៊ុន សែន បាន​ជា​លោក​ចោទ​ខ្ញុំ​ថា បាន​បង្កើត​តំបន់​អបគមន៍​នេះ។ សូម្បី​តែ​ដៃ​ខ្ញុំ​ក៏​អត់​មាន​ផង ផ្ទះ​ខ្ញុំ​ក៏​អត់​មាន​អាវុធ។ ផ្ទះ​ខ្ញុំ​ដែល​លោក​ឯង​រុះរើ​នោះ អត់​មាន​ទេ​អាវុធ មាន​តែ​កាំបិត និង​ចប ហើយ​សម្ភារៈ​ប្រើប្រាស់ ដូចជា ចាន ឆ្នាំង តែ​ប៉ុណ្ណឹង​ទេ ហើយ​ម៉ូតូ ត្រូវ​លោក​ឯង​រឹប​អូស​អស់​ហើយ ហើយ​ចោទ​ខ្ញុំ​ថា បង្កើត​តំបន់​អបគមន៍ តើ​មាន​ស្អី​ជា​ភស្តុតាង? បើ​សិន​ជា​មាន​អាវុធ​តែ​មួយ​ដើម​នៅ​ផ្ទះ​ខ្ញុំ​មែន នោះ​ខ្ញុំ​ហ៊ាន​ទទួល​សារភាព​ថា​ខ្ញុំ​ខុស»
ក្រៅ​ពី​ការ​កាត់​ទោស លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105 មេហ្គាហឺត ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​កាត់​ទោស​មនុស្ស​ចំនួន ១៣​នាក់​ផ្សេង​ទៀត​ក្នុង​ករណី​នេះ​ដែរ។ អ្នក​ទាំង​នោះ​រួម​មាន​ឈ្មោះ ប៊ុន ឆន លោក ប៊ុន រដ្ឋា លោក សុខ តុង ភណ្ឌ ស្រឿន ខាន់ សុវណ្ណ ទូច រីម និង​មនុស្ស​មួយ​ចំនួន​ទៀត។
លោក ប៊ុន ឆន អះអាង​ថា ផ្ទះ​របស់​លោក​ដែល​មាន​ផ្ទៃ​ដី​ទំហំ ២០ គុណ​នឹង ៨០​ម៉ែត្រ និង ដី​ចំការ​ទំហំ ៥០​ហិកតារ​ថែម​ទៀត ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​ឈូស​កំទេច និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​ពី​គ្រួសារ​របស់​លោក ។ លោក​បញ្ជាក់​ថា ភស្តុតាង​សមត្ថកិច្ច​ប្រមូល​យក​ដើម្បី​ដាក់​បន្ទុក​ចោទ​ប្រកាន់​រូប​លោក​ក៏​ដូច​ជា​ពលរដ្ឋ​ភូមិ​ប្រម៉ា មាន​ដូចជា​កាំបិត ចប ឬ​ស្នា​សម្រាប់​បាញ់​ត្រី បាញ់​កង្កែប ថា​ជា​អាវុធ​សំរាប់​បង្កើត​តំបន់​អបគមន៍​នោះ មិន​សម​ហេតុ​សម​ផល។
លោក ប៊ុន ឆន៖ «ខ្ញុំ​សូម​សួរ​ទៅ​រដ្ឋាភិបាល​ថា គេ​ប្រើ​កាំបិត និង​ចប ទៅ​ធ្វើ​ជា​តំបន់​អបគមន៍​អ៊ីចឹង? ហើយ​រដ្ឋាភិបាល​លើក​ទ័ព​ទៅ​ប្លន់​យក​ផ្ទះ​របស់​ខ្ញុំ រុះរើ​ខ្ទេចខ្ទី យក​ម៉ូតូ យក​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​ប៉ុន្មាន​នៅ​នឹង​ផ្ទះ​យក​ខ្ទេចខ្ទី​អស់​ហើយ​ដេញ​បាញ់​ខ្ញុំ​ទៀត។ នេះ​មិន​ត្រូវ​លើក​ទ័ព​ទៅ​បាញ់​ទាំង​កំរោល​នោះ​ទេ មាន​ទាំង​ឧទ្ធម្ភាគចក្រ តើ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​នេះ​សម​ទេ? ចំពោះ​ជម្លោះ​ថៃ ជាមួយ​ខ្មែរ រដ្ឋាភិបាល​មិន​ទាន់​លើក​ទ័ព​មាន​ឧទ្ធម្ភាគចក្រ​ទៅ​កម្ទេច​ថៃ​ទេ ប៉ុន្តែ​បើ​ដេញ​បាញ់​យើង​ខ្ញុំ មាន​ទាំង​យន្តហោះ មាន​ទាំង​ទ័ព​រាប់​ម៉ឺន​នាក់»
កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១ ខែ​តុលា ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា ឈ្មោះ ប៊ុន រដ្ឋា និង​បក្សពួក​មាន​បំណង​ចង់​បង្កើត​តំបន់​អបគមន៍ ដោយ​តាំង​ខ្លួន​ជា​អាជ្ញាធរ​បែង​ចែក​ដីធ្លី ហើយ​បំផុស​បំផុល​ឲ្យ​មាន​ការ​បង្កើត​អាវុធ​ច្នៃប្រឌិត​ប្រឆាំង​នឹង​សមត្ថកិច្ច។ ជាមួយ​គ្នា​នេះ តុលាការ​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ ប៊ុន រដ្ឋា ក្រោយ​ពី ប៊ុន រដ្ឋា បាន​ប្រកាស​ថា ខ្លួន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន។
លើស​ពី​នេះ​ទៀត ចៅក្រម​ក៏​បាន​ប្រកាស​ថា លោក ម៉ម សូណង់ដូ ជា​អ្នក​រៀបចំ​ធ្វើ​ឲ្យ​មាន​កុបកម្ម​ដែល​មាន​ខ្នង​បង្អែក​ជាមួយ​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចំនួន​បី មាន​អង្គការ Article 19, Forum Asia និង​អង្គការ SEAPA កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ គ្មាន​អ្វី​លើស​ពី​ការ​ផ្សាយ​ព័ត៌មាន​អំពី​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា នោះ​ទេ។
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា លោក ម៉ម សូណង់ដូ បាន​ផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​លើ​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្សាយ​ដំណឹង​នេះ​រួច លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ជា​សាធារណៈ​ថា ត្រូវ​តាម​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពី​បទ​បង្កើត​តំបន់​អបគមន៍​នេះ ឲ្យ​ទាល់​តែ​បាន ទោះ​រត់​ទៅ​ដល់​ទី​ណា​ក៏ដោយ។
លោក ហ៊ុន សែន៖ «អ៊ីចឹង​នៅ​សល់ ៤​នាក់​ទៀត សូម​អញ្ជើញ​ចេញ​សារភាព បើ​មិន​ដូច្នោះ​ទោះ​ទៅ​ដល់​ជើង​មេឃ ក៏​ត្រូវ​តាម​ចាប់​ខ្លួន​ដែរ ហើយ​អា​មេ​នៅ​ភ្នំពេញ ធ្វើ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច យើង​ដឹង​អស់​ហើយ។ វា​អត់​ហ៊ាន​ចូល​ស្រុក​ទេ ហើយ​ឥឡូវ អា​មនុស្ស​នេះ​កំពុង​នៅ​ជាមួយ​អា សួន សេរីរដ្ឋា ដែល​យើង​កំពុង​តាម​ចាប់​ខ្លួន​ដែរ។ អា​នេះ​ឡើង​ចង់​ផ្ដួល​រដ្ឋាភិបាល​តាម​កម្លាំង​ប្រដាប់​អាវុធ។ អា​នេះ​ឡើង​ប៉ុស្តិ៍​អាវ​លឿង​របស់​ថៃ កាល​ពី​ឆ្នាំ​ទៅ។ លេង​គ្នា​ជាមួយ​អា​ហ្នឹង​ម្ដង​ឲ្យ​ច្បាស់ ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ។ ប៉ុន្តែ​បើ​ឯង​មិន​ចូល​ស្រុក កាត់​ទោស​កំបាំង​មុខ ហើយ​សុំ​ធ្វើ​បត្យាប័ន។ ចំណែក​អ្នក​ដែល​កំពុង​លាក់​ខ្លួន​ចេញ​មក លាក់​នៅ​ក្នុង​ព្រៃ​ក៏​ចេញ លាក់​នៅ​តាម​ផ្ទះ​ក៏​ចេញ លាក់​នៅ​តាម​ស្ថានទូត ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​តែ​ចេញ​មក​បើ​ចង់​រួច​ខ្លួន»
ជុំវិញ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ លោក ប៊ុន ឆន លោក ប៊ុន រដ្ឋា និង​មនុស្ស​មួយ​ចំនួន​ទៀត ពី​បទ​ចោទ​បង្កើត​តំបន់​អបគមន៍​នេះ​ដែរ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​អំពី​ការ​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​ជំនួយ​ដល់​ចារី ក្នុង​ករណី​បង្កើត​តំបន់​អបគមន៍​នេះ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ក្រៅ​ប្រទេស​មក​ថា ការ​ជំនុំជម្រះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ឡើង​មិន​បាន​ផ្អែក​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​ពិត​ប្រាកដ​ឡើយ។
លោក ចាន់ សុវ៉េត៖ «យើង​ឃើញ​ថា តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ​លោក​ជំនុំជម្រះ​ក្តី​រឿង​នេះ​ហាក់​បី​ដូច​ជា​មិន​មែន​ជំនុំជម្រះ​របៀប​យក​ច្បាប់​មក​អនុវត្ត​ឲ្យ​បាន​ពេញលេញ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​យុត្តិធម៌​នោះ​ទេ គឺ​ការ​កាត់​សេចក្ដី​បែប​នេះ គឺ​របៀប​លើក​យក​ហេតុផល​នយោបាយ​យក​មក​ជំនុំជម្រះ​ជា​ជាង​ការ​ប្រើប្រាស់​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​បដិសេធ​ថា ពិត​ជា​គ្មាន​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ទៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ជុំវិញ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នោះ​ឡើយ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា មាន​តែ​មេធាវី​ការពារ​ក្តី​របស់​លោក ម៉ម សូណង់ដូ ប៉ុណ្ណោះ ដែល​អាច​និយាយ​ថា ការ​កាត់​ក្តី​នេះ​ធ្វើ​ឡើង​ដោយ​សម​ហេតុ​សម​ផល ឬ​យ៉ាង​ណា​នោះ៖ «នៅ​ក្នុង​សំដី​ហ្នឹង គួរ​តែ​ជា​សំដី​របស់​មេធាវី​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​និយាយ ដោយសារ​ភាសា​ផ្លូវការ គឺ​ត្រូវ​តែ​ចេញ​ពី​ពាក្យ​មេធាវី​របស់​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​និយាយ មិន​មែន​សម្រាប់​អ្នក​នយោបាយ មិន​មែន​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​អ្នក​ដទៃ​ទៀត​ក្រៅ​ពី​អ្នក​ឯកទេស​ក្នុង​ជំនាញ​ច្បាប់»
លោក សុក សំអឿន មេធាវី​ការពារ​ក្តី​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១ ខែ​តុលា បដិសេធ​មិន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​សម្រេច​សាលក្រម​របស់​តុលាការ​នោះ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ គឺ​អាស្រ័យ​ទៅ​លើ​ជន​ជាប់​ចោទ​ដោយ​ខ្លួន​ឯង​វិនិច្ឆ័យ​ប៉ុណ្ណោះ។
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កាលៈទេសៈ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​យ៉ាង​ល្អិតល្អន់​ក្នុង​មូលហេតុ​នយោបាយ​ច្រើន​ជាង​ក្នុង​ករណី​បទ​ចោទ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ នោះ​ទៅ​ទៀត។
លោក ឡៅ ម៉ុងហៃ៖ «ចំពោះ​ខ្ញុំ គ្មាន​អ្វី​ដែល​ភ្ញាក់ផ្អើល​អី​ទេ អា​ហ្នឹង​តែ​កាល​ណា​គេ​ចាប់​ហើយ ករណី​អ៊ីចឹងៗ​គេ​មិន​ឲ្យ​រួច​ខ្លួន​ទេ។ អា​របៀប​កាត់​ទោស​ប្រញិបប្រញាប់​ហ្នឹង ហើយ​រឿង​នេះ​រឿង​ធំ ពាក់ព័ន្ធ​នឹង​មនុស្ស​ច្រើន ហើយ​ដូច​ជា​រយៈពេល​ពី​ការ​ចាប់​ខ្លួន​មក​ការ​កាត់​ទោស​ដូច​ឆាប់​ដែរ​បាទ! មួយ​ទៀត សាមីខ្លួន​លោក ម៉ម សូណង់ដូ ហ្នឹង មាន​ការ​ទិតៀន​ដល់​រដ្ឋាភិបាល​ហ្នឹង​រាប់​ឆ្នាំ​ហើយ ដូចជា​មាន​ផ្នែក​នៃ​គំនុំ​ហ្នឹង​មួយ​ផ្នែក​ផង​ដែរ»
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សំរាប់​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​រដ្ឋាភិបាល។ កាល​ពី​ឆ្នាំ​២០០៣ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​នាំ​អោយ​មាន​បាតុកម្ម​មហាជន​វាយ​កម្ទេច​ស្ថានទូត​ថៃ។ នៅ​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​ទៀត​ពី​បទ​បរិហារកេរ្តិ៍ ញុះញង់ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​លោក​ផ្សាយ​បទសម្ភាសន៍​ស្ដីពី​បញ្ហា​ព្រំដែន​វៀតណាម-​កម្ពុជា ជាមួយ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភរិយា​របស់​លោក ម៉ម សូណង់ដូ អ្នកស្រី ឌិន សុផាណារ៉ា បាន​ហៅ​ការ​កាត់​ទោស​ស្វាមី​អ្នកស្រី​ឲ្យ​ជាប់​គុក​ចំនួន ២០​ឆ្នាំ​នោះ ថា​ជា​អំពើ​អយុត្តិធម៌ ហើយ​អ្នកស្រី​ប្រកាស​ថា នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត៕

No comments:

Post a Comment

yes